(សេអ៊ូល)៖ នៅថ្ងៃពុធ ទី៣០ ខែមេសា ក្រុមសមាជិកសភាកូរ៉េខាងត្បូង បាននិយាយថា ផ្អែកតាមទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងផ្ទាល់ ទាហានកូរ៉េខាងជើងប្រហែល៦០០នាក់បានស្លាប់ អំឡុងពេលជួយរុស្ស៉ីប្រយុទ្ធជាមួយអ៊ុយក្រែន ក្នុងចំណោមទាហានសរុប១៥ ០០០នាក់ ដែលត្រូវបានដាក់ពង្រាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សមាជិកសភាកូរ៉េខាងត្បូងបានបន្តថា មកទល់ពេលនេះ កូរ៉េខាងជើងមានទាហានស្លាប់និងរបួសសរុបខ្ទង់ ៤៧០០នាក់ ប៉ុន្តែទន្ទឹមគ្នា កងទ័ពកូរ៉េខាងជើង ក៏បានបង្ហាញសញ្ញានៃភាពប្រសើរឡើង នូវសមត្ថភាពប្រយុទ្ធផងដែរ ក្នុងរយៈពេលជាង៦ខែ នៃការប្រើប្រាស់សព្វាវុធទំនើបៗ ដូចជាដ្រូនជាដើម។ ពួកគេបានបន្ថែមទៀតថា ជាការតបស្នងសម្រាប់ការបញ្ជូនកងទ័ពនិងអាវុធឱ្យទៅរុស្ស៉ី ទីក្រុងព្យុងយ៉ាងហាក់ទទួលបានមកវិញ នូវជំនួយបច្ចេកទេសស្តីពីផ្កាយរណបស៉ើបការណ៍ ព្រមទាំងដ្រូន និងមីស៉ីលប្រឆាំងយន្តហោះចម្បាំង។
លោក Lee Seong-kweun សមាជិករបស់គណៈកម្មាធិការស៉ើបការណ៍សម្ងាត់នៃសភាកូរ៉េខាងត្បូង បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយទទួលបានរបាយការណ៍ពីទីភ្នាក់ងារចារកម្មថា <<បន្ទាប់ពីរយៈពេល៦ខែនៃការចូលរួមក្នុងសង្រ្គាម យោធាកូរ៉េខាងជើងបានសម្របខ្លួនប្រសើរជាងមុន ហើយសមត្ថភាពប្រយុទ្ធ បានកើនឡើងយ៉ាងកត់សម្គាល់ ក្រោយចេះប្រើអាវុធថ្មីៗ ដូចជាដ្រូនជាដើម>>។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ទីក្រុងព្យុងយ៉ាងនៅទីបំផុត បានទទួលស្គាល់ជាលើកដំបូងថា ខ្លួនពិតជាបានបញ្ជូនកងទ័ពទៅរុស្ស៉ី ដើម្បីជួយទីក្រុងមូស្គូ ប្រយុទ្ធក្នុងសង្រ្គាមជាមួយអ៊ុយក្រែន ក្រោមបញ្ជារបស់លោក គីម ជុងអ៊ុន ផ្ទាល់ ហើយកងទ័ពខ្លួនបានរួមចំណែកសំខាន់ ក្នុងការជួយរុស្ស៉ីដណ្តើមយកមកវិញ នូវទឹកដីក្នុងតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៉ី ដែលអ៊ុយក្រែនបានកាន់កាប់៕