CSX: វេទិកាក្រុមហ៊ុនចុះបញ្ជី ផ្តល់នូវទំនុកចិត្ត និងជំរុញឱ្យវិនិយោគិន សម្រេចចិត្តបានកាន់តែល្អប្រសើរ ក្នុងការវិនិយោគទៅលើភាគហ៊ុន

Posted By: RoogRog Robot | 30-Apr-2025 16:01:39

2025-04-30 02:58pm

(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា (CSX) ក្រោមកិច្ចសហការគាំទ្រពីក្រុមហ៊ុន Grand Twins International Cambodia (GTI) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជី ដើម្បីបន្ថែមចំណេះដឹង និងព័ត៌មានល្អៗ ជូនវិនិយោគិនដែលធ្វើឱ្យវិនិយោគិនកាន់តែមានទំនុកចិត្ត និងអាចធ្វើការសម្រេចចិត្តវិនិយោគដោយខ្លួនឯងបាន។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា ការរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីនេះ នឹងធ្វើឱ្យវិនិយោគិន អាចសម្រេចចិត្តបានកាន់តែល្អប្រសើរ ក្នុងការវិនិយោគទៅលើភាគហ៊ុន ពិសេសគឺការវិនិយោគរយៈពេលវែង។

លោកបន្ថែមថា <<ប្រសិនបើវិនិយោគិនមិនយល់ច្បាស់ ពីដំណើរការអាជីវកម្មក្រុមហ៊ុន ស្ថានភាពអាជីវកម្ម ស្ថានភាព នៃការស្វែងរកប្រាក់ចំណេញ និងទិសដៅអនាគតរបស់ក្រុមហ៊ុន នោះពួកគាត់មិនអាចវិនិយោគ ក្នុងទំហំទឹកប្រាក់ធំ ប្រកបដោយទំនុកចិត្តបានឡើយ។ ដូចនេះកម្មវិធីនាថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់វិនិយោគិនគ្រប់រូប ហើយយើងនឹងបន្តធ្វើនៅតាមក្រុមហ៊ុនចុះបញ្ជីផ្សេងៗទៀតផងដែរ ដើម្បីជាប្រយោជន៍សម្រាប់វិនិយោគិនរបស់យើង>>។

លោកបន្ថែមថា តាមរយៈកម្មវិធីនេះ វិនិយោគិន នឹងកាន់តែមានទំនុកចិត្តមកកាន់ក្រុមហ៊ុនចុះបញ្ជី តាមរយៈជំនួបផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីស្វែងយល់ពីស្ថានភាពអាជីវកម្ម ស្ថានភាពហិរញ្ញវត្ថុ ទិសដៅអភិវឌ្ឍក្រុមហ៊ុន ក៏ដូចជាបញ្ហាប្រឈមនានា។

គិតត្រឹមដំណាច់ឆ្នាំ២០២៤ ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុន២៥ ដែលបានចុះបញ្ជីលក់មូលបត្រ ក្នុងមូលបត្រកម្មសិទ្ធិមានចំនួន១១ក្រុមហ៊ុន និងមូលបត្របំណុល មានចំនួន១៤ក្រុមហ៊ុន ប្រមូលសាច់ប្រាក់សរុបពី ទីផ្សារចំនួនប្រមាណជា ៥៣៩ លានដុល្លារ។

គិតមកត្រឹមបច្ចុប្បន្ននេះ គណនីជួញដូរនៅក្នុងទីផ្សារសរុបប្រមាណជាង ៦ម៉ឺនគណនី ដែលរំពឹងថារហូតដល់ដំណាច់ឆ្នាំ ២០២៥ ចំនួនគណនីនឹងកើនដល់ជិត ៧ម៉ឺនគណនី៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...