Fresh Exclusive: ផែនការញុះញង់បង្កអស្ថិរភាពជាតិ ជាមួយអំពើបោកប្រាស់រកការបរិច្ចាគថវិកា រងបរាជ័យនៅក្រៅប្រទេស! (Video inside)

Posted By: RoogRog Robot | 03-Mar-2025 16:34:35

2025-03-03 04:27pm

(ភ្នំពេញ)៖ ការធ្វើបាតុកម្មមួយរៀបចំឡើងដោយក្រុមជ្រុលនិយមនៅលើទឹកដីកូរ៉េខាងត្បូង បានទទួលបរាជ័យយ៉ាងអាម៉ាស់។ Fresh Exclusive មានបទអត្ថាធិប្បាយស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

រយៈពេលចុងក្រោយជាបន្តបន្ទាប់មកនេះ ក្រុមជ្រុលនិយមដែលរស់នៅក្រៅប្រទេសបានព្យាយាមបន្តអំពើញុះញង់ចលាចល និងគៀងគរប្រជាជនកម្ពុជា ដើម្បីការប្រឆាំងនឹងរាជរដ្ឋាភិបាលរបស់ខ្លួននៅក្នុងស្រុកបើទោះបីជាប្រទេសជាតិ ទទួលបានសុខសន្តិភាព និងវឌ្ឍនភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា អស់រយៈពេល២៦ឆ្នាំកន្លងមកក៏ដោយ។

ការប៉ុនប៉ងចុងក្រោយមួយរបស់ពួកគេ ក្នុងការរៀបចំធ្វើបាតុកម្មមួយនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ដើម្បីការរៃអង្គាសលុយផង និងការចង់ដឹងកម្លាំងគាំទ្ររបស់ខ្លួនផងនោះនៅទីបំផុត បានបង្ហាញថា វាបានប្រែទៅជាបរាជ័យទាំងស្រុង។

យុទ្ធសាស្ត្ររៃអង្គាសប្រាក់របស់បក្ខប្រឆាំង ធ្លាប់ត្រូវបានគេលាតត្រដាងជារឿយៗ នូវអំពើបោកប្រាស់ដ៏ស្មោគគ្រោក ដែលលើធុងរៃអង្គាសប្រាក់ពួកគេបានសរសេរបំភ័ន្ត សុទ្ធតែ ដើម្បីការទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ និងដើម្បីសិទ្ធិមនុស្ស ប៉ុន្តែនៅពីខាងក្រោយខ្នងវិញគឺ ជាអំពើដ៏ខ្មៅកខ្វក់ យកលុយនៃប្រាក់រៃអង្គាសដាក់ក្នុងហៅប៉ៅរបស់ខ្លួនឯងតែប៉ុណ្ណោះ។ នេះគឺជាយុទ្ធសាស្ត្របោកប្រាស់របស់ក្រុមជ្រុលនិយម ដែលចូលចិត្តតែទង្វើ <<និយាយផ្សេងប៉ុន្តែធ្វើផ្សឹង>>។

ភាពបរាជ័យដ៏អាម៉ាស នៅក្នុងការធ្វើបាតុកម្មលើទឹកដីកូរ៉េខាងត្បូងនេះគឺជាការបង្ហាញថា យុទ្ធសាស្ត្ររៃអង្គាសលុយ រួមនឹងសម្តីបំផ្លើសញុះញង់របស់ពួកគេ, កលល្បិចបោកបញ្ឆោត និងការចូលចិត្តប្រឌិតនូវព័ត៌មានដើម្បីចង់ទាញឱ្យប្រទសកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល សាជាថ្មីនោះបានសាបរលាបឥទ្ធិពលអស់រលីងទៅហើយ ដោយពលរដ្ឋខ្មែរ កាន់តែមើល ឃើញច្បាស់នូវក្រយៅទុច្ចរិត ដ៏អាក្រក់របស់ក្រុមជ្រុលនិយមដឹកនាំដោយមេខ្លោង សម រង្ស៊ី និងបក្ខពួក។ ពលរដ្ឋខ្មែរក្នុងស្រុក លែងចាញ់បោកក្រុមជ្រុលនិយមទៀតហើយ និងពួកគេត្រូវបានឃើញជារៀងរាល់ថ្ងៃ ដោយបាននាំគ្នាដើរចេញពីជួរក្រុមជ្រុលនិយមមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច។

*ការធ្វើបាតុកម្មលើទឹកដីកូរ៉េខាងត្បូង គឺការបង្កញុះញង់ឱ្យកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាម

ការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងនៅថ្ងៃទី២ មីនា ឆ្នាំ២០២៥ នៅកូរ៉េខាងត្បូង តាមពិតគំរោងពិតប្រាកដ គឺការញុះញង់ចង់ឱ្យខ្មែរក្នុងស្រុកដែលកំពុងរស់នៅក្នុងសុខសន្តិភាព ធ្វើការបោះបង់ចោលការរស់នៅដោយភាពសុខក្សេមក្សាន្តក្រោមនយោបាយឈ្នះឈ្នះ ទៅក្រសោបព័ត៌មានបំពុលរបស់ពួកគេ ដែលនិយាយអាក្រក់អំពីប្រទេសជាតិរបស់ខ្លួនឯងតែប៉ុណ្ណោះ។ ហើយតើមានប្រទេសណាមួយទៅ លើសកលលោកនេះ ដែលល្ងង់នាំប្រទេសមានសន្តិភាពរបស់ខ្លួន ធ្លាក់ចូលក្នុងអំពើហិង្សាសង្គ្រាម ដោយសារតែមហិច្ឆតានយោបាយរបស់ក្រុមជ្រុលនិយមនោះ?

ប្រជាជនកម្ពុជា ឆ្អែតឆ្អន់នឹងសង្គ្រាម និងធុញទ្រាន់ចំពោះការលាបពណ៌ដាក់មកលើ រាជរដ្ឋាភិបាល ដោយសារតែមហិច្ឆតាចង់ផ្លាស់ប្តូរការដឹកនាំរាជរដ្ឋាភិបាល តាមនយោបាយហិង្សារបស់ខ្លួន។ បាតុកម្មនៅកូរ៉េខាងត្បូង កាលពីថ្ងៃទី២ មីនាឆ្នាំ២០២៥ គឺជារបៀបវារៈមួយដែលមេខ្លោង ឈ្មោះ សម រង្ស៊ី និង មួរ សុខហួរ ចង់ស្ទង់មើលកម្លាំងគាំទ្ររបស់ខ្លួននៅមុនការរៀបចំធ្វើកិច្ចជួបជុំមួយទៀត ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសបារាំង ក្រោមវត្តមានរបស់ សម រង្ស៊ី នៅថ្ងៃទី២២ មីនា ឆ្នាំ២០២៥។ គោលដៅពិតប្រាកដនៃគម្រោងរបស់ក្រុមជ្រុលនិយមទាំងនេះ គឺការប៉ុនប៉ងបង្កអស្ថិរភាពនៅក្នុងប្រទេសកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ មហិច្ឆតារបស់ពួកគេ ត្រូវបានជួបជាមួយនឹងការខកចិត្តដោយភាពអាម៉ាស់ជាទីបំផុត…នោះគឺជំនួសឱ្យមនុស្សរាប់ម៉ឺននាក់ ដែលពួកគេបានអូតអាងថា នឹងមានការចូលរួមធ្វើឱ្យកក្រើកទឹកកក្រើក ដីនោះ បែរជាមានមនុស្សប្រមាណតែពី៥០០ ទៅ៦០០នាក់តែប៉ុណ្ណោះ។ តួលេខដែលបញ្ចេញនេះ គឺជាតួលេខរបស់អាជ្ញាកូរេខាងត្បូង និងតួលេខដោយក្រុមអព្យាក្រិត នៃសាក្សីលើទឹកដីកូរ៉េ ដោយផ្ទាល់។ ភាពផ្ទុយគ្នាគួរឱ្យអាម៉ាស់ ដែលនិយាយបំប៉ោងនូវ តួលេខនេះហើយ កំពុងលងអារម្មណ៍មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ដែលចង់បង្ហាញកម្លាំងពួកប្រឆាំងរបស់ខ្លួននៅក្នុងការជួបជុំមួយផ្សេងទៀត នៅក្នុងប្រទេសបារាំងក្នុងខែមីនាដដែលនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបក្ខពួកក្រុមជ្រុលនិយម នៅតែបន្តនិយាយ ដោយឥតអៀនខ្មាស់នូវតួលេខខ្យល់ ដែលពូកគេអួតអាងថា មានមនុស្សមកចូលរួមច្រើន ពាន់នាក់នៅបាតុកម្មក្នុងកូរ៉េខាងត្បូង។

*តើបាតុកម្មរបស់ក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូង ទទួលបានអ្វីខ្លះ?

