(ភ្នំពេញ)៖ លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា ប្រទេសចិនគាំទ្រភាពស្របច្បាប់របស់កម្ពុជាជានិច្ច ហើយចិនក៏នឹងជួយកម្ពុជាប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងពីខាងក្រៅ។ បន្ថែមពីនេះ ចិននឹងជួយផ្សព្វផ្សាយពីកម្ពុជា ដើម្បីនាំអ្នកទេសចរណ៍ចិន មកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។
លោក វ៉ាង វិនពីន បានបញ្ជាក់បែបនេះនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ខណៈលោកអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពញ។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានលើកឡើងពីប្រវត្តិនៃការកកើតរបស់រាជធានីភ្នំពេញ និងស្ថានភាពបច្ចុប្បន្ន ដែលរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយអ្វីដែលសំខាន់នោះ គឺកម្ពុជាមានសន្តិភាពពេញលេញ។
លោកថា ក្រោមការចង្អុលណែនាំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឲ្យមានផ្លូវថ្មើជើង (Walk Street) ហើយផ្លូវនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ជាមួយនឹងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសារផងដែរ។
លោក ឃួង ស្រេង បានបន្តទៀតថា ប្រទេសកម្ពុជាទទួលបានការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីមិត្តចិន ដោយរាជធានីភ្នំពេញ បានស្ថាបនាផ្លូវខ្សែក្រវ៉ាត់ទី៣ របស់រាជធានីភ្នំពេញ ដែលជាជំនួយរបស់មហាមិត្តចិន។ យើងដាក់ប្រសិទ្ធិនាមផ្លូវនេះជាមហាវិថី ស៊ី ជីនពីង។ ផ្លូវខ្សែក្រវ៉ាត់ទីក្រុងទី៣នេះ កាត់បន្ថយបានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារតែរថយន្តមួយចំនួន ត្រូវបានវៀងទៅលើកំណត់ផ្លូវមួយខ្សែនេះ។ ចំណែកថ្នាក់ជាតិវិញ មិត្តចិនក៏បានជួយយ៉ាងច្រើនផងដែរ ជាក់ស្តែងដូចជា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោជាដើម។
លោកបានបញ្ជាក់ថា កម្ពុជាបានប្រកាន់ភ្ជាប់នៅគោលនយោបាយចិនតែមួយ ជាទំនាក់ទំនងដែកថែប តាមរយៈទំនាក់ទំនងដ៏ល្អនេះ រាជធានីភ្នំពេញបានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជាច្រើនរបស់ចិន ដើម្បីជួយគ្នាទៅវិញទៅមក ដកស្រង់បទពិសោធន៍ក្នុងការអភិវឌ្ឍន៍ទីក្រុងឲ្យមានការអភិវឌ្ឍរីកចម្រើន។ ចំពោះការងារសន្តិសុខសុវត្ថិភាព នៅរាជធានីភ្នំពេញ យើងរក្សាបាននូវសន្តិសុខវត្ថិភាពយ៉ាងល្អ មិនថា កិច្ចការពារសន្តិសុខជូនពលរដ្ឋចិន ក៏ដូចជាស្ថានទូតចិននោះទេ។
លោក ឃួង ស្រេង បានបន្តថា <<ចិនគឺជាមិត្តល្អមានទំនាក់ទំនងល្អ នៅពេលដែលកម្ពុជា មានបញ្ហាអ្វីមួយចិនតែងតែជួយកម្ពុជាជានិច្ច ជាក់ស្ដែងនៅក្នុងអំឡុងកូវីដ១៩ ចិនបានជួយបាក់សាំងមកកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ឆ្នាំនេះជាឆ្នាំទេសចរណ៍ សូមឲ្យចិនជួយផ្សព្វផ្សាយពីកម្ពុជាឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទេសចរណ៍នៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត>>។
លោក វ៉ាង វិនពីន បានក្នុងឱកាសនោះ បានថ្លែងនូវការអរគុណ ចំពោះការយកចិត្តទុកដាក់មើលថែ ប្រជាពលរចិន ដែលបានមករកស៊ី និងបំពេញការងារនៅភ្នំពេញ ពិសេសនោះ គឺរក្សាបាននៅសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ សំរាប់ទីតាំងស្ថានទូតចិនប្រចាំនៅកម្ពុជា ពិសេសថែមទៀតនោះ សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរភ្នំពេញ បានរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អបំផុត នៅពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
សកម្មភាព នៃការយកចិត្តទុកដាក់ពីសំណាក់កងកម្លាំង និងអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ ដែលមកទទួលប្រធានាធិបតីចិនគឺពិតជាបានបង្ហាញឲ្យឃើញ ពីទំនាក់ទំនងរវាងកម្ពុជា និងចិនគឺជាទំនាក់ទំនងមិនធម្មតា តែជាទំនាក់ទំនងពិសេស។ តាមរយៈទំនាក់ទំនងដ៏ល្អនេះ លោកចង់បង្កើតឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតទៅលើវិស័យកសិកម្ម ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវ ជនជាតិចិនឲ្យមកទេសចរណ៍ នៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។
លោក វ៉ាង វិនពីន សូមអរគុណកម្ពុជាដែលបានប្រកាន់ភ្ជាប់នៅគោលនយោបាយចិនតែមួយ ហើយឆ្នាំនេះគឺជាឆ្នាំទី៦៧ នៃទំនាក់ទំនងការទូតចិន-កម្ពុជា៕