អភិបាលខេត្តបាត់ដំបង ដឹកនាំប្រជុំផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋាន ស្ដីពីបញ្ហាគ្រឿងញៀន ដល់មន្ដ្រីរាជការ

Posted By: RoogRog Robot | 05-Feb-2025 14:36:20

2025-02-05 02:33pm

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋាន ស្ដីពីបញ្ហាគ្រឿងញៀន ដល់មន្ដ្រីរាជការ និងអាជ្ញាធរខេត្ត។

កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការធ្វើបទបង្ហាញដោយ លោក ធូ ភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង និងមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលក្រុង ស្រុកទាំង១៤ អធិការក្រុង ស្រុក ការិយាល័យជំនាញគ្រឿង ញៀនមន្ទីរ អង្គភាពពាក់ព័ន្ធនានា ក្នុងខេត្ត កងរាជអាវុធហត្ថ យោធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ជាច្រើននាក់។

លោក សុខ លូ បានណែនាំដល់អាជ្ញាធរ សមត្ថកិច្ចក្នុងខេត្ត ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដែលការផ្សព្វផ្សាយនេះមានសារ:សំខាន់ណាស់ ក៏ដូចជាការរំលឹកដល់សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ដែលជាចំណេះដឹង មូលដ្ឋានគ្រឹះ បង្កើនស្មារតី ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងខិតខំអនុវត្ត ទប់ស្កាត់ ករណីគ្រឿងញៀន បារីអេឡិចត្រូនិចផ្សេងៗទៀត ត្រូវបង្កើនការផ្សព្វផ្សាយ ឲ្យបានដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងទូលំទូលាយជាពិសេសនៅតាមសាលារៀន ទីសាធារណៈ ប្រជុំជនជាដើម ត្រូវធ្វើការបង្រ្កាបឲ្យអស់នៅតាមមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវដើម្បីខេត្ត និងដើម្បីប្រទេសជាតិមានសុខសុវត្ថិភាព។

លោក ធូ ភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានឡើងធ្វើបទបង្ហាញក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ចំណេះដឹង ជាមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀន ដល់អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងទាំងបី ក្នុងខេត្តបាត់ដំបង។ លោកបានលើកពីបញ្ហាប្រឈម នៃការជួញដូរគ្រឿង ចែកចាយ គ្រឿងញៀន តាមគ្រប់រូបភាព ដែលធ្វើឲ្យកងកម្លាំង អាជ្ញាធរ បង្រ្កាបបានជាបន្តបន្ទាប់ ហើយក៏បានជួបការលំបាកបញ្ហាប្រឈមផ្សេងៗមួយចំនួន ក្នុងការបង្រ្កាបបទល្មើស ព្រោះជនល្មើសទាំងនោះជួញដូរ មានលក្ខណៈទំនើបជាងមុនដោយឈានដល់ការជួញ ដូរគ្រឿងញៀន តាមរយៈប្រព័ន្ធអនឡានជាដើម ដែលធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការបង្រ្កាបបទល្មើស។

ក្នុងឱកាសបូកសរុបបិទ នៃពិធីផ្សព្វផ្សាយនេះ លោក សុខ លូ បានផ្តាំផ្ញើថា បញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមមួយក្នុងសង្គម និងជារឿងចាំបាច់ត្រូវតែយកចិត្តទុកដាក់ ក្នុងការដោះស្រាយ ហើយរឿងនេះអាចលុបបំបាត់ និងទប់ស្កាត់បាន លុះត្រាតែមានការចូលរួមពីសំណាក់យើងទាំងអស់គ្នា មិនត្រូវឃុបឃិតនឹងបទល្មើសគ្រឿងញៀនជាដាច់ខាត ហើយត្រូវមានស្មារតីភ្ញាក់រលឹកទាំងអស់គ្នា បង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយបំផុតដល់ប្រជាពលរដ្ឋនៅតាមូលដ្ឋានរបស់ខ្លួន៕
























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...