(ឡុងដ៏)៖ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុ និងប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់ចក្រភពអង់គ្លេស បានលាលែងពីតំណែង កាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីមានចម្ងល់ច្រើន ជុំវិញទំនាក់ទំនងផ្នែកហិរញ្ញវត្ថុ រវាងលោកស្រីជាមួយនិងម្តាយមីង គឺលោកស្រី Sheikh Hasina អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស ដែលត្រូវទម្លាក់ពីអំណាច កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ ២០២៥។
លោកស្រី Tulip Siddiq អាយុ ៤២ឆ្នាំ បានបដិសេធម្តងហើយម្តងទៀត ពីការប្រព្រឹត្តអំពើខុសឆ្គងណាមួយ ហើយនាយករដ្ឋមន្ត្រី លោក Keir Starmer ក៏បាននិយាយដែរថា លោកមានទំនុកចិត្តទាំងស្រុងលើលោកស្រី។ នៅក្នុងលិខិតដាក់ជូននាយករដ្ឋមន្រ្តី លោកស្រី Siddiq បញ្ជាក់ថា ការលាលែងនេះក៏ ព្រោះតែមុខតំណែងលោកស្រី ទំនងជារំខានដល់ការងាររបស់រដ្ឋាភិបាល។
ក្នុងលិខិតដាក់ដាច់ឡែកមួយទៅកាន់ លោក Starmer ទីប្រឹក្សាផ្នែកក្រមសីលធម៌របស់រដ្ឋាភិបាល បានលើកឡើងថា ទោះជាលោកស្រី Siddiq មិនបានបំពានក្រមសីលធម៌របស់ក្រសួងក៏ដោយ ប៉ុន្តែវាជារឿងគួរឱ្យសោកស្តាយ ដែលលោកស្រីមិនប្រុងប្រយ័ត្នពីហានិភ័យកេរ្តិ៍ឈ្មោះ ដែលអាចកើតចេញពីទំនាក់ទំនង ជាមួយសាច់ញាតិនៅបង់ក្លាដែស។
គួរបញ្ជាក់ថា លោកស្រី Hasina ដែលគ្រប់គ្រងបង់ក្លាដែសតាំងពីឆ្នាំ ២០០៩ កំពុងស្ថិតក្រោមការស៉ើបអង្កេត ពីបទសង្ស័យប្រព្រឹត្តអំពើពុករលួយ និងលាងលុយកខ្វក់ ខណៈដែលលោកស្រី និងខាងគណបក្ស បានបដិសេធ។ ចំណែក លោកស្រី Siddiq ដែលត្រូវជាក្មួយរបស់លោកស្រី Hasina កាន់ការងារគោលនយោបាយសេវាកម្មហិរញ្ញវត្ថុ ដែលជាតួនាទីមួយរួមបញ្ចូលទាំងការទទួលខុសត្រូវ លើវិធានការប្រឆាំងនឹងការលាងលុយ៕