(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា និស្សិតជយលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ត្រូវតែមានមោទនភាព ដែលត្រូវបានជ្រើសរើសឲ្យរៀនដោយឥតបង់ថ្លៃ នៅថ្នាក់ឧត្តមសិក្សា។
លោកជំទាវបណ្ឌិត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជយលាភីអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឆ្នាំសិក្សា ២០២៤-២០២៥ ជិត ២ ០០០អង្គ/នាក់។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា <<ពាក្យថា អាហារូបករណ៍នេះ គឺជាពាក្យមួយ ដែលធ្វើឲ្យប្អូនមានមោទនភាពខ្លួនឯង សូម្បីប្អូនរៀនចប់ទៅ ដាក់ពាក្យធ្វើការក៏ត្រូវមាន Mention (លើកឡើង) នៅក្នុងហ្នឹងដែរ ប្អូនបានទទួលអាហារូបករណ៍ ពីខាងណាខាងណា។ អីចឹងគេមើលហើយ បើសិនមាន Candidate (បេក្ខជន) ២ ឬ ៣នាក់ គេច្បាស់ជា Consider (ពិចារណា) ប្អូនមុនគេ ប្អូនច្បាស់ជា Smart (ពូកែ)>>។
បើតាមការថ្លែងរបស់លោកជំទាវបណ្ឌិត កន្លងមក មាននិស្សិតខ្លះខ្មាសគេ និងមិនហ៊ានប្រាប់គេថា ខ្លួនទទួលបានអាហារូបករណ៍ពី អ.ម.ត ព្រោះគិតថា ដោយសារតែយល់ខុសថា អាហារូបករណ៍នេះ មិនសូវមានតម្លៃ។ ប៉ុន្តែ លោកជំទាវបណ្ឌិត បានលើកឡើងថា ការទទួលបានអាហារូបករណ៍ គឺជានិស្សិតពិសេស ខណៈពេល អ.ម.ត មានគម្រោងច្បាស់លាស់ ក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិត និងទីតាំងសិក្សាផងដែរ៕