មេផ្សារហ៊ុន៖ សង្រ្គាមពាណិជ្ជកម្ម មិនបានប៉ះពាល់ដល់ទីផ្សារហ៊ុនកម្ពុជានោះទេ ខណៈការជួញដូរស្ថិតក្នុងរង្វង់១០ម៉ឺនដុល្លារក្នុងមួយថ្ងៃ (Video inside)

Posted By: RoogRog Robot | 30-Apr-2025 19:47:06

2025-04-30 07:42pm

(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ប្រកាសដំឡើងពន្ធ ដែលនាំឱ្យកើតមានសង្រ្គាមពាណិជ្ជកម្ម បានធ្វើឱ្យរង្គោះរង្គើដល់ទីផ្សារភាគហ៊ុននៅលើពិភពលោក ក៏ដូចជាប្រទេសវៀតណាមដែលជាប្រទេសជិតខាងកម្ពុជា ប៉ុន្តែហាក់មិនបានប៉ះពាល់ខ្លាំងដល់ទីផ្សារហ៊ុនកម្ពុជានោះទេ។

លោកគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងវេកាក្រុមហ៊ុនចុះបញ្ជី ស្តីពី<<វឌ្ឍនភាពរបស់ក្រុមហ៊ុន ហ្រ្គេនធ្វីន អ៊ីនធើណេសិនណល (GTI)>>នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ។

លោក ហុង សុហួរ បានបញ្ជាក់ថា ការមិនផ្តល់ផលប៉ះពាល់នេះ ដោយសារតែស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុនចុះបញ្ជី មិនទាន់រងផលប៉ះពាល់ ស្របពេលដែលទីផ្សារភាគហ៊ុននៅកម្ពុជា នៅមានទំហំតូចនៅឡើយ។

បើតាមលោក ហុង សុហួរ ក្នុងរយៈពេល៤ខែដំបូង នៃឆ្នាំ២០២៥នេះ ការជួញដូរប្រចាំថ្ងៃក្នុងទីផ្សារភាគហ៊ុន ក្នុងរង្វង់ជាមធ្យម១០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ។

ជាមួយគ្នានេះ លោកលើកឡើងថា ក្នុងឆ្នាំ២០២៤ ត្បិតតែថាជាឆ្នាំដែលពិភពលោកទាំងមូលជួបរឿងលំបាកពិតមែន ដោយមានវិបត្តិ និងបញ្ហាប្រឈម ក្នុងវិស័យហិរញ្ញវត្ថុជាសកល ប៉ុន្តែដំណើរការនៃផ្សារមូលបត្រ គឺមានដំណើរការជាប្រក្រតី ទោះបីជាប្រឈមនឹងការនៃការធ្លាក់ចុះនៃការជួញដូរខ្លះ ប៉ុន្តែនៅតែមានដំណើរការល្អប្រសើរ និងមានការចូល រួមច្រើនជាងមុន។ នេះបង្ហាញថា អ្នកស្គាល់ផ្សារមូលបត្រកម្ពុជា និងមានជំនឿទុកចិត្តលើវិស័យមូលបត្រ និងការយល់ដឹងពីក្រុមហ៊ុន និងសាធារណជនលើវិស័យនេះ មានការកើនឡើងគួរឲ្យកត់សំគាល់។

លោកបន្ថែមថា <<ឆ្នាំ២០២៥ នេះ យើងនឹងមានអ្វីថ្មីៗ ជាច្រើន សម្រាប់វិនិយោគិនបន្ថែមទៀត>>។

សូមជម្រាបថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុន២៥ ដែលបានចុះបញ្ជីលក់មូលបត្រ ក្នុងមូលបត្រកម្មសិទ្ធិមានចំនួន១១ក្រុមហ៊ុន និងមូលបត្របំណុល មានចំនួន១៤ក្រុមហ៊ុន ប្រមូលសាច់ប្រាក់សរុបពី ទីផ្សារចំនួនប្រមាណជា ៥៣៩ លានដុល្លារ។

គិតមកត្រឹមបច្ចុប្បន្ននេះ គណនីជួញដូរនៅក្នុងទីផ្សារសរុបប្រមាណជាង៦ម៉ឺនគណនី ដែលរំពឹងថារហូត ដល់ដំណាច់ឆ្នាំ ២០២៥ ចំនួនគណនីនឹងកើនដល់ជិត ៧ម៉ឺនគណនី៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...