ព្រឹទ្ធសភាអាមេរិក ទទួលស្គាល់លោក John Ratcliffe ជានាយក CIA

Posted By: RoogRog Robot | 24-Jan-2025 09:15:52

2025-01-24 09:13am

(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា បានបោះឆ្នោតក្នុងសំឡេងគាំទ្រភាគច្រើនលើសលុប ដើម្បីទទួលស្គាល់លោក John Ratcliffe ជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ដែលនេះជា ការបំពេញមុខតំណែងដ៏សំខាន់មួយនៅក្នុងក្រុមមន្ត្រីសន្តិសុខជាតិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតទទួលស្គាល់លោក Ratcliffe ជានាយក CIA ក្នុងសំឡេងគាំទ្រ ៧៤ ទល់នឹង២៥សំឡេងជំទាស់។ លោក Ratcliffe ធ្លាប់កាន់តំណែងជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ក្រោយអាណត្តិទី១របស់លោក ត្រាំ។ លោកក៏ជាមនុស្សម្នាក់ដែលផ្តោតជាសំខាន់លើចិនផងដែរ ដោយលោកបាននិយាយថា​ CIA នៅក្រោមការដឹកនាំរបស់លោកនឹងបង្កើតការផ្តោតលើអ្វីដែល លោកហៅថាជាការគំរាមកំហែងបង្កឡើងដោយចិន និងគណបក្សកម្មុយនិស្ដចិន។

គួរបញ្ជាក់ថា លោក John Ratcliffe ធ្លាប់បម្រើការជារដ្ឋអាជ្ញាសហព័ន្ធម្នាក់ និងធ្លាប់ជាអ្នកតំណាងរាស្ត្រប្រចាំរដ្ឋតិចសាស់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០។ អំឡុងឆ្នាំ២០២០ លោកជាមនុស្សម្នាក់ដែលបានចេញមុខការពារ លោក ដូណាល់ ត្រាំ ដែលត្រូវប្រឈមមុខនឹងនីតិវិធីចោទប្រកាន់ដកតំណែងនៅពេលនោះ។ ក្រោយមក លោក ត្រាំ បានតែងតាំងលោក Ratcliffe ជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិដើម្បីដឹកនាំសហគមន៍ស៊ើបការណ៍ សម្ងាត់អាមេរិក និងកាន់តំណែងជាទីប្រឹក្សាដ៏សំខាន់របស់លោក ត្រាំ លើព័ត៌មានសម្ងាត់៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...