ផ្លូវក្រាលក្រួសប្រវែងជាង១១ គីឡូម៉ែត្រ នៅក្នុងស្រុកប្រាសាទសំបូរ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ

Posted By: RoogRog Robot | 30-Apr-2025 19:58:36

2025-04-30 07:49pm

(កំពង់ធំ)៖ ផ្លូវជនបទក្រាលក្រួសស្តារឡើងវិញ ប្រវែងជាង ១១ គីឡូម៉ែត្រ នៅក្នុងស្រុកប្រាសាទសំបូរ ដែលសាងសង់ឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុង លើកកម្ពស់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុង និងផ្តល់នូវគមនាគមន៍ដឹកជញ្ជូនល្អប្រសើរ។

ក្នុងឱកាសចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន១ខ្សែ ប្រវែងជាង ១១ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិកំពង់ឈើទាល ឃុំសំបូរណ៍ ទៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមកែលម្អ នៃលក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទ តាមរយៈការស្តារ ការស្ថាបនា និងថែទាំផ្លូវនៅតាមជនបទ ដើម្បីលើកកម្ពស់ដល់ ជីវភាពរស់នៅរបស់ប្រជាជន មានផ្លូវល្អជួយសម្រួលដល់ការធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។

ជាមួយគ្នានេះ លោកបានកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ក្នុងការស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ប្រកបដោយគុណភាព ព្រោះបញ្ហានេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់ទុកផ្លូវជនបទមានសារៈសំខាន់បំផុត ក្នុងការជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច។ ជាក់ស្តែងផ្លូវជនបទមួយខ្សែនេះ មិនត្រឹម សម្រាប់ការធ្វើដំណើរប៉ុណ្ណោះទេ គឺបានកំពុងសម្រួលដល់ការធ្វើកសិកម្មររបស់កសិករនៅមូលដ្ឋាននេះ តាមរយៈការដឹកជញ្ជូនសម្ភារៈ កសិកម្ម ផលិតកម្មបម្រើដល់វិស័យកសិកម្ម និងការដឹកជញ្ជូនកសិផលផ្សេងៗជាដើម ដោយសារប្រជាជននៅទីនោះភាគច្រើន គឺធ្វើស្រែ និងការដាំដុះដំណាំរួមផ្សំតិចតួច។

លោកបន្ថែមថា <<នេះគឺជាការលើកកម្ពស់ផលិតភាពដល់កសិករ ជំរុញដល់ការធ្វើកសិកម្មឱ្យកាន់តែប្រសើរ សំដៅដល់ការចូលរួមជាមួយរាជរដ្ឋាភិបាល ពង្រឹងដល់ការផ្គត់ផ្គង់សន្តិសុខស្បៀង និងជំរុញដល់ទីផ្សារនាំចេញរបស់កម្ពុជាផងដែរ>>។

ក្នុងជំនួបសំណេះសំណាលជាអាជ្ញាធរ និងប្រជាពលរដ្ឋ លោក ផូ ផារិទ្ធ បានលើកឡើងពីគុណបំណាច់របស់ រដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី, សម្តេចទាំងទ្វេបានខិតខំប្រឹងប្រែង យ៉ាងខ្លាំង ដើម្បីជំរុញការអភិឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ក្នុងនោះសម្រាប់ផ្លូវជនបទ ដែលស្ថិតនៅក្រោមក្របខណ្ឌរបស់ក្រសួង អភិវឌ្ឍន៍ជនបទ គឺជាផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះបាន។

គិតមកដល់បច្ចុប្បន្ន ក្រសួងបានស្ថាបនា ស្តារ និងកែលម្អផ្លូវជនបទ មានប្រវែងសរុបជាង៥ម៉ឺនគីឡូម៉ែត្រ ស្ថិតក្រោមថវិកាវិនិយោគផ្ទាល់របស់រាជរដ្ឋាភិបាល ដោយមិនមែនជាថវិកាបានពី អង្គការ សហគមន៍ ឬដៃគូរណាមួយនោះឡើយ។ បញ្ហានេះសូមឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ សូមចូលរួមថែទាំផ្លូវ និងសំណង់សិល្បការ្យផ្សេងៗឲ្យបានល្អប្រសើរ និងកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះចរាចរលើផ្លូវនេះ ធ្វើយ៉ាងរក្សាគុណភាព ផ្លូវឱ្យបានគង់វង្សយូរអង្វែង សម្រាប់បម្រើដល់អត្ថប្រយោជន៍ទាំងអស់គ្នា៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...