ថ្ងៃនេះជាខួប៤០ឆ្នាំ ដែលសម្តេចតេជោក្លាយជានាយករដ្ឋមន្ត្រី, សម្តេចតេជោរំលេចថា ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិត គ្របដណ្តប់ដោយការលំបាកជាង៩០ភាគរយ

Posted By: RoogRog Robot | 14-Jan-2025 07:18:25

2025-01-14 07:16am

(ភ្នំពេញ)៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបគម្រប់៤០ឆ្នាំ (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ថ្ងៃដែល​សម្តេច​តេជោ ហ៊ុន សែន ត្រូវបានផ្តល់សេចក្តីទុកចិត្តពីសភាឱ្យកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា រយៈពេល​ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិតរបស់សម្តេច គឺគ្របដណ្តប់​ដោយ​ការ​លំបាកជាង៩០ភាគរយ។

នៅក្នុងថ្ងៃខួប៤០ឆ្នាំ ដែលសភាផ្តល់សេចក្តីទុកចិត្តកាន់តួនាទី​ជានាយក​រដ្ឋ​មន្ត្រីដឹកនាំកិច្ចការជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើ​បណ្តាញ​​សង្គមថា ការទទួលបានតំណែងប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលពេល​នេះ​ហៅ​ថានាយករដ្ឋមន្ត្រី បន្ទាប់ពីសម្តេចបំពេញតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋ​មន្ត្រី​ស្តីទី ពីខែកញ្ញា ឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្ត្រី ចាន់ ស៊ី ទៅព្យា​បាល​ជំងឺនៅទីក្រុង​មូស្គូ និងទទួលមរណភាពនាខែធ្នូ ឆ្នាំ១៩៨៤។

សម្តេចតេជោ បន្តទៀតថា មុនកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការ​បរ​ទេស​ពីខែមករា ឆ្នាំ១៩៧៩ ដល់ខែមិថុនា ឆ្នាំ១៩៨១ ក្នុងវ័យ២៧ឆ្នាំ។ ខែ​មីនា ឆ្នាំ១៩៨១ ក្នុងវ័យ២៩ឆ្នាំ កាន់តំណែងជាអនុប្រធានក្រុមប្រឹក្សា​រដ្ឋ​មន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកាន់តំណែងជាប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី​ក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រី​ និង​ជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនាពេលនោះ។

សម្តេចតេជោ បានបូកសរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំងរដ្ឋាភិបាលរហូតមកព្រឹទ្ធសភានាពេលនេះមានរយៈពេល៤៦ឆ្នាំ ហើយប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លាន​ពាន​របស់បរទេស និងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពត គឺមានរយៈ​ពេល​៥៥ឆ្នាំ (១៩៧០-២០២៥)។

សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលត្រូវបានប្រជាជនចាត់ទុកជារដ្ឋបុរស បានគូសរំលេចថា ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិតរបស់សម្តេចការលំបាកបានគ្រប​ដណ្តប់មិនតិចជាង៩០ភាគរយនោះឡើយ។

មានប្រសាសន៍ដល់ការលំបាក សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកនូវប្រសាសន៍ ដែលសម្តេចថ្លែងនៅក្នុងសភាក្រោយពេលជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីក្នុងការទទួលខុសត្រូវលើជោគវាសនាជាតិ និងប្រជាជនជាមួយការប្តេជ្ញាចិត្តដ៏មុតមាំ និងខ្ពស់បំផុត។

<<ខ្ញុំនៅចងចាំពាក្យដែលខ្ញុំថ្លែងក្នុងសភា​ក្រោយ​ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីថា មិនត្រូវទុកឱ្យ​ប្រជាជន​ណាម្នាក់​ស្លាប់ដោយអត់បាយដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះ​ឡើយ។ មូលហេតុដែលខ្ញុំលើកឡើងបែបនេះ ដោយសាររដូវវស្សា​ឆ្នាំ១៩៨៤ មានទឹកជំនន់ផង និងរាំងស្ងួតផង ដែលធ្វើឱ្យប្រជាជនខ្វះស្បៀងយ៉ាងធ្ងន់ធ្ងរ។ អាទិ​ភាព​​នៃការងារដំបូងរបស់ខ្ញុំ គឺដោះស្រាយស្បៀងជូនប្រជាជន​ ដែលនេះ​គឺជា​មូលហេតុមួយជំរុញឱ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ចដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លី គឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន>>។ នេះជាការបញ្ជាក់របស់សម្តេចតេជោ។

ទន្ទឹមនឹងការគូសរំលេចសាររំលឹកដល់រឿងរ៉ាវនៃដំណើរជីវិតក្នុងកិច្ចការជាតិសម្តេចតេជោ ក៏បានបង្ហាញរូបថតពីអាយុ១៩ឆ្នាំ ២១ឆ្នាំ២៦ឆ្នាំ ៣២ឆ្នាំ និងចុងក្រោយ៧២ឆ្នាំ ដើម្បីយល់ដឹងបន្ថែមពីដំណើរជីវិតរបស់សម្តេចផងដែរ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...