អភិបាលខេត្តពោធិ៍សាត់ អនុញ្ញាតឱ្យគណៈប្រតិភូស្ថានអគ្គកុងស៊ុលថ្មី នៃព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

Posted By: RoogRog Robot | 30-Apr-2025 15:13:08

2025-04-30 03:11pm

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យគណៈប្រតិភូស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប ដឹកនាំដោយ លោក ណារុត សូន្ថរោត្តម (Mr. Narut Soontararodom) អគ្គកុងស៊ុលថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងអំឡុងពេលបេសកកម្ម ៨ខេត្ត។

ជំនួបនេះ ត្រូវបានធ្វើឡើង នៅសាលប្រជុំជាន់ទី២ វីដេអូសិប្បនិម្មិត អគាររដ្ឋបាលខេត្ត ដោយបានការចូលរួមពី លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត, លោក សួង សារ៉ាវុធ នាយករដ្ឋបាលសាលាខេត្ត, លោកនាយករងរដ្ឋបាលសាលាខេត្ត, លោកនាយកទីចាត់ការរដ្ឋបាល, លោកស្រីប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក ណារុត សូន្ថរោត្តម (Mr. Narut Soontararodom) អគ្គកុងស៊ុលថ្មី នៃព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប បានបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែង ដែលរដ្ឋបាលខេត្តពោធិ៍សាត់ បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូរបស់លោក។ លោកបន្តថា បេសកកម្មនៅក្នុងប្រទេសកម្ពុជា ពិសេសខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ចំនួន៨ខេត្ត រួមមាន៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ គឺដើម្បីធ្វើឱ្យមានភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ​យើងទាំងអស់គ្នា។

លោកបានរំលឹកអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសយើងទាំង២ (កម្ពុជា-ថៃ) ដែលជានិច្ចកាលប្រទេសយើងទាំង២ បានបន្តកិច្ចសហប្រតិបត្តិការល្អ និងធ្វើការទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នាទៅវិញទៅមក ក្នុងស្មារតី មិត្តភាព សាមគ្គីភាព និងជាប្រទេសដែលមានភូមិផងរបងជាប់គ្នា។ តាមរយៈការទំទាក់ទំនងល្អ លោកសូមផ្តាំផ្ញើដល់លោកអភិបាលខេត្ត ឱ្យមានការយោគយល់ ក្នុងកម្រិតមួយសមរម្យ ចំពោះក្រុមហ៊ុន និងប្រជាជនថៃ បានចូលមកបណ្តាក់ទុកវិនិយោគ និងធ្វើការ ក្នុងទឹកដីនៃខេត្តពោធិ៍សាត់។ ដោយឡែកចំពោះរូបលោកជាអគ្គកុងស៊ុលថ្មី ក៏បានធ្វើកិច្ចការងារជាច្រើន ដូចជាការសម្របសម្រួលដល់ប្រជាជនខ្មែរ ដែលចេញចូលរកស៊ី និងធ្វើការនៅប្រទេសថៃ ជាពិសេសក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកន្លងមក។

លោកអគ្គកុងស៊ុល ក៏បានជម្រាបជូន និងថ្លែងអញ្ជើញគណៈប្រតិភូខេត្តពោធិ៍សាត់ ចូលរួមកម្មវិធីសម្ពោធស្ថានអគ្គកុងស៊ុលថៃ ប្រចាំខេត្តសៀមរាប ក្នុងពេលឆាប់ៗខាងមុខនេះ ហើយលោកក៏សង្ឃឹមថា វត្តមានរបស់លោកអភិបាលខេត្ត នឹងចូលរួមកម្មវិធីនោះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញទំនាក់ទំនងឱ្យ កាន់តែល្អប្រសើរថែមទៀត។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានគណៈប្រតិភូស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប ដែលអញ្ជើញមកសម្តែងការគួរសម និងទស្សនកិច្ចខេត្តពោធិ៍សាត់ នាឱកាសនេះ។ ជាការពិតណាស់ថា ថ្នាក់ដឹកនាំនៃប្រទេសយើងទាំង២ បានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលបានកសាងឡើងជាមួយនឹងទំនុកចិត្តដ៏ជ្រាលជ្រៅ និងស្មោះត្រង់ ការគោរពគ្នា និងការយោគយល់គ្នា ក្នុងនាមជាមិត្តជិតខាងដ៏ល្អ។ លោកបានជម្រាបជូនថា សម្រាប់ខេត្តពោធិ៍សាត់ និងខេត្តត្រាត ក៏បានបន្តធ្វើកិច្ចសហការប្រតិបត្តិការល្អ ទំនាក់ទំនងជាមិត្តល្អ ជាបងប្អូនល្អ ដើម្បីបុព្វហេតុប្រជាជន នៃប្រទេសយើងទាំង២ (កម្ពុជា-ថៃ)។ ជាមួយគ្នានោះ នាពេលថ្មីៗនេះ ខេត្ត និងខេត្ត ពោលគឺរូបលោក និងអភិបាលខេត្តត្រាត ក៏បានជួបពិភាក្សាគ្នា ដើម្បីជំរុញឱ្យដំណើរការបើកច្រកព្រំដែន <<ច១-ឆាំរ៉ាក>> ឱ្យក្លាយជាច្រកតំបន់ពាណិជ្ជកម្ម និងដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាជន និងអ្នកវិនិយោគប្រទេសទាំង២។

ឆ្លៀងក្នុងឱកាសនោះ លោក ខូយ រីដា ក៏សូមជូនពរ ដល់លោក ណារុត សូន្ថរោត្តម អគ្គកុងស៊ុលថ្មី នៃព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប ព្រមទាំងគណៈប្រតិភូ សូមសម្រេចបានជោគជ័យគ្រប់ភារកិច្ច និងទទួលបានពុទ្ធពរទាំងបួនប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...