(កំពង់ចាម)៖ លោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំអាជីវករលក់ជី និងថ្នាំកសិកម្មទាំងអស់ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការលក់ជី ថ្នាំកសិកម្មដែល មានគុណភាព ប្រើប្រាស់ទៅមានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់កសិករ និងត្រូវជួយណែនាំបន្តដល់ប្រជាកសិករឱ្យបានដឹង និងយល់កាន់តែច្បាស់បន្ថែមទៀតពីការប្រើប្រាស់ជី ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមស្ដង់ដាបច្ចេកទេស ដើម្បីបង្កើនទិន្នផលកសិផល មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ និងភាតរភាពបរិស្ថាន។
ការណែនាំនេះធ្វើឡើងក្នុងឱកាសលោក ឡោ រស្មី ចុះជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មសរុបចំនួន២៩១នាក់ មន្ត្រីកសិកម្មឃុំសរុបចំនួន១៦នាក់ នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក ឡោ រស្មី បានណែនាំអាជីវករលក់ជី និងថ្នាំកសិកម្មទាំងអស់ថា <<ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការលក់ជី ថ្នាំកសិកម្មដែលមានគុណភាព ប្រើប្រាស់ទៅមានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់កសិករ និងត្រូវជួយណែនាំបន្តដល់ប្រជាកសិករឱ្យបានដឹង និងយល់កាន់តែច្បាស់បន្ថែមទៀតពីការប្រើប្រាស់ជី ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមស្ដង់ដាបច្ចេកទេស ដើម្បីបង្កើនទិន្នផលកសិផល មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ និងភាតរភាពបរិស្ថាន>>។
អនុរដ្ឋលេខាធិការ បានណែនាំឱ្យអាជីវករដែលមានដ្រូនប្រើប្រាស់ ត្រូវអនុវត្តតាមស្មារតីនៃប្រកាសអន្តរក្រសួង លេខ១៦៤៤ប្រក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ដីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយត្រូវទៅបំពេញព័ត៌មាននៅអធិការដ្ឋាននគរបាលស្រុក/ក្រុង និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ ដើម្បីចៀសវាងការបង្កអសន្តិសុខសង្គម និងការប្រព្រឹត្តបទល្មើសនានា។
ក្នុងនាមជាដៃគូ និងអ្នកនៅជាប់ជាមួយកសិករ អាជីវករលក់ជីនិងថ្នាំកសិកម្មទាំងអស់បានបង្ហាញក្ដីរីករាយ និងចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងកសិកម្មក្នុងការចែករំលែកព័ត៌មានល្អៗ និងវិជ្ជមាន ការផ្ដល់ចំណេះដឹងបច្ចេកទេសថ្មីៗ ដើម្បីជួយដល់កសិករ និងចៀសវាងការផ្សព្វផ្សាយព័ត៌មានដែលបង្កអសន្តិសុខសង្គម បង្កផលប៉ះពាល់អវិជ្ជមានដល់កសិករ និងវិស័យកសិកម្មទាំងមូល។
នាឱកាសនោះ លោកអនុរដ្ឋលេខាធិការបានលើកឡើងពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដូចជា ការពង្រាយមន្ត្រីកសិកម្មឃុំ ការចងក្រងសហគមន៍កសិកម្មទំទើប ការជួយរក្សាលំនឹងថ្លៃកសិផល ការរកទីផ្សារ និងការកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំណេញដល់ប្រជាកសិករ ព្រមទាំងបានរំលេចនូវសមិទ្ធផលជាច្រើន ដែលក្រសួងកសិកម្មសម្រេចបាននាពេលកន្លងមក៕