ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ថ្លែងពីចំណុចលេចធ្លោរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន, ការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្លាយជាចលនាជាតិ (Video inside)

Posted By: RoogRog Robot | 15-Jan-2025 14:46:21

2025-01-15 02:42pm

(កំពង់ចាម)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងពាក់ព័ន្ធចំណុចលេចធ្លោរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានក្លាយជាចលនាជាតិរួមមួយ ដោយបានយកការផ្សព្វផ្សាយអប់រំជាគោល។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដឆ្នាំ២០២៥របស់រដ្ឋាភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា កិច្ចការងារ ផ្សព្វផ្សាយអប់រំនេះ កន្លងទៅគឺបានផ្សព្វផ្សាយយ៉ាងទូលំទូលាយគ្រប់មជ្ឈដ្ឋាន ក្នុងនោះក៏មានការចូលរួមពីសិល្បករ សិល្បការិនី, សិស្សានុសិស្ស, កីឡាករ កីឡាការិនី និងវិស័យសាសនាផងដែរ។

ដោយឡែក ចំពោះការរៀបចំព្រឹត្តិការណ៍សំខាន់ៗពាក់ព័ន្ធយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការផ្ទាល់ ក៏ទទួលបាននូវការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរពីស្ថាប័នអន្ដរជាតិ ព្រមទាំងបង្ហាញអំពីភាពជាគំរូរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ នេះបើតាមអ្វីដែលឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់។

លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ក៏បានរំលឹកឡើងវិញនូវការអនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចុះដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីផែនការ <<សម្អាតបឹង>> សំដៅដល់ការលុបបំបាត់គ្រឿងញៀនចេញពីស្ថាប័នសាធារណៈរបស់រដ្ឋ តាមរយៈការធ្វើតេស្ដស្វែងរកសារធាតុញៀនលើមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាង១១ម៉ឺននាក់។ ជាលទ្ធផលរកឃើញត្រឹម១០០នាក់ប៉ុណ្ណោះ ដែលមានការពាក់ព័ន្ធ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋ។

ក្នុងន័យនេះ លោកសន្ដិបណ្ឌិត បានស្នើដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្ដអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការ <<សម្អាតបឹង>> ពោលត្រូវពិនិត្យលទ្ធភាពក្នុងការបន្ដធ្វើតេស្ដស្វែង រកសារធាតុញៀនលើមន្ដ្រីរបស់ខ្លួន ទៅតាមការចាំបាច់របស់អង្គភាពសាមីផ្ទាល់តែម្ដង។ លោកសង្កត់ធ្ងន់ថា បទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល ត្រូវបំពេញដោយស្មោះត្រង់ និងបំពេញប្រកបដោយការទទួលខុសត្រូវខ្ពស់។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងអំពីសមិទ្ធផលសំខាន់មួយទៀតរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានបង្កើតកម្មវិធីទូរស័ព្ទឈ្មោះ <> ដែលជាមធ្យោបាយសំខាន់ក្នុងការប្រើប្រាស់ផ្ដល់ព័ត៌មានករណីគ្រឿងញៀន រួមជាមួយការកម្សាន្ដ មេរៀន និងសារអប់រំជាច្រើនទៀតនៅក្នុងកម្មវិធីនេះ។ លោកអះអាងថា រហូតមកដល់ពេលនេះ កម្មវិធីទូរស័ព្ទ <> មានអ្នកប្រើប្រាស់ជិត៤ម៉ឺនាក់ និងទទួលបានសេចក្ដីរាយការណ៍ជិត៦០០ករណី ហើយក៏បានឈានទៅបង្ក្រាបជាបន្ដបន្ទាប់ផងដែរ។

ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំដល់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្ដយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ព្រមទាំងមន្ដ្រីរាជការប្រើប្រាស់កម្មវិធីនេះ ដើម្បីជាចំណែកក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយរាជរដ្ឋាភិបាលកម្ពុជា៕
























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...