ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ផ្ដល់អនុសាសន៍១៣ចំណុច ដល់ក្រសួងការងារឱ្យបន្តដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ឆ្នាំ២០២៥

Posted By: RoogRog Robot | 01-Mar-2025 11:46:33

2025-03-01 11:42am

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពាំនាំអនុសាសន៍១៣ចំណុចរបស់សម្តេចមហាបវរធិបតី ដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យបន្តដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ឆ្នាំ២០២៥។

ការផ្ដល់អនុសាសន៍នេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ដើម្បីបន្តពង្រឹង និងពង្រីកវិសាលភាព ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានកត់សម្គាល់ឃើញថា មានកិច្ចការសំខាន់ៗជាច្រើន ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តអនុវត្តឱ្យកាន់តែស្វាហាប់ និងដោះស្រាយបញ្ហាប្រឈមនានា៖

ទី១. បន្តពង្រឹងនិងពង្រីកសេវាស្វែងរកការងារ តាមរយៈការបន្តបង្កើតមជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៅតាមមូលដ្ឋាននិងទីប្រជុំជន, បញ្ជរសេវាសាធារណៈចល័ត, ការបង្កើនការផ្តល់សេវាប្រឹក្សាយោបល់អំពីអាជីពការងារ និងវិជ្ជាជីវៈនៅតាមបណ្តាគ្រឹះស្ថានមធ្យមសិក្សា និងគ្រឹះស្ថានឧត្តមសិក្សា និងផលិតព្រឹត្តិបត្រទស្សនវិស័យមុខរបរ និងការងារ ដែលអាចផ្ដល់ព័ត៌មានអំពីតម្រូវការជំនាញនិងការងារសម្រាប់សិស្ស និស្សិត យុវជន ក៏ដូចជាក្រសួងដែលជាមូលដ្ឋានក្នុងការរៀបចំ និងអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម សំដៅបង្កើតទីផ្សារការងារមួយដែលមានភាពរឹងមាំ និងជវភាព។

ទី២. បន្តរៀបចំ ផលិត និងផ្សព្វផ្សាយរបាយការណ៍អង្កេត និងឯកសារសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងទីផ្សារការងារឱ្យបានទៀងទាត់ ដើម្បីផ្តល់ព័ត៌មានទីផ្សារការងារឱ្យបានគ្រប់ជ្រុងជ្រោយ ដល់អ្នកស្វែងរកការងារ កម្មករនិយោជិត និយោជក អ្នកផ្តល់ការបណ្តុះបណ្តាល និងសាធារណជន។

ទី៣. បន្តអនុវត្តឱ្យជោគជ័យនូវការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ ប្រកបដោយគុណភាពស្របតាមអភិក្រម <<រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ>> តាមរយៈសហការយ៉ាងស្អិតរមួតជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងដៃគូពាក់ព័ន្ធ ដើម្បីបង្កើនការចុះឈ្មោះចូលរៀនឱ្យបានច្រើន និងពិនិត្យមើលឡើងវិញលើមុខជំនាញ សម្រាប់បណ្តុះបណ្តាលឱ្យមានលក្ខណៈសមស្របទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ និងភាពប្រទាក់ក្រឡាជាមួយស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់គ្រួសារក្រីក្រ។

ទី៤. បន្តជំរុញការវាយតម្លៃទទួលស្គាល់ការសិក្សាដែលមានពីមុន (Recognition of Prior Learning - RPL) និងការធ្វើតេស្តទទួលស្គាល់សមត្ថភាពបច្ចុប្បន្ន (Recognition of Current Competence - RCC) ដើម្បីឱ្យមានការទទួលស្គាល់សមត្ថភាព និងជំនាញច្បាស់លាស់ និងជាច្រកមួយដែលបត់បែនបានលឿនក្នុងការធ្វើតេស្តសមត្ថភាព និងជំនាញក្នុងការទាញយកបាននូវសន្និធិជំនាញនៅកម្ពុជា ក្នុងការឆ្លើយតបតម្រូវការឧស្សាហកម្មសម្រាប់បង្កើនផលិតភាពនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

ទី៥. បន្តពង្រឹងការគ្រប់គ្រងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធានាគុណភាពនៃការបណ្តុះបណ្តាលដោយសហការជាមួយដៃគូឯកជន ពង្រឹងប្រសិទ្ធភាពនៃកម្មវិធីការសិក្សាផ្អែកលើការងារ (Work Based Learning) និងបន្តការជំរុញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងស្របតាមច្បាប់ស្តីពីការងារ តាមរយៈការពិនិត្យលទ្ធភាព ក្នុងការទទួលយកសិស្សចូលហាត់ការ និងកម្មសិក្សាក្នុងសហគ្រាស គ្រឹះស្ថាន ដើម្បីអាចរាប់បញ្ចូលជាការបំពេញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង។ ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងប្រកបដោយភាពបត់បែន (Apprenticeship Program) និងផ្តល់ជម្រើសសម្រាប់សហគ្រាស គ្រឹះស្ថាន ដែលបង្កលក្ខខណ្ឌងាយស្រួលក្នុងការចូលរួមអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ជាមួយសហគ្រាស គ្រឹះស្ថានលើការរៀនផងធ្វើការផង រួមជាមួយការចុះកម្មសិក្សាក្រោយបញ្ចប់ការសិក្សានៅគ្រឹះស្ថានបណ្តុះបណ្តាល។

