សិស្សមូស្លីមជិត៥០០នាក់នៅក្រុងតាខ្មៅ ទទួលបានជំនួយសម្ភារសិក្សា ពីអង្គការ Hasene ពីប្រទេសតួគីយ៉េ តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា

Posted By: RoogRog Robot | 15-Jan-2025 16:04:52

2025-01-15 04:00pm

(កណ្ដាល)៖ សិស្សានុសិស្សជាង៥០០នាក់ នៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ទទួលបានជំនួយជាសម្ភារសិក្សាចំនួន៣៥០កញ្ចប់ (ចែកគ្នាតាមភាពជាក់ស្ដែង) ដែលជាជំនួយរបស់អង្គការ Hasene ពីប្រទេសតួគីយ៉េ តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា។

ពិធីជួបសំណេះសំណាលជាមួយកូនសិស្សជាមួយនឹងស្នាមញញឹម សប្បាយរីករាយនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដែលមានសមាសភាពចូលរួមដោយលោកស្រី Ülkü Kocaefe អគ្គរដ្ឋទូត ប្រទេសតួរគីយ៉េ, លោក រ៉ហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាតំណាង ដាតុបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការ CMDF, លោក ស៊ូ សេន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអ៊ីម៉ាំខេត្តកណ្ដាល (មេសាសនាឥស្លាមខេត្ត) ព្រមទាំងចូលរួមពីសមាជិក សមាជិកាជាច្រើននាក់ផ្សេងទៀត។

លោកស្រី Ülkü Kocaefe បានសំដែងនូវក្ដីសោមនស្សរីករាយដែលបានមកជួបក្មេងៗសិស្សសាលា និងបានផ្ដាំផ្ញើរឲ្យខំរៀនសូត្រ ធ្វើជាក្មេងល្អ សិស្សល្អ កូនល្អ ធ្វើខ្លួនឲ្យល្អក្នុងសង្គមជាដើម។

ជាមួយគ្នានេះ លោក រ៉ហ្វី អូស្មាន បានថ្លែងអំណរជាអនេកដល់ភាគីខាងអង្គការ Hasene ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភ និងជួយមកដល់ក្មេងសិស្សសាលាមូស្លីមទូទាំងប្រទេស ដែលសកម្មភាពនេះ មិនមែនជាលើកទី១ទេ ពោលគឺជាច្រើនមកហើយ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីទឹកចិត្តដ៍ថ្លៃថ្លារបស់ភាគីតួរគីយ៉េ ដែលបានខិតខំផ្ដល់ជំនួយផ្នែកអប់រំ មកដល់សិស្សានុសិស្សស្ទើរគ្រប់ទីតាំងនៅប្រទេសកម្ពុជា។

លោកក៏ស្នើសុំបន្ថែមជំនួយជាបន្តបន្ទាប់ ដ្បិតថា កម្ពុជាយើងកំពុងមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយល្អ មានសុខដុមនីយកម្មសាសនាបានល្អបំផុត ដែលជាមូលដ្ឋានគ្រឹះដ៍រឹងមាំ ក្នុងការអភិវឌ្ឍនជាតិឲ្យរីក ចម្រើនទៅមុខ ក្នុងនោះវិស័យអប់រំក៏ត្រូវបានចាត់ទុកជាអទិភាពផងដែរ ដូច្នេះក្នុងសហគមន៍ឥស្លាមកម្ពុជា បាននិងកំពុងរីកលូតលាស់ទៅមុខជាលំដាប់ ខណៈដែលសិស្សានុសិស្សចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ឧត្តម បាននិងកំពុងដំណើរយ៉ាងស្វិតស្វាញ ដោយលោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់ បានចុះដៃធ្វើការយ៉ាងរហ័ស ច្បាស់លាស់ ក្នុងទិសដៅបណ្ដុះបណ្ដាលកូនចៅជំនាន់ក្រោយឲ្យក្លាយជាមនុស្សមានគុណភាពល្អពិត មានក្រមសិលធម៍ល្អ មានកម្រិតចំណេះដឹងខ្ពស់ ពេញដោយសមត្ថភាព ដើម្បីរួមគ្នាការពារសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិឲ្យរីកចម្រើនទៅមុខជាលំដាប់។

មិនភ្លេចផ្ដាំផ្ញើសិស្សៗនោះទេ, លោក រ៉ហ្វី អូស្មាន បានលើកទឹកចិត្តក្មេងៗសិស្សសាលាទាំងអស់ ឲ្យខំរៀនឡើង កុំលេងហ្គេមច្រើនពេក កុំសេពគប់មនុស្សមិនល្អ ចៀសឲ្យផុតរាល់ទង្វើអបាយមុខគ្រប់ប្រភេទ កុំជក់បារី សេពគ្រឿងស្រវឹង គ្រឿងញៀនជាដើម ប៉ុន្តែត្រូវតស៊ូរៀនសូត្រ ស្ដាប់លោកគ្រូ អ្នកគ្រូ មាតាបិតា ចាស់ទុំក្នុងភូមិ ដោយតាំងចិត្តក្លាយជាមនុស្សមានសមត្ថភាព ជួយអភិវឌ្ឍន៍សង្គមឲ្យរុងរឿង រីកចម្រើនទៅមុខជាលំដាប់។

សូមជម្រាបថា សម្ភារៈដែលចែកដល់សិស្សសាលាទាំងអស់គ្នារួមមាន កាបូបស្តាយ គម្ពីរអាល់គុររអាន សៀវភៅសរសេរ បន្ទាត់ ប៊ិច ខ្មៅដៃសរសេរ ប្រដាប់ខួងខ្មៅដៃ ជ័រទឹកលប់ ដោយក្មេងទាំងអស់គ្នាទទួលបានតាមការបែងចែក របស់គណៈកម្មការរៀបចំស្មើរភាពគ្នា៕



























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...