រដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការអនុវត្តការងាររបស់ គ.ក.ស.ក ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥

Posted By: RoogRog Robot | 15-Jan-2025 16:26:51

2025-01-15 04:20pm

(សៀមរាប)៖ លោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប, លោកស្រី ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រងី្ស អភិបាលរង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការអនុវត្តការងារ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្ត (គ.ក.ស.ក) ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក លោកស្រីជាសមាជិក គ.ក.ស.ក ខេត្ត, ក្រុង ស្រុក និងឃុំ សង្កាត់ តំណាងអង្គការជាដៃគូជាច្រើន។

ថ្លែងក្នុងឱកាសនោះលោកស្រី ស៊ិន ណម បានបញ្ជាក់ថា សិក្ខាសាលានេះនឹងផ្ដល់នូវបទពិសោធន៍ល្អៗ ដល់សិក្ខាកាមក្នុងការយកទៅអនុវត្តក្នុងឆ្នាំបន្ត ហើយក៏ជាកម្លាំងចលករ​ជម្រុញឲ្យមានការអភិវឌ្ឍ​នៅថ្នាក់ក្រោមជាតិ និងលើកកម្ពស់សមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះនៅមូលដ្ឋាន។ សិក្ខាសាលានេះក៏បានផ្តល់ឱកាសឲ្យអ្នកចូលរួមទាំងអស់មានទំនាក់ទំនង និងសហការគ្នា​ក្លាយជាធ្លុងមួយក្នុងការលើកកម្ពស់ ព្រមទាំងជំរុញការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីផង​ដែរ។

លោកស្រី ម៉ននី រងី្ស បានលើកឡើងដែរថា ដើម្បីឆ្លើយតបតាមតម្រូវការ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ពិសេសស្ត្រី និងកុមារ ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គមក្នុងក្របខណ្ឌនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងបរិបទដែលប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា បាននឹងកំពុងអាស្រ័យផល ពីសន្តិភាព សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពនយោបាយដែលបានផ្តល់ឱកាសឲ្យយើងទាំងអស់គ្នា​បានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍​ប្រទេសជាតិលើគ្រប់វិស័យជាបន្តបន្ទាប់។

លោកស្រីបានបន្តថា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្ត (គ.ក.ស.ក) គឺជាគណៈកម្មាធិការដ៏មានសារៈសំខាន់មួយក្នុងចំណោមគណៈកម្មាធិការទាំងបីរបស់ក្រុមប្រឹក្សាខេត្ត ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីផ្តល់យោបល់ និងលើកជាអនុសាសន៍ជូនក្រុមប្រឹក្សា គណៈអភិបាល និងគណៈកម្មាធិការដទៃទៀតរបស់ក្រុមប្រឹក្សាលើបញ្ហាពាក់ព័ន្ធនឹងសមភាព យេនឌ័រ បញ្ហាស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ដែលស្ថិតនៅក្នុងអំណាចមុខងារ និងភារកិច្ចរបស់ក្រុមប្រឹក្សា។

លោកស្រីបន្តថា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្ត មានតួនាទី និងភារកិច្ចសម្របសម្រួល ពិគ្រោះយោបល់ ផ្តល់ប្រឹក្សា ពិនិត្យតាមដាន ជម្រុញ និងសហការដោះស្រាយនូវ​ការងារទាំងឡាយ​ពាក់ព័ន្ធនឹងសមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ សំដៅលើកកម្ពស់ការអភិវឌ្ឍស្ថានភាពស្ត្រី និងកុមារក្នុងខេត្ត។

លោកស្រីបញ្ជាក់ថា សិក្ខាសាលានេះនឹងឆ្លុះបញ្ចាំងនូវវឌ្ឍនភាព ចំណុចវិជ្ជមាន បញ្ហាប្រឈមទាក់ទងនឹងបញ្ហាសមភាពយេនឌ័រ បញ្ហាស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ មេរៀនបទពិសោធន៍ និងការបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ក្នុងការបំពេញមុខងារភារកិច្ចរបស់ គ.ក.ស.ក ខេត្ត គ.ក.ស.ក ក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងការលើកកម្ពស់ស្ថានភាពស្ត្រី និងកុមារ ក្នុងមូលដ្ឋានខេត្តសៀមរាប សម្រាប់ឆ្នាំ២០២៤ និងទិសដៅ អនុវត្តបន្តនៅឆ្នាំ២០២៥ខាងមុខផង​ដែរ៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...