រដ្ឋមន្ត្រីព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសរួមគ្នាសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ឱ្យទូលំទូលាយ និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីការពារវិស័យទេសចរណ៍

Posted By: RoogRog Robot | 15-Jan-2025 15:53:21

2025-01-15 03:49pm

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីព័ត៌មាន និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសរួមគ្នាសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយការពារវិស័យទេសចរណ៍ ដើម្បីធ្វើយ៉ាងលើកមុខមាត់ កិត្យានុភាព កេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ដោយប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ។

ការប្រកាសបែបនេះរបស់រដ្ឋមន្ត្រីទាំងពីរបានធ្វើឡើងក្នុងឱកាស <<ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ>> នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការផ្សព្វផ្សាយព័ត៌មានដែលល្អវាជួយលើកកម្ពស់វិស័យនានានៅកម្ពុជា ហើយក្នុងនោះវិស័យទេសចរណ៍ គឺជាកត្តាសំខាន់ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យព័ត៌មាន ដូច្នេះ ប្រសិនបើការផ្សព្វផ្សាយព័ត៌ល្អ ព័ត៌មានដែលមានសុវត្ថិភាព ពិតត្រឹមត្រូវ ផ្តល់នូវជំនឿទុកចិត្តនោះនឹងធ្វើឱ្យភ្ញៀវទេសចរ ឬអ្នកមានគោលបំណងធ្វើដំណើរទេសចរណ៍មកកាន់ប្រទេសកម្ពុជា មានភាពកក់ក្តៅ ព្រមទាំងអាចផ្តល់លទ្ធភាពដល់ពួកគាត់បានទទួលព័ត៌មានច្បាស់ពីកន្លែងទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា៖ <<ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានឯកភាពគ្នាថា ជាបញ្ហារួមគឺក្រសួងព័ត៌មាន អាចជួយទៅក្រសួងទេសចរណ៍បានតាមរយៈការចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានអំពីសក្តានុពលទេសចរណ៍ និងចូលរួមទប់ស្កាត់ បង្ការក៏ដូចជាប្រឆាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាំងឡាយ ដើម្បីកុំឱ្យខូចមុខមាត់ ឬប៉ះពាល់ដល់អារម្មណ៍ និងបង្កើតឱ្យមានបញ្ហា ក្តីព្រួយបារម្ភ របស់ភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា និងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដែលកម្ពុជាមាន>>។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ចំពោះការងារព័ត៌មាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រូវការជាចាំបាច់បំផុត ពីព្រោះនៅពេលដែលភ្ញៀវទេសចរកំណត់ថានឹងមកទស្សនានៅតាមបណ្តាប្រទេស ឬទីតាំងណាមួយ គឺចាំបាច់ត្រូវតែប្រមូលព័ត៌មាន ក៏ដូចជាស្វែងរកព័ត៌មានផ្សេងៗដែលពាក់ព័ន្ធជាមួយទីតាំង ប្រទេសដែលពួកគាត់កំណត់ទិដៅសម្រាប់ដំណើរកម្សាន្តរបស់ពួកគាត់។ ត្រង់ចំណុចនេះ ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងក្រុមអ្នកផលិតមាតិកា នៅតាមបណ្តាញសង្គម បានរួមគ្នាផ្សព្វផ្សាយព័ត៌មានជាច្រើនពីសក្តានុពលទេសចរណ៍ធម្មជាតិ វប្បធម៌ ព្រមទាំងទីតាំងកម្សាន្តនានានៅក្នុងប្រទេសកម្ពុជា ចេញទៅក្រៅប្រទេស។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បង្ហាញពីការព្រួយបារម្ភចំពោះការបង្កើតព័ត៌មានក្លែងក្លាយឱ្យមានការភ័តភ័យ មន្ទិលសង្ស័យដែលជះឥទ្ធិពលទៅដល់អ្នកដែលគ្រោងធ្វើដំណើរទេសចរណ៍ទៅកាន់គោលដៅទេសចរណ៍នៅតាមបណ្តាប្រទេសមួយចំនួនជាដើម។ ដូច្នេះ កាលណាអ្នកទេសចរ បានទទួលព័ត៌មានក្លែងក្លាយមុនព័ត៌មានពិត នោះពួកគាត់នឹងយល់ថាព័ត៌មានក្លែងក្លាយនេះជាព័ត៌មានពិត ចំពោះស្ថានភាពដែលកើតមាននៅក្នុងគោលដៅទេសចរណ៍ដែលពួកគាត់គ្រោងនឹងមកលេងកម្សាន្ត។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ <<ខ្ញុំក៏លើកទឹកចិត្តទៅដល់បងប្អូន សូមបង្កើតមាតិកាល្អៗអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ទីតាំងសក្តានុពលទេសចរណ៍ផ្សេងៗដែលមាននៅក្នុងប្រទេសកម្ពុជា ហើយចូលរួមផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍នៅតាមតំបន់ព្រោះអ្វីដែលយើងផ្សព្វផ្សាយ មិនត្រឹមទាក់ទាញភ្ញៀវទេសចរពីក្រៅទេ ក៏ប៉ុន្តែការជំរុញទេសចរណ៍នៅក្នុងស្រុក ហើយដើម្បីគាំទ្រលើការនាំចេញនៅនឹងកន្លែង>>។

រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបន្ថែមថា អ្នកផលិត មាតិកា គឺបានដើរតួនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកម្សាន្ត ចំណេះដឹង ប៉ុន្តែក៏នាំនូវការពិត និងរក្សាបាននូវសណ្តាប់ធ្នាប់នៅក្នុងសង្គម។ តាមរយៈនេះលោកបានលើកទឹកចិត្តដល់ក្រុម អ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម Influencers ត្រូវបន្តផលិត Content មិនត្រឹមតែសម្រាប់ប្រជាជនក្នុងប្រទេសខ្មែរនោះទេ គឺគិតពីការផលិត Content ដែលមានលក្ខណៈនូវតម្លៃជាសកល ដើម្បីចូលរួមផ្សព្វផ្សាយដោយផ្ទាល់អំពីការពិតរបស់កម្ពុជា ទៅកាន់ពិភពលោក ដែលជាការផ្តល់ផលប្រយោជន៍ដល់ជាតិ ប្រជាជនរបស់ខ្លួន និងចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពបានរឹងមាំ។

បើតាមលោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា ការធ្លាក់ចុះ និងការកើនឡើងចំនួនភ្ញៀវទេសចរ គឺទាក់ទងជាមួយនឹងអន្តរវិស័យជាច្រើន ដូច្នេះ ត្រូវទាមទារឱ្យអ្នកសារព័ត៌មាន អ្នកផលិតមាតិកា រួមគ្នាផ្សព្វផ្សាយព័ត៌មានល្អៗពីកម្ពុជា ដើម្បីផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែយល់ច្បាស់ពីសក្តានុពលទេសចរណ៍នៅកម្ពុជា។





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...