ក្រុមបាតុករ ជាមួយការថតរូបដដែលៗ និងបានបង្ហោះរូបភាពទាំងនោះច្រើនលើកច្រើនសារ នៅតាមបណ្តាញសង្គម បាននិយាយអួតអាងថាមានបាតុករចូលរួមច្រើន ប៉ុន្តែរូបភាពពិតនៅនឹងទីកន្លែង គឺមិនមានច្រើនពាន់នាក់ដូចតាមការនិយាយបំប៉ោងនោះ ទេ។ តួលេខពីអាជ្ញាធរកូរ៉េខាងត្បូង ដែលវាយតម្លៃប្រមាណពី ៥០០ទៅ៦០០នាក់នោះ គឺជាចំនួនមួយដែលមានមនុស្សមកពីខាងក្រៅប្រទេស បានចូលរួមផងដែរ ដូចជាស្ត្រីជាមេខ្លោង ឈ្មោះ មួរ សុខហួរ មកពីសហរដ្ឋអាមេរិកនោះជាដើម។

រូបភាពពីប្រភពអព្យាក្រិត បានបង្ហាញរូបស្ត្រីមេខ្លោង មួរ សុខហួរ ដែលឈរនៅមុខប្រអប់សុំរកវិភាគទានលុយពីអ្នកចូលរួម ដែលជាទង្វើស្វែងរកលុយដើម្បីចិញ្ចឹមមេខ្លោងក្រុមជ្រុលនិយមធំៗខ្លះ ខណៈជំនួយក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលធ្លាប់តែទទួលបានដោយការនិយាយសំអុយឈ្មោះកម្ពុជានោះ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្អាកទៅហើយ និងរំពឹងថា ទំនងនឹងមិនអាចទទួលបានវិញទៀតឡើយ ដោយសារតែការគ្រប់គ្រងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ មានភាពប្រុងប្រយ័ត្នជាទីបំផុតនូវការចំណាយថវិកា ដែលគ្មានប្រយោជន៍ដល់នយោបាយ America First របស់ខ្លួន។

ក្នុងពេលកំពុងធ្វើបាតុកម្មនោះ រួបមេខ្លោងម្នាក់ឈ្មោះ មួរ សុខហួរ នោះត្រូវបានគេថតក្នុង ពេលកំពុងឈរម្នាក់ឯងរង់ចាំការទម្លាក់លុយជាវិភាគទាននៅពីមុខប្រអប់សុំវិភាគទានពីក្រុមបាតុករ។ ក្រុមធ្វើនយោបាយប្រឆាំង បានសរសេរគួរឱ្យអស់សំណើចតាមបណ្តាញសង្គមទៀតថាមនុស្សជាង៣០០០នាក់ ដែលចូលរួមបាតុកម្មកាលពីថ្ងៃទី២ មីនានោះ គឺម្នាក់ៗចំណាយមិនតិចជាង២០០០ដុល្លារឡើយ ក្នុងការចូលជាវិភាគទាននោះ។ តើមានអ្នកណាខ្លះ ដែលជឿថាគេម្នាក់ៗទាំងនោះ បានចូលរួមវិភាគទាន២០០០ដុល្លារនោះ?

វាមិនចម្លែកទេ ពីព្រោះយុទ្ធសាស្ត្រសំខាន់មួយរបស់ក្រុមជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានមិនពិត។ យើងបានមើលឃើញហើយថា តាំងពីដើមដំបូងមក គឺមានមេខ្លោងម្នាក់ឈ្មោះ អ៊ំ សំអាន បានអះអាងថា មានបាតុករចូលរួមជាង ៣ម៉ឺននាក់ ក្រោយមកវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលជាឧបករណ៍បំពងសម្លេងមិនពិតរបស់ក្រុមជ្រុលនិយម បានបង្ហាញតួលេខ ជាង១០០០នាក់ ខណៈអាជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍ថា មានអ្នកចូលរួមតែ ៥០០ទៅ៦០០នាក់ប៉ុណ្ណោះ។ តួលេខថែមថយបញ្ចេញបញ្ចូល ដោយពួកជ្រុលនិយមនៅក្រៅប្រទេសទាំងនេះ មិនមែនជារឿងថ្មីទេ ពីព្រោះវាជាគំរូដដែលៗ នៃអំពើបោកប្រាស់ដែលរៀបរៀងឡើងក្នុងបំណងបង្កើតការបំភាន់ព័ត៌មាន ដើម្បីធ្វើឱ្យគេយល់ច្រឡំ…និងអំពើបោកប្រាស់នេះហើយ បាននិងកំពុងបង្ហាញមុខមាត់ដ៏អាក្រក់ និងថោកទាបរបស់ពួកគេ ដែលតែងនិយមជ្រកក្រោម ស្លាកក្លែងក្លាយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យស្អីគេនោះ។

