ជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យានៅកម្ពុជា

Posted By: RoogRog Robot | 30-Apr-2025 12:27:58

2025-04-30 12:20pm

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក CHEN Simon ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនោះ លោកប្រធានក្រុមប្រឹក្សាភិបាល​បានគោរព​ជម្រាបសម្តេចមហាបវរធិបតីដោយសង្ខេបអំពីក្រុមហ៊ុន ADATA Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ មានអាយុកាលជាង ៥៣ឆ្នាំ។ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន៥ ដែល​បានចុះបញ្ជីនៅផ្សារភាគហ៊ុននៅកោះតៃវ៉ាន់ និងហុងកុង ព្រមទាំង​មាន​ការិយាល័យតំណាងជាង៤០ ដែលកំពុងប្រតិបត្តិការ​អាជីវកម្ម​នៅ​បណ្តាប្រទេសនានាជុំវិញពិភពលោក។

ក្រុមហ៊ុន ADATA Technology Co., Ltd. មានជំនាញផ្នែក​គ្រឿង​អេឡិចត្រូនិក, រ៉ូបូត​,​ កុំព្យូទ័រ​, បច្ចេកវិទ្យាជីវមាត្រ (Biometrics) និងយានយន្ត។ លោកប្រធានបានបន្តថា នេះ​ជាដំណើរទស្សនកិច្ចលើកទី៤របស់លោក មកកាន់ប្រទេសកម្ពុជា ហើយក្រុមហ៊ុនមានចំណាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យបច្ចេកវិទ្យាទំនើប។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នរបស់កម្ពុជា ដើម្បីបណ្តុះបណ្តាល និងកសាងធនធានមនុស្ស​ ផ្នែកបច្ចេកវិទ្យាទំនើបផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការ​ស្វាគមន៍​ចំពោះ​គណៈប្រតិភូរបស់ក្រុមហ៊ុនដែលបានមកបំពេញទស្សនកិច្ច និងចាប់​អារម្មណ៍វិនិយោគនៅកម្ពុជា។ សម្តេចមហាបវរធិបតី​ បានវាយតម្លៃ​ខ្ពស់ចំពោះភាពរីកចម្រើនរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ និង​ឈានមុខគេខាងវិស័យបច្ចេកវិទ្យាទំនើប។

សម្តេចមហា​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា​​ ការអភិវឌ្ឍវិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ សម្តេចមហា​បវរធិបតី បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការចាំបាច់​នា​នារបស់​រាជរដ្ឋាភិបាល​ ក្នុងការគាំទ្រដល់បរិស្ថានវិនិយោគ​នៅ​កម្ពុជា រួមមាន៖ ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ការ​ដាក់ចេញវិធានការចាំបាច់ និងការកែសម្រួលនីតិវិធីពាក់ព័ន្ធនឹងការ​វិនិ​យោគ ព្រមទាំងការដាក់ចេញនូវកញ្ចប់វិធានការលើកទឹក​ចិត្តសម្រាប់​វិនិយោគិន ជាពិសេសការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់។ ទន្ទឹមនេះ សម្តេចមហាបវរធិបតីបានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះ​បំណងរបស់ក្រុមហ៊ុនក្នុងការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យបច្ចេកវិទ្យាទំនើបនៅ​កម្ពុជា។

សម្តេចមហាបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តភ្ជាប់​ទំនាក់​ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកកាលា​នុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...