(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលជាមួយ សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ ទាំង ២៣០រូប ដែលទើបប្រឡងជាប់ជាស្ថាពរនាពេលថ្មីៗនេះ និងត្រូវត្រៀមខ្លួនចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល ក្នុងឆ្នាំ២០២៥នេះ នៅសាលសហសិក្សា នៃសាលាភូមិន្ទរដ្ឋបាល។
ក្នុងពិធីជួបសំណេះសំណាលនេះលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានលើកឡើងថា ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០២៤ កន្លងមក សាលា ភូមិន្ទរដ្ឋបាល បានជ្រើសរើសនិងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ ១២ជំនាន់ មានចំនួនសរុប ៦៤១នាក់ (ស្រី១៥៣នាក់) និងសិស្សមន្ត្រីក្រមការ ១០ជំនាន់ មានសរុបចំនួន ៧៩៤នាក់ (ស្រី២១០នាក់)។ សិស្សមន្ត្រីទាំងអស់នោះ បាននិងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ចំនួនបេក្ខជនដាក់ពាក្យប្រឡងចូលរៀនសាលាភូមិន្ទរដ្ឋបាល មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះគឺដោយសារតែការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ និងបន្តមកសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានកំណត់ឱ្យមានការកែទម្រង់លើគ្រប់វិស័យ ពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ដែលធ្វើឱ្យវិស័យសាធារណៈមានភាពទាក់ទាញខ្លាំង សម្រាប់និស្សិត មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងអង្គការសង្គមស៊ីវិលនានា និងមួយផ្នែកទៀត ដោយសារជំនឿទុកចិត្តរបស់ពួកគាត់ ចំពោះដំណើរការប្រឡងប្រជែងជ្រើសរើសរបស់សាលាភូមិន្ទរដ្ឋបាល ដែលផ្តោតលើតម្លាភាព បរិយាបន្ន យុត្តិធម៌ និងគុណាធិបតេយ្យ។
លោកនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ សាលាភូមិន្ទរដ្ឋបាល នឹងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ សរុបចំនួន ៥០នាក់ (ស្រី ១៣នាក់) និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ សរុបចំនួន ១៨០នាក់ (ស្រី ៥២នាក់)។
នៅក្នុងជំនួបសំណេះសំណាលនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងនៅក្តីរីករាយ និងបានចូលរួមអបអរសាទរដល់សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ ទាំង២៣០ រូប ដែលទើបប្រឡងជាប់ជាស្ថាពរនាពេលថ្មីៗនេះ ហើយនិងត្រូវត្រៀមខ្លួនចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល ក្នុងឆ្នាំ២០២៥នេះ។
នៅក្នុងឱកាសនេះលោកឧបនាយករដ្ឋមន្ត្រី បានផ្តល់ឱកាសដល់បេក្ខជនជ័យលាភីទាំងអស់ បានចែករំលែកនូវបទពិសោធន៍ និងការកត់សម្គាល់នានារបស់ខ្លួន ចេញពីការប្រឡងប្រជែងក្នុងអភិក្រម <<ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត>>។ ក្នុងនោះបេក្ខជនជ័យលាភី បានចាប់អារម្មណ៍ជាពិសេសលើដំណើរការនៃការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្ពោះទៅកាន់រដ្ឋបាលសាធារណៈដែលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនេះដែរលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញប្រគល់សេចក្តីសម្រេចស្តីពីការទទួលស្គាល់សិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការទាំង២៣០ រូប ដែលទើបប្រឡងជាប់ជាស្ថាពរនាពេលថ្មីៗនេះផងដែរ៕