(មូស្គូ)៖ ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង បានចាប់ផ្តើមការសាងសង់ស្ពានផ្លូវថ្នល់មួយ នៅថ្ងៃពុធ ទី៣០ ខែមេសា ដើម្បីតភ្ជាប់ប្រទេសទាំងពីរ ដោយលាតសន្ធឹងឆ្លងកាត់ទន្លេ Tumen ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ។ នេះបើតាមការថ្លែងរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងពិធីសម្ពោធការដ្ឋានសាងសង់ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានហៅព្រឹត្តិការណ៍នេះថាជា <<ព្រឹត្តិការណ៍ដ៏សំខាន់>> នៅក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើង។ លោកបានថ្លែងថា សារៈសំខាន់របស់វាគឺ <<លើសពីភារកិច្ចវិស្វកម្ម>> ព្រោះវាជា <<និមិត្តរូបនៃបំណងប្រាថ្នារួមរបស់យើង ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព អ្នកជិតខាងល្អ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរតំបន់>>។ ទីភ្នាក់ងារ TASS បានរាយការណ៍ថា ស្ពាននេះត្រូវបានសាងសង់នៅជិត <<ស្ពានមិត្តភាព>> ដែលជាស្ពានរថភ្លើងមានស្រាប់សាងសង់តាំងពីឆ្នាំ ១៩៥៩។
ស្ពានផ្លូវថ្នល់ថ្មីនេះ ដែលស្ថិតក្រោមការពិភាក្សាអស់ជាច្រើនឆ្នាំ នឹងមានប្រវែង ៨៥០ម៉ែត្រ និងតភ្ជាប់ទៅប្រព័ន្ធផ្លូវជាតិរបស់រុស្ស៊ី។ ការសាងសង់ស្ពាននេះ ត្រូវបានយល់ព្រមក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ ២០២៤។ កាសែត Kommersant របស់រុស្ស៊ីបានរាយការណ៍ថា ស្ពាននេះរំពឹងថានឹងសាងសង់រួចរាល់នៅរដូវក្តៅ ឆ្នាំ ២០២៦។
លោក Mishustin បានបន្ថែមថា ស្ពាននេះនឹងអនុញ្ញាតឲ្យសហគ្រិនបង្កើនបរិមាណដឹកជញ្ជូនទំនិញបានយ៉ាងច្រើន និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ព្រមទាំងធានាការផ្គត់ផ្គង់ផលិតផលផ្សេងៗឲ្យមានស្ថិរភាព ដែលនឹងរួមចំណែកដល់ការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ការចាប់ផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ កើតឡើងស្របពេលដែលរុស្ស៊ី និងកូរ៉េខាងជើង កំពុងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យយ៉ាងខ្លាំងក្លា៕