*យុទ្ធសាស្ត្រហួសសម័យរបស់ក្រុមជ្រុលនិយម បោកបានតែក្រុមល្ងង់ខ្លៅតែប៉ុណ្ណោះ

ប្រជាជនកម្ពុជា ដែលធ្លាប់បានឆ្លងកាត់សង្គ្រាមដ៏រន្ធត់កាលពីអតីតកាល ពិតជាមិនបណ្តោយឱ្យក្រុមជ្រុលនិយមបង្កើតព័ត៌មានមិនពិតចង់អូសទាញកម្ពុជា ដែលមានសន្តិភាពធ្លាក់ចូលទៅក្នុងយុគសម័យនៃអំពើហិង្សាមួយផ្សេងទៀត សម្រាប់តែមហិច្ឆតានយោបាយអាត្មានិយមរបស់ សម រង្ស៊ី និងបក្ខពួកឡើយ។

វាគ្រាន់តែជាភាពស្រមើស្រមៃរបស់ក្រុមជ្រុលនិយមតែប៉ុណ្ណោះ ដែលព្យាយាមប្រើប្រាស់ព័ត៌មានញុះញង់ ក្នុងការចង់ប្រមូលកម្លាំងដើម្បីចូលរួមក្នុងចលនាតស៊ូរបស់ពួកគេនោះ ពីព្រោះប្រជាជនកម្ពុជា ស្គាល់ច្បាស់លាស់ណាស់អំពីផល វិបាកពិតប្រាកដនៃសង្គ្រាម និងអស្ថិរភាពនយោបាយ។ ប្រជាជនកម្ពុជា នឹងមិនធ្វើជាកូនអុកនៅក្នុង <<ហ្គេម>> ដែលលេងដោយអ្នកនយោបាយរស់នៅសម្ងំសុខស្រួលឯបរទេស ដូចជា សម រង្ស៊ី និងបក្ខពួក ដែលពួកគេគ្រាន់តែចង់បញ្ជាពីចម្ងាយធ្វើឱ្យទឹកដីខ្មែរបានរងនឹងអំពើចលាចលនយោបាយឡើយ។ ទង្វើរបស់ ក្រុមជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី ជាទង្វើហួសសម័យហើយ ពីព្រោះ ការពិតគឺច្បាស់ណាស់ថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា បាននិងកំពុងដើរទៅមុខលើគន្លងដឹកនាំដោយត្រឹមត្រូវតាមរបត់សន្តិភាព នៃនយោបាយឈ្នះឈ្នះ ចំណែកក្រុមធ្វើនយោបាយជ្រុលនិយមក្រោមខ្សែញាក់របស់ សម រង្ស៊ី គឺ ជាក្រុមដែលជាប់គាំងក្នុងស្រមោលអតីតកាល ដោយប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រហួសសម័យ ដែលគេលែងប្រើប្រាស់ទៅហើយ នៅលើសកលលោកនេះ។

*អ្នកលង់ខ្លួនក្នុងក្រុមជ្រុលនិយម សូមប្រញាប់ដកខ្លួនចេញ

យើងគ្រាន់តែរំលឹកថា បាតុកម្មថ្ងៃទី២ ខែមីនា ដែលបរាជ័យនៅលើទឹកដីកូរ៉េខាងត្បូងនោះ គឺជាការរំលឹកមួយទៀតថា ប្រជាជនកម្ពុជា នឹងមិនល្ងង់ចាញ់បោកក្រុមជ្រុលនិយមដែលចូល ចិត្តប្រើនយោបាយបោកប្រាស់ហួសសម័យឡើយ។អ្នកដែលជឿលង់លើពួកក្រុមជ្រុលនិយម ត្រូវចេះភ្ញាក់ខ្លួន និងត្រូវរៀនទទួលស្គាល់ថា ផែនការរបស់ពួកអ្នក ដែលតែងបរាជ័យ និងតែងរងការបកអាក្រាតវិញនោះ មិនមែនដោយ សារការគាបសង្កត់ពីខាងក្រៅទេ ប៉ុន្តែដោយសារតែប្រជាជនកម្ពុជាខ្លួនឯងក្នុងការរួមសាមគ្គីគ្នា ដែលជ្រើសរើសគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរាជរដ្ឋាភិបាល និងដែលជាគណ បក្សតែមួយគត់ ក្នុងការធានាសន្តិភាព ស្ថិរភាពនយោបាយ និងការនាំប្រទេសសម្រេចចក្ខុវិស័យឆ្នាំ២០៥០។ សូមអ្នកជឿលង់លើពួកក្រុមជ្រុលនិយម ប្រញាប់ដកខ្លួនចេញពីក្រុមបោកប្រាស់ទាំងនេះ ដើម្បីការរួមសាមគ្គីគ្នាក្រោមប្រទេសមួយ ដែលមានមានរាជរដ្ឋាភិបាលតែមួយរដ្ឋធម្មនុញ្ញតែមួយ និងព្រះមហាក្សត្រមួយអង្គគង់ជាម្លប់ និងជាជាទីសក្ការៈនៃយើងទាំងអស់គ្នា៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...