(ភ្នំពេញ)៖ លោក ឆាត់ សុភាព នាយកប្រចាំប្រទេស អង្គការវ័តធឺអេតកម្ពុជា បានឱ្យដឹងថា គម្រោងពន្លឿនលទ្ធភាពទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅតាមគ្រួសារ អនុវត្តដោយអង្គការវ័តធឺអេតកម្ពុជា ដែលមានការគាំទ្រដោយវិស័យឯកជននានា បានជួយឱ្យប្រជាជនក្នុងតំបន់គោលដៅរបស់គម្រោង មានលទ្ធភាពទទួលសេវាតភ្ជាប់ទឹកស្អាតតាមផ្ទះយ៉ាងឆាប់រហ័ស ស្របតាមផែនការគម្រោង ។
លោកបន្ថែមថា ជាក់ស្តែងការគាំទ្រជំនួយថវិកាទឹកស្អាតពីវិស័យឯកជនបានរួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញបន្ថែមលើសកម្មភាពការងារលើកកម្ពស់ទឹកស្អាតជនបទ ដែលភាគីពាក់ព័ន្ធកំពុងអនុវត្ត ព្រមទាំងចូលរួមពង្រឹងសមត្ថភាពដល់អាជ្ញាធរក្នុងតំបន់គោលដៅនៃគម្រោង តាមរយៈការបណ្តុះបណ្តាលថ្នាក់ដឹកនាំមូលដ្ឋានអំពីការងារលើកកម្ពស់ទឹកស្អាត និងអនាម័យ។
លោក ឆាត់ សុភាព បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសដែលអង្គការវ័តធឺអេតកម្ពុជា ទទួលបានជំនួយថវិកាពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីកា ដែលប្រគល់ដោយលោក ហ៊ង វុទ្ធី អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីកាកម្ពុជា សម្រាប់គាំទ្រសកម្មភាពលើកកម្ពស់វិស័យទឹកស្អាតនៅតាមទីជនបទបន្ថែមទៀត។
លោកនាយកអង្គការវ័តធឺអេត បានបញ្ជាក់បន្ថែមថា ផ្អែកតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា បច្ចុប្បន្នប្រជាជនប្រមាណជា ២,២ពាន់លាននាក់ពុំទាន់ទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃពេញលេញ។ ដោឡែកកម្ពុជាមានប្រជាជន ៣,៧លាននាក់ពុំទាន់មានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ដែលមានន័យថា មនុស្សម្នាក់ក្នុងចំណោមប្រាំនាក់មានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ហើយប្រជាជន ៣,៩ លាននាក់រស់នៅក្នុងបរិស្ថានមិនល្អដោយរស់នៅគ្មានអនាម័យ ។ ជាមួយគ្នានេះកុមារអាយុក្រោមប្រាំឆ្នាំប្រមាណជាង ៥០០នាក់បានស្លាប់ដោយសារជំងឺរាគរូសបង្កឡើងដោយកង្វះទឹកស្អាត និងគ្មានបង្គន់អនាម័យប្រើប្រាស់តាមគ្រួសារ។
លោក ឆាត់ សុភាព បានបន្តថា ទោះបីភាគីពាក់ព័ន្ធក្នុងវិស័យទឹកស្អាតនៅកម្ពុជាកំពុងខិតខំជំរុញឱ្យវិស័យនេះ សម្រេចលទ្ធផលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) និងគោលនយោបាយរបស់ រដ្ឋាភិបាល ក៏វិស័យទឹកស្អាតជួបឧបសគ្គជាច្រើនត្រូវដោះស្រាយ ។ ឧបសគ្គទាំងនោះ មានដូចជា ប្រភពថវិកាគាំទ្រដល់វិស័យទឹកស្អាតនៅមានកម្រិត ភូមិសាស្ត្រមិនអំណោយផលដល់ ការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ការយល់ដឹងរបស់ប្រជាជន និងការចូលរួមពីវិស័យឯកជននៅតិចតួចនៅឡើយ។
យើងពិតជារីករាយ និងសាទរយ៉ាងក្រៃលែងចំពោះគ្រួសារប្រជាជនដែលទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់តាមបំពង់ទុយោ។ អ្វីដែលយើងធ្វើបាននៅថ្ងៃនេះ គឺរួមគ្នាបង្កើតស្នាមញញឹមដល់ប្រជាជន និងកសាងសហគមន៍មួយដែលមានទឹកស្អាតប្រើប្រាស់ពេញលេញនៅតាមគ្រួសារ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ។
សូមជម្រាបថា គោលបំណងរួមដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា ចាប់ដៃគូជាមួយអង្គការវ័តធឺអេត កម្ពុជា តាមរយៈការផ្តល់ហិរញ្ញវត្ថុគាំទ្រសេវាទឹកស្អាត និងអនាម័យ គឺចង់ចូលរួមលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា និងចង់ឃើញប្រជាជនមានលទ្ធភាពកាន់តែទូលាយ ដើម្បីទទួលបានសេវាទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