(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស បានឧទ្ទិសដល់ទិវាអន្តរជាតិនារី ០៨ មីនា ខួបលើកទី១១៤នេះ ក្រោមប្រធានបទ <<សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប>> គឺជាត្រីវិស័យដើម្បីចលនានៅទូទាំងប្រទេស សំដៅបន្តលើកកម្ពស់សិទ្ធិរបស់ស្ត្រីកម្ពុជា និយាយជារួម និងនិយាយដោយឡែកចំពោះយុទ្ធនារីក្នុងកងទ័ពជើងអាកាស។
ហើយឆ្លៀតឱកាសដ៏ប្រពៃនេះ នាយឧត្តមសេនីយ៍ សឹង សំណាង សូមកោតសរសើរដោយស្មោះជូនចំពោះយុទ្ធនារីគ្រប់រូប ដែលកន្លងមកបាន បំពេញភារកិច្ចប្រកប ដោយភាពអំណត់ ព្យាយាម ពុះពារគ្រប់ឧបស័គ្គ និងលះបង់គ្រប់បែបយ៉ាង ដើម្បីចូលរួមចំណែកក្នុងការបំពេញភារកិច្ច និងកសាងអង្គភាពទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជូនកងទ័ពជើងអាកាសយើង តាំងពីការកកើតរហូតដល់បច្ចុប្បន្ន ក៏ដូចជាបានចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិទាំងនេះ គឺពិតជាមិនអាចកាត់ផ្ដាច់ពីការចូលរួមរបស់កងកម្លាំងនារីយើងបានឡើយ។
នាឱកាសនោះនាយឧត្តមសេនីយ៍ សឹង សំណាង បានបន្តថា តាមការសិក្សាប្រវត្តិសាស្ត្រ បានបង្ហាញថា នៅគ្រប់សម័យកាល ស្ត្រីតែងតែដើរតួនាទីដ៏សំខាន់ទាំងក្នុងទិដ្ឋភាព សង្គម សេដ្ឋកិច្ច និងនយោបាយ។ នៅកម្ពុជាតាំងពីមុនសម័យអង្គរ រហូតដល់បច្ចុប្បន្ន ស្ត្រីក៏ត្រូវបានសង្គមកម្ពុជាឱ្យតម្លៃយ៉ាងខ្ពស់ ដោយស្ត្រីបានដើរតួនាទីក្នុងការបម្រើផលប្រយោជន៍ឱ្យសង្គមលើគ្រប់វិស័យ ដូចជាវិស័យនយោបាយ សេដ្ឋកិច្ច យោធា តុលាការ។ល។ និងជាអ្នកដឹកនាំលើវិស័យជាច្រើនទៀតផងដែរ។
នៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ គួបផ្សំជាមួយនឹងសកម្មភាព ព្រមទាំងសមិទ្ធផលជាច្រើនដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន ប្រកបដោយឋាមពលដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) បានបង្ហាញយ៉ាងច្បាស់ពីគំរូវីរភាពដ៏ឆ្នើម របស់លោកជំទាវបណ្ឌិត ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតីដ៏ឈ្លាសវៃ ក្នុងការបំពេញបេសកកម្មលើវិស័យមនុស្សធម៌ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ។
នាយឧត្តមសេនីយ៍ សឹង សំណាង បានបន្ថែមថា ប្រធានបទក្នុងឆ្នាំនេះ គឺមានអត្ថន័យ និងខ្លឹមសារពោរពេញទៅដោយតថភាពសមស្របទៅនឹងការវិវឌ្ឥតឈប់ឈរនៃពិភពលោកដែលបច្ចុប្បន្នយើងចាំបាច់ត្រូវលើកទឹកចិត្ត និងជំរុញស្ត្រី និងក្មេងស្រីឱ្យយល់ច្បាស់ពីសារៈរំខាន់ និងភាពចាំបាច់នាពេលបច្ចុប្បន្នដែលទាមទារត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ ជាពិសេសស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញនៅក្នុងកម្មវិធីនយោបាយ យុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ ដូច្នេះចាប់ពីពេលនេះតទៅដើម្បីភាពរីកចម្រើននៃសង្គម ស្ត្រី និងក្មេងស្រី ត្រូវខិតខំសិក្សារៀនសូត្រនៅគ្រប់មុខវិជ្ជាដែលជាវិជ្ជាជីវៈរបស់ខ្លួនជាចំណេះដឹងផ្នែកជំនាញពិតប្រាកដដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងនាពេលអនាគត។
នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ជាពិសេសទៅលើសមាមាត្រនៃការចូលរួមរបស់ស្ត្រីឱ្យបានច្រើនជាអតិបរិមា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសបានគិតគូរផ្តល់នូវតួនាទីដល់ស្ត្រីថ្នាក់ក្រោមជាតិឱ្យបាន ចូលរួមកាន់តែសកម្ម កាន់តែច្រើនក្នុងការងាររដ្ឋបាលសាធារណៈ ពង្រឹងការឈរឈ្មោះនៅតាមបណ្តាភូមិ ឃុំ-សង្កាត់ទូទាំងប្រទេស និងការពារសិទ្ធិធ្វើការងាររបស់ស្ត្រីថែមទៀតផង។
នាយឧត្តមសេនីយ៍ សឹង សំណាង សូមសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាកូនធីតាដ៏ឆ្នើមជានិច្ចកាល សម្ដេចបានលះបង់កម្លាំងកាយចិត្តពេលវេលាមកជួយបំពេញ ការងារដ៏មមាញឹក ប្រកបដោយបញ្ញាញាណ គតិបណ្ឌិត និងទឹកចិត្តសប្បុរសធម៌ ក្នុងការជួយសង្គ្រោះជនទីទ័លក្រជនងាយរងគ្រោះ ជនមានទុក្ខលំបាក និងយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរបស់គ្រួសារយុទ្ធជនពលី ពិការ អ្នកផ្ទុកមេរោគទេព និងក្រុមគ្រួសារព្រមទាំងយកចិត្តទុកទៅដាក់ក្នុងការជួយពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំពេទ្យដល់យុទ្ធជនរបួសពិការ និងក្រុមគ្រួសារថែមទៀតផង។
នៅក្នុងទិវាដ៏មានអត្ថន័យនេះដែរ មេបញ្ជាការកងទ័ពជើងអាកាស សូមផ្ដាំផ្ញើដល់មេបញ្ជាការមេបញ្ជាការរងនាយទាហាននាយទាហានរងគ្រប់លំដាប់ថ្នាក់ និងយុទ្ធនារីទាំងអស់ សូមបន្តពួតដៃគ្នារវាងបុរស និងស្ត្រីក្នុងការការពារ យ៉ាងមុតមាំ នៅសន្តិភាពឱ្យបានស្ថិរគង់វង្សជារៀងរហូត។ ចូលរួមអ្នកអនុវត្តឱ្យបានល្អតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងប្រធានបទខាងលើត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលា នៅរាល់អំពើជួញដូរគ្រប់ប្រភេទមានជាអាចការជួញដូរម្លប់ពិសេសស្ត្រីកុមារ ព្រមជាមួយបញ្ហាគ្រឿងញៀន។
មួយវិញទៀតត្រូវយកចិត្តទុកដាក់ទប់ស្កាត់ឱ្យបានជាអតិបរិមានៅរាល់អំពើហិង្សា ការរើសអើងក្នុងគ្រួសារ និងសង្គមជាតិ ត្រូវចាត់ទុកថាការងារនៅក្នុងផ្ទះស្មើនឹងការងារក្រៅផ្ទះ តម្លៃសិក្សារបស់កូនស្រីស្មើនឹងកូនប្រុស ចំពោះនារីក្នុងកងទ័ពជើងអាកាស ត្រូវខិតខំប្រឹងប្រែងបង្កើនចំណេះដឹងឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច នារីត្រូវបន្តរក្សា និងលើកកម្ពស់ប្រពៃណីថ្លៃថ្នូររបស់ស្ត្រីខ្មែរពង្រឹងវប្បធម៌សន្តិភាពរបស់ស្ត្រីឱ្យបានគង់វង្ស៕