(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានមានប្រសាសន៍ អាជីពជា វេជ្ជបណ្ឌិត គ្រូពេទ្យ គឺជាអ្នកធ្វើការដណ្តើមជីវិតអ្នកជំងឺពីមច្ចរាជ ហេតុនេះទាមទារឱ្យការធ្វើការងារដោយឆន្ទៈ និងមេត្តាធម៌។
លោកជំទាវបណ្ឌិត លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។
លោកជំទាវបណ្ឌិតមានប្រសាសន៍ថា ក្រុមគ្រូពេទ្យ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្រោចស្រង់ជីវិតមនុស្សដោយជោគជ័យ ប៉ុន្តែតែពេលខ្លះក៏មិនបានជោគជ័យ តែយ៉ាងណាក៏ពួកគាត់បានជួយប្រឹងប្រែងដល់ទីបំផុត។
លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ដោយសារតែអាជីពនេះសំខាន់ដូចនេះហើយ ទើបទាមទារនូវការធ្វើការងារ ប្រកបដោយ ឆន្ទៈ វិជ្ជាជីវៈ គុណធម៌ សីលធម៌ក្នុងការធ្វើការ ប្រសិនបើគ្មានបេះដូងទេ គឺមិនអាចធ្វើការបានទេ។ លើសពីនេះទៀត ការងារនេះក៏ទាមទារ ឱ្យមានការអត់ធ្ងត់ និងមេត្តាធម៌ឱ្យបានខ្ពស់ ជាពិសេសធ្វើការជាមួយកុមារ៕