តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បិទវគ្គហ្វឹកហ្វឺនបំប៉នសមត្ថភាពយោធា និងប្រជុំបូកសរុបលទ្ធផល ការងារយោធាសន្តិសុខឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី

Posted By: RoogRog Robot | 03-Mar-2025 16:23:05

2025-03-03 04:17pm

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នសមត្ថភាពយោធា និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការសកម្មភាពការងារ យោធាសន្តិសុខ ឆ្នាំ២០២៥ របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ។

ឆ្លៀតក្នុងឱកាសបិទវគ្គនេះលោក ម៉ាង ស៊ីណេត បានផ្តាំផ្ញើនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត នូវការងារចាំបាច់៦ចំនុចសំខាន់ៗ ដូចខាងក្រោម៖

*ទី១៖ ត្រូវមានវិជ្ជាជីវៈខ្ពស់ ស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន គោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្ដិកៈកងយោធខនពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តនានាប្រកាន់ភ្ជាប់នូវសេចក្ដីថ្លៃថ្នូរ និងក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន។

*ទី២៖ ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការអនុវត្តគោលនយោបាយ <<ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព>> ដើម្បីរួមគ្នាបម្រើផលប្រយោជន៍ ប្រជាជនតាមគោលការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ មានសុខសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាបុរេលក្ខខណ្ឌចាំបាច់ សម្រាប់ការអភិវឌ្ឍខេត្តលើគ្រប់វិស័យ។

*ទី៣៖ ត្រូវយកចិត្តទុកដាក់ប្រើប្រាស់កម្លាំង ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឱ្យមានប្រសិទ្ធភាព ពោលគឺប្រើប្រាស់កម្លាំង ឱ្យសមស្របទៅនឹងតម្រូវការជំនាញ និងសូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធបរិក្ខារយោធា ព្រមទាំងស្បៀងអាហារជាដើមឱ្យបានត្រឹមត្រូវ និងគង់វង្ស។

*ទី៤៖ ត្រូវពង្រឹងការហ្វឹកហ្វឺនរៀនសូត្រកសាងប្រភពធនធានមនុស្សទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការការពារជាតិ ឱ្យមានប្រសិទ្ធភាព។ ជាពិសេសបង្កើនជំនាញដល់យោធិន ឱ្យស្របទៅតាមភារកិច្ច យុទ្ធវិធីចាំបាច់ អភិរក្សក្បាច់គុណដែលបុព្វបុរសយើងបានបន្សល់ទុក ដូចជាក្បាច់គុណល្បុក្កតោ យុទ្ធគុណខម និងគុណខ្មែរជាដើម។

*ទី៥៖ ត្រូវបន្តអភិវឌ្ឍសមត្ថភាពកងទ័ពឱ្យបានជាប់ជាប្រចាំ ត្រៀមកម្លាំងដោះស្រាយនៅគ្រប់សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិ ដែលអាចនឹងកើតឡើងជាយថាហេតុ។ ត្រូវត្រៀមមធ្យោបាយដឹកជញ្ជូនជនរងគ្រោះ ផ្តល់សេវាថែទាំព្យាបាលសុខភាព បង្កើនកិច្ចសហការឱ្យបានស្អិតរមួតជាមួយនឹងអាជ្ញាធរដែនដីក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ។

*ទី៦៖ ត្រូវយកចិត្តទុកដាក់ធានាកិច្ចការភស្តុភារ និងសុខាភិបាលដើម្បីធានានូវជីវភាពរស់នៅ និងសុខភាពរបស់កងទ័ពរបស់យើងឲ្យបានកាន់តែល្អប្រសើរ។

ក្រោយពីបានហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពក្នុងវគ្គនេះរួច អភិបាលខេត្តសង្ឃឹមថា កម្មសិក្សាការី និងយកចំណេះដឹង ជំនាញបច្ចេកទេស និងទេពកោសល្យ សម្រាប់បម្រើជាតិមាតុភូមិ និងប្រជាជនស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ប្រកបដោយសមត្ថភាពគ្រប់គ្រាន់ មានកម្រិតយល់ដឹងខ្ពស់ មានវិន័យរបៀបរៀបរយការងារ អត្តចរិកថ្លៃថ្នូរ មានសីលធម៌ស្អាតស្អំ សាមគ្គីភាពផ្ទៃ។

យោងតាមរបាយការណ៍លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ការហ្វឹកហ្វឺនរៀនសូត្រក្នុងឆ្នាំ២០២៤នេះ មានសិក្ខាកាមចូលចំនួន៧៣នាក់ ក្នុងនោះ គ្រប់គ្រងចំនួន៦នាក់, បំរើការរោងបាយចំនួន៣នាក់, យោធាចារ្យចំនួន១៤នាក់, និងកម្មសិក្សាការីចំនួន៥០នាក់ ដោយវគ្គនេះមានរយៈពេល៩១ថ្ងៃ។ ក្រោយពេលចុងបញ្ចប់ការងារហ្វឹកហ្វឺន សិក្ខាកាមបានធ្វើយុទ្ធដំណើរទ័ពដោយថ្មើរជើងចំងាយ២៦គីឡូម៉ែត្រ រយៈពេលពីរថ្ងៃមួយយប់ និងដោះស្រាយឧបទ្ទហេតុផងដែរ។

ក្រោយបញ្ចប់កម្មពិធីបិទវគ្គ លោក ម៉ាង ស៊ីណេត បានឧបត្ថម្ភថវិកាជូនវគ្គហ្វឹកហ្វឺនចំនួន ១០លានរៀលផងដែរ៕
























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...