(ភ្នំពេញ)៖ គណៈគ្រប់គ្រងនៃពហុកីឡដ្ឋានជាតិ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងអំពី ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
ពហុកីឡដ្ឋានជាតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល មានក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាល ដែលត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ផ្តើមទទួលរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា មានជាអាទិ៍៖ ការប្រកួតកីឡាបាល់ទាត់ផ្លូវការ និងមិន ផ្លូវការគ្រប់ប្រភេទ ការប្រគុំតន្ត្រីគ្រប់ខ្នាត ការសំដែងសិល្បៈ ការតាំងពិព័រណ៍ផលិតផល ការប្រជុំ សិក្ខា-សាលា ។ល។ ដែលវិស័យរដ្ឋ និងឯកជនមានតម្រូវការ។
ដើម្បីឱ្យព្រឹត្តិការណ៍ ឬកម្មវិធីនានា ដែលត្រូវរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ អាចប្រព្រឹត្តទៅ ដោយរលូន និងមិនជាន់កម្មវិធីគ្នាពហុកីឡដ្ឋានជាតិ សូមស្នើដល់ក្រសួង ស្ថាប័ន សហព័ន្ធកីឡាជាតិ និង វិស័យឯកជន សូមពិភាក្សាជាមុនជាមួយគណៈគ្រប់គ្រង នៃពហុកីឡដ្ឋានជាតិ ទៅលើហេដ្ឋារចនាសម្ព័ន្ធ និង ពេលវេលាជាក់លាក់ដែលត្រូវរៀបចំព្រឹត្តិការណ៍ ឬកម្មវិធីរបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង មកក្រុមការងារពហុកីឡដ្ឋានជាតិ តាមរយៈទូរស័ព្ទលេខ: ០៩៨ ៧៤៤ ៦៤៤/០៩៨ ៩៥៣ ៤៥៦៕