ទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋដែលអូសបន្លាយពេលជាង១០ឆ្នាំ នៅឃុំលំទង ស្រុកអន្លង់វែង ត្រូវបានអភិបាលខេត្តឧត្តរមានជ័យ ចុះដោះស្រាយបញ្ចប់

Posted By: RoogRog Robot | 15-Jan-2025 16:10:06

2025-01-15 04:03pm

(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានដឹកនាំជំនាញចុះដោះស្រាយបញ្ចប់បញ្ហាទំនាស់ដីធ្លី ដែលអូសបន្លាយពេលជាង១០ឆ្នាំរបស់ប្រជាពលរដ្ឋ​ចំនួន៤៤គ្រួសារ ដែលមានផ្ទៃដីកាន់កាប់អាស្រ័យផលប្រមាណ ២៨៧ហិចតា រស់នៅចំណុចអូរចាប់ត្រី និងចំណុចដីក្រហម ភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង នឹងប្រកាសចេញបណ្ណកម្មសិទ្ធ​ដោយស្របច្បាប់ជូនពួកគាត់ផងដែរ។

ស្របពេលដែរលោកអភិបាលខេត្តឧត្តរមានជ័យ ចុះដោះស្រាយបញ្ចប់បញ្ហាទំនាស់ដីធ្លីនេះប្រជាពលរដ្ឋ បានសំដែងនូវក្តីសេចក្តីសប្បាយរីករាយជាពន់ពេក និងបានលើកឡើងដែរថា ទំនាស់ដីធ្លីនេះបានកើតឡើង​ជាយូរណាស់​មកហើយ ពោលគឺតាំងពីអ្នកខ្លះនៅលីវ រហូតមកដល់ពេលនេះមានកូន មានចៅ និងអ្នកខ្លះទៀតក៏បានចែកបន្តទៅឱ្យកូនចៅទៀតក៏មាន ប៉ុន្តែអ្វីដែលជាក់ស្តែងនោះគឺពួកគាត់បានអាស្រ័យផល ដោយជាដំណាំរួមផ្សំផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ថែមទៀតផង។

បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់ប្រជាពលរដ្ឋ ក៏ដូចជាអនុវត្តតាមគោលការណ៍ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោក មាន ចាន់យ៉ាដា បានសម្រេចផ្តល់ដីជូនប្រជាពលរដ្ឋដោយកាន់កាប់ស្របច្បាប់ នឹងប្រកាសចេញបណ្ណកម្មសិទ្ធស្របច្បាប់ជូនថែមទៀតផង ដើម្បីកុំឱ្យមានបញ្ហានៅថ្ងៃក្រោយ។

អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ប្រជាពលរដ្ឋថា ទីណាប្រជាពលរដ្ឋមានបញ្ហា ទីនោះត្រូវមានវត្តមានអាជ្ញាធរដើម្បីជួយដោះស្រាយជានិច្ច លោកណែនាំឱ្យប្រជាពលរដ្ឋ ត្រូវខិតខំបង្ករបង្កើនផល​លើដីរបស់ខ្លួន ដើម្បីលើកស្ទួយជីវភាពគ្រួសារ កុំកាប់រុករានដីព្រៃរបស់រដ្ឋដែលជាអំពើខុសច្បាប់ ត្រូវអប់រំកូនចៅកុំឱ្យក្លាយជាក្មេងទំនើងប្រចាំភូមិ និងកុំឱ្យពាក់ព័ន្ធជាមួយគ្រឿងញៀនជាដាច់ខាត៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...