(ស្ទឹងត្រែង)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ការសម្អាតចក ឬយកចកចេញពីបឹង គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋានព្រោះរឿងរ៉ាវ ឬបញ្ហាទាំងអស់ គឺកើតមាននូវក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ ដូច្នេះអាជ្ញាធរមូលដ្ឋានភូមិ ឃុំ សង្កាត់ គឺត្រូវតែចូលរួមធ្វើឱ្យសម្រេចបាននូវការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយត្រូវកំណត់ទីតាំងក្នុងភូមិឱ្យបានច្បាស់លាស់ដើម្បីរាំងខ្ទប់បញ្ហាគ្រឿងញៀន កុំឱ្យរាលដាលតាមរយៈការប្រើប្រាស់នូវមធ្យោបាយផ្សេងៗ ផ្សព្វផ្សាយ អប់រំ បង្ការ បង្ក្រាប និងបំផុសឱ្យប្រជាពលរដ្ឋទាញយកនិងប្រើប្រាស់ App NoDrug ដែលជាឧបករណ៍ដ៏មានប្រសិទ្ធភាពស័ក្តិសិទ្ធភាពក្នុងការផ្ដល់ព័ត៌មានរាយការណ៍ដើម្បីយកបញ្ហាគ្រឿងញៀននោះចេញពីសហគមន៍។
ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានធ្វើឡើងនៅក្នុងសិក្ខាសិលាស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារនៃកិច្ចសហប្រតិបត្តិការអនុវត្តភូមិ ឃុំស គ្មានគ្រឿងញៀន នៅតំបន់ព្រំដែនកម្ពុជា-ថៃ-ឡាវ ក្រោមជំនួយ LOA ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
ក្នុងនាមលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង, លោក ធូ ចាន់ពៅ អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានថ្លែងស្វាគមន៍ និងរបាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលកើតចេញពីការរួមគ្នារបស់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង។
លោក ស៊ូប៉ាផាត់ ហ៊ីបឱសថ ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកគ្រឿងញៀនអមស្ថានទូតថៃប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់កិច្ចសហការល្អកម្ពុជា ថៃដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនតាមភូមិ និងសហគមន៍។ ប្រសិនបើសហគមន៍នៅតែមានបញ្ហាគ្រឿងញៀន គឺជាភូមិ និងសហគមន៍នោះនឹងបន្តប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍ និងជីវភាពប្រជាពលរដ្ឋ។
ក្នុងនាមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, នាយឧត្តមសេនីយ៍មាស វិរិទ្ធ បានថ្លែងអំណរគុណដល់ភាគីថៃ ជាដៃគូសហការគ្រប់ជុងជ្រោយនៅលើបញ្ហាគ្រឿងញៀនក៏ដូចជាបញ្ហាផ្សេងៗទៀត ការអនុវត្តផែនការភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀននៅខេត្តជាប់ព្រំដែនកម្ពុជា ថៃ ឡាវ ពិតជារនាំងឃាំងខ្ទប់បញ្ហាគ្រឿងញៀនកុំឱ្យឆ្លងកាត់ព្រំដែនប្រទេសទាំងបី៕