(ភ្នំពេញ)៖ ដើម្បីចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងជំរុញវិស័យទេសចរណ៍នៅក្នុងកម្ពុជា ឱ្យកាន់តែរីកចម្រើននោះ, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ទាំងអស់រួមគ្នាផលិតវីដេអូ និងបង្កើតមុមសរសេរព័ត៌មានល្អ មានខ្លឹមសារ សម្រាប់ទាក់ទាញអ្នកទេសចរឱ្យទៅលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស ដើម្បីគាំទ្រដល់គោលនយោបាយលើកកម្ពស់ វិស័យទេសចរណ៍ និងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងតំបន់ទេសចរណ៍។
ការជំរុញបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោករួមជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ <<ការលើកកម្ពស់វិស័យទេសចរណ៍ និងប្រឆាំងព័ត៌មានក្លែងក្លាយ>> នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅសាលចតុម្មុខមង្គលនៃក្រសួងព័ត៌មាន។
នាឱកាសនោះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកោតសរសើរចំពោះអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គមដែលបានផលិតមាតិកាផ្សព្វផ្សាយកន្លងមក និងបានផ្ដល់គំនិតក្នុងការផលិតខ្លឹមសារផ្សព្វផ្សាយបន្ថែមទៀត។
លោករដ្ឋមន្ត្រីបានអំពាវនាវដល់អ្នកបង្កើតមាតិកា អ្នកសារព័ត៌មាន ជាពិសេសក្រុម MMO (Make Money Online) កុំព្រោះតែប្រយោជន៍ខ្លួន កុំព្រោះតែលុយ បង្កើតនូវព័ត៌មានក្លែងក្លាយដើម្បីបានប្រយោជន៍ពីការផ្សាយនោះ ធ្វើឱ្យប្រាស់ចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងស្នើឱ្យអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាសង្គម និងក្រុម MMO ប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈឱ្យបានល្អ គោរពនូវតម្លៃសង្គម កិត្តិយសជាតិ និងសីលធម៌។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងយ៉ាងដូច្នេះថា៖ <<នៅក្នុងក្របខណ្ឌអ្នកផ្សព្វផ្សាយ និងឃោសនានេះ យើងត្រូវមើលវត្ថុអ្វី កុំឱ្យយកចិត្តយើងថា អាហ្នឹងឃើញអត់ផ្សព្វផ្សាយ អត់ទេ គឺទម្រង់ប្រធានបទ ដដែលកន្លែងដដែល ទីតាំងដដែល ប៉ុន្តែយើងមើលមុមផ្សេងៗគ្នាវាបង្កើតឱ្យមានជម្រើសច្រើន ទៅលើការផ្សព្វផ្សាយព័ត៌មានទាំងអស់នេះហើយអ្វីដែលសំខាន់ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ នឹងចាប់ដៃគ្នាក្នុងការផ្សព្វផ្សាយរៀបចំជាកិច្ចប្រជុំ រៀបចំជាកម្មវិធីផ្សព្វផ្សាយ ដើម្បីជូនព័ត៌មានដល់អ្នកពាក់ព័ន្ធអំពីរបកគំហើញថ្មីៗនៃទីតាំងទេសចរណ៍ ជំរុញលើការផ្សព្វផ្សាយ ជំរុញលើសេវា និងការទាក់ទាញនូវអ្វីដែលភ្ញៀវចង់ដឹង>>។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំង ១៧លាននាក់ មុននឹងរៀបចំផែនការទៅទស្សនានៅក្រៅប្រទេស អាចដាក់ផែនការទស្សនាក្នុងប្រទេសឱ្យស្គាល់ប្រទេសខ្លួនឯងសិន យើងក៏សំបូរបែបទស្សនាកម្សាន្ត មានឆ្នេរសមុទ្រ មានតំបន់ខ្ពង់រាបមានអាកាសធាតុត្រជាក់ និងមានបន្លែងដាំនៅទីនោះផ្ទាល់ជំរុញគាំទ្រគោលនយោបាយនាំចេញនៅនឹងកន្លែងគឺមានន័យថា បងប្អូនជួយជីវភាពប្រជាពលរដ្ឋ ប្រជាកសិករដាំបន្លែបង្ការ ដាំដំណាំផ្សេងៗតាមរយៈ ការធ្វើទេសចរណ៍កន្លែងហ្នឹង បង្កើនផលិតភាព បង្កើនជីវភាព អាហ្នឹងជាចំណុចធ្វើឱ្យសេដ្ឋកិច្ចក្នុងប្រទេសរបស់យើងដើរច្រើន ហើយទាក់ទាញតាមរយៈគោលនយោបាយ របស់ក្រសួងទេសចរណ៍ក៏ទាក់ទាញភ្ញៀវទេសចរក្រៅប្រទេសមកចាយវាយនៅក្នុងប្រទេសដែលមិនធ្វើឱ្យលិចធ្លាយនៅខាងក្រៅប្រទេស។
<<អ៊ីចឹងពេលយើងលើកទឹកចិត្តទេសចរក្នុងស្រុក គឺជាផ្នែកមួយជួយជំរុញបន្ថែមនូវការផលិតនូវផលិតផលនៅក្នុងស្រុក ហើយអាហ្នឹងហើយ គឺយើងទប់ការលិចធ្លាយចំណូលពីទេសចរទៅក្រៅ ប្រទេសតាមរយៈដែលយើង ប្រើប្រាស់ដំណាំ និងលើកទឹកចិត្ត កាលណាដែលមានទីផ្សារប្រជាកសិករដាំ យើងនឹងផ្គត់ផ្គង់ប្រើប្រាស់បាន>>។ នេះជាការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ការចូលរួមផ្សព្វផ្សាយនេះជារឿងសំខាន់ក្នុងការជួយទាក់ទាញទេចរមកកាន់កម្ពុជា។ បន្ថែមពីនេះ ក្រសួងព័ត៌មាន ក៏បានត្រៀមខ្លួនជាស្រេចក្នុងការជួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយនូវផែនការ និងគោលដៅទេសចរណ៍ឱ្យបានពេញលេញ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យទៅទស្សនានៅតំបន់ទេសចរណ៍ដែលមានសក្តានុពលនៅកម្ពុជាបានច្រើន។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មាននឹងរៀបចំឱ្យមានយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយក្នុងពេលឆាប់ៗខាងមុខ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយពីព័ត៌មានក្លែងក្លាយកុំឱ្យប្រជាជនលង់ជឿនូវព័ត៌មានដែលមិនពិតទាំងអស់នេះ រួមទាំងការលុបបំបាត់ព័ត៌មានក្លែងក្លាយផងដែរ។ លោកក៏បានរម្លឹកថា ក្រសួងព័ត៌មាន បានសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការបង្ក្រាប ទប់ស្កាត់ នូវព័ត៌មានក្លែងក្លាយនៅកម្ពុជាផងដែរ៕