ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យមានការអនុគ្រោះ «កុំគិតកន្ទុយ ឬយកម្រៃសេវាបន្ថែម ចំពោះអ្នកប្រើប្រាស់ប្រាក់រៀល»

Posted By: RoogRog Robot | 30-Apr-2025 16:21:06

2025-04-30 04:18pm

(តាកែវ)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបន្ដអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ <<កុំឲ្យមានការគិតកន្ទុយ ឬយកកម្រៃសេវាបន្ថែម ខុសពីអត្រាប្តូរប្រាក់>> ចំពោះបងប្អូនប្រជាពលរដ្ឋ​ដែលប្រើប្រាស់ប្រាក់រៀល ព្រោះការជួយសម្រួលបែបនេះ ជាយន្ដការមួយក្នុងការរួមចំណែកលើកកម្ពស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយ។

ការលើកឡើងរបស់លោក យឹម លាត ធ្វើឡើងក្នុងឱកាសលោកអញ្ជើញជូលរួមសិក្ខាសាលាស្ដីពី <<ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចហ្សូអរ>> រៀបចំឡើងក្នុងខេត្តតាកែវ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនោះលោក យឹម លាត បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តចូលរួមប្រើប្រាស់ប្រាក់រៀល ឱ្យបានកាន់តែទូលំទូលាយ ទាំងការទូទាត់ជាប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជាប្រាក់រៀល និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់ការអនុគ្រោះឱ្យបានកាន់តែច្រើន ចំពោះការប្រើប្រាស់ប្រាក់រៀលរបស់ជាតិយើងទាំងអស់គ្នា ដោយសូមកុំគិតកន្ទុយ ឬយកកម្រៃសេវាបន្ថែម សម្រាប់អ្នកប្រើប្រាស់ ប្រាក់រៀល។

លោក យឹម លាត បានថ្លែងឲ្យដឹងថា <<ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នា២០០០មក ក្នុងគោលដៅលើកកម្ពស់ការ ប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ជាលទ្ធផល និន្នាការនៃការប្រើប្រាស់ប្រាក់រៀល ក៏មានការកើនឡើងជាលំដាប់ផងដែរ>>។

លោកបានបន​្ដថា ក្នុងស្មារតីរួមគ្នាលើកកម្ពស់ប្រាក់រៀល ថ្មីៗនេះធនាគារជាតិនៃកម្ពុជា បាននិងកំពុងសិក្សាស្រាវជ្រាវជាមួយ រដ្ឋសភាកម្ពុជា ស្តីពីតួនាទីរបស់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់ប្រាក់រៀល លទ្ធផលបឋមបានបង្ហាញថា ការប្រើប្រាស់ប្រាកដុល្លារអាមេរិក នឹងមិនងាយថយចុះនោះទេ ប្រសិនបើមិនមានការចូលរួមជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានស្រុះគ្នា ពីគ្រប់ភាគីទាំងអស់ ពីព្រោះប្រាក់ដុល្លារអាមេរិកត្រូវបានប្រើប្រាស់យ៉ាងច្រើន នៅស្ទើរគ្រប់វិស័យទាំងអស់ ដែលបានបង្កើតជាបណ្តាញនៃការប្រើ ប្រាស់ប្រាក់ដុល្លារយ៉ាងរឹងមាំ។

លោកបានបញ្ជាក់ថា <<ដូច្នេះការចូលរួម និងកិច្ចសហការក្នុងចំណោមក្រសួង-ស្ថាប័នទាំងអស់ មានភាពចាំបាច់ ក្នុងការជំរុញ ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការបើកប្រាក់ខែ ការកំណត់ថ្លៃ និងដាក់តាំងស្លាកតម្លៃទំនិញ និងសេវា ការជំរុញការប្រើប្រាស់ប្រាក់រៀលជារូបិយប័ណ្ណចម្បង នៅក្នុងការកត់ត្រាបញ្ជីគណនេយ្យ និងការតាមដានវឌ្ឍនភាព នៃការប្រើប្រាស់ប្រាក់រៀល នៅតាមវិស័យនីមួយៗជាដើម>>៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...