ទី៦. ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់អត្រាអនុលោមភាពតាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានពាក់ព័ន្ធ តាមរយៈការពង្រឹងយន្តការអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យអធិការកិច្ចការងារ និងក្រុមអធិការកិច្ចអន្តរក្រសួង ដោយត្រូវចុះអធិការកិច្ចក្នុង ១ឆ្នាំ តែ ១ដងគត់ លើគោលដៅតែមួយ ទៅតាមការចាំបាច់និងតាមការជ្រើសរើស លើកលែងតែមានបណ្ដឹងពីបងប្អូនកម្មករនិយោជិត ឬមានឧបទ្ទវហេតុណាមួយកើតឡើង។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវដឹកនាំការធ្វើអធិការកិច្ចអន្តរក្រសួង ដើម្បីលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ជាពិសេសក្នុងវិស័យដែលមានហានិភ័យខ្ពស់។

ទី៧. បន្តលើកកម្ពស់ជីវភាពកម្មករ និយោជិត តាមរយៈយន្តការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ។

ទី៨. បន្តលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងជំរុញយុទ្ធនាការថ្នាក់ជាតិស្តីពី <<សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ>> និងបង្កើនប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ តាមរយៈការពង្រឹងសមត្ថភាពមន្រ្តីផ្សះផ្សាវិវាទការងារ ឱ្យក្លាយជាស្ថាប័នមានវិជ្ជាជីវៈ និងទទួលបានការជឿជាក់ពីសាធារណជន។

ទី៩. បន្តលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតនៅកន្លែងធ្វើការ ដោយ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពង្រឹងការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ (OSH) នៅកន្លែងធ្វើការ ទាំងនៅក្នុងវិស័យកម្មន្តសាល សេវាកម្សាន្ត និងសំណង់ ឱ្យបានកាន់តែល្អប្រសើរ កាត់បន្ថយឱ្យបានជាអតិបរមានូវបញ្ហាគ្រោះថ្នាក់ការងារ និងហានិភ័យនានា។

ទី១០. បន្តពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ជំរុញការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីនីតិវិធីនៃការចេញទៅធ្វើការនៅបរទេសដោយសុវត្ថិភាព ចៀសវាងការចាញ់បោកមេខ្យល់ និងបង្កើតឱ្យមានទំនាក់ទំនងជាសហគមន៍រវាងឪពុកម្តាយ និងកូនដែលចេញទៅធ្វើការនៅបរទេស ហើយនិងការពង្រឹងការគ្រប់គ្រងហត្ថពលកម្មជនបរទេសដែលមកធ្វើការនៅប្រទេសកម្ពុជា ដោយធ្វើការណែនាំពន្យល់ឱ្យបានច្បាស់លាស់ចៀសវាងធ្លាក់ចូលក្នុងការជួញដូរមនុស្ស ឬការធ្វើការដោយខុសច្បាប់នៅប្រទេសកម្ពុជា។

ទី១១. បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃសេវា ប.ស.ស. តាមរយៈការបន្តកែលម្អការផ្តល់សេវា និងការយកចិត្តទុកដាក់បន្ថែមលើសមាជិក ប.ស.ស., ការទូទាត់ថ្លៃសេវា, និងយន្តការនៃការទទួលពាក្យបណ្តឹងតាមប្រអប់បណ្តឹងអនាមិក នៅពេលសមាជិក ប.ស.ស. បានជួប ឬឃើញនូវភាពមិនប្រក្រតីណាមួយ, ការពង្រឹងការគ្រប់គ្រងប្រព័ន្ធទិន្នន័យសមាជិក ប.ស.ស. ឱ្យមានភាពប្រទាក់ក្រឡាគ្នា ព្រមជាមួយការពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តការការងាររបស់ ប.ស.ស. ឱ្យស្របទៅតាមកំណើត និងទំហំនៃសមាជិកដែលមានការកើនឡើងខ្ពស់ នារយៈពេលចុងក្រោយនេះ។

ទី១២. បន្តរៀបចំការផ្តល់សេវានានារបស់ក្រសួងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយរៀបចំឱ្យមាន សៀវភៅណែនាំសម្រាប់ការប្រើប្រាស់ ដើម្បីឱ្យអ្នកប្រើប្រាស់បានយល់ និងងាយស្រួលប្រើប្រាស់សេវារបស់ក្រសួង និងត្រូវធ្វើការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលទទួលបានការធ្វើប្រតិភូកម្ម ដើម្បីអាចប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ កាន់តែមានប្រសិទ្ធភាព និងមានភាពប្រទាក់ក្រឡាគ្នាស្របទៅតាមការធ្វើប្រតិភូកម្មដែលបានបែងចែករវាងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទី១៣. បន្តយកចិត្តទុកដាក់ចូលរួមអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការបន្តពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងគ្រប់ជាន់ថ្នាក់ឱ្យកាន់តែមានសមត្ថភាពក្នុងការបំពេញការងារឱ្យមាន់តែមានភាពបុរេសកម្ម, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយពាក់ព័ន្ធ និងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈ ឆ្លើយតបនឹងសំណូមពររបស់កម្មករនិយោជិត វិស័យឯកជន និងសាធារណជន៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...