បុរសជនជាតិភាគតិចម្នាក់ ត្រូវហ្វូងដំរីព្រៃជាន់ស្លាប់ ខណៈចូលទៅដាក់អន្ទាក់មាន់ព្រៃ នៅភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា

Posted By: RoogRog Robot | 14-Jan-2025 21:35:02

2025-01-14 09:30pm

(មណ្ឌលគិរី)៖ បុរសជនជាតិដើមភាគតិចព្នងម្នាក់ត្រូវបានដំរីព្រៃជាន់ស្លាប់ ខណៈចូលទៅដាក់អន្ទាក់មាន់ព្រៃ ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ៧ និង០០នាទីព្រឹក នៅចំណុចអូរច្រា ស្ថិតនៅភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រហូតដល់រសៀលថ្ងៃទី១៤ ខែ មករា បានទទួលដឹងថា មានករណីប្រជាពលរដ្ឋស្លាប់ចំនួនម្នាក់ដោយសារដំរីជាន់ស្លាប់ ដែលជនរងគ្រោះក្នុងហេតុការណ៍ ឈ្មោះ ព្លឹង គោញ ភេទប្រុស មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

លោក ហេង អ៊ួង អធិការស្រុកកែវសីមា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកែវសីមា ដែលនាំគ្នាចូលព្រៃដើម្បីប្រកបមុខរបរផ្សេងៗថា សូមបងប្អូនទាំងអស់សូមមេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតអំពីសុវត្ថិភាពផ្ទាល់ខ្លួនពីហ្វូងសត្វដំរីព្រៃដែលមានសភាពកាចសាហាវផង។

លោកបន្តថាជនរងគ្រោះ ដែលបានចូលទៅក្នុងព្រៃនោះម្នាក់ឯង ដើម្បីទៅដាក់អន្ទាក់មាន់ព្រៃ យកមកធ្វើម្ហូប នៅពេលដែលជនរងគ្រោះខាងលើមិនឃើញត្រឡប់មកផ្ទះ រហូតដល់ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ កូនៗបានទៅបបួលបងប្អូនដើម្បីទៅតាមរកឪពុក របស់ខ្លួនដែលបានបាត់ ពេលដែលខ្លួនកំពុងដើររកដល់ ចំណុចអូរច្រា ស្ថិតនៅភូមិពូចា ឃុំស្រែព្រះ ក៏បានប្រទះឃើញសពរបស់ឪពុក បានដេកស្លាប់នៅលើដី ភ្លាមនោះពូរបស់ខ្លួនឈ្មោះ លើម វន ក៏បានទាក់ទងទៅប្រាប់ប្រជាការពារភូមិពូចា ដើម្បីឱ្យរាយការណ៍ទៅសមត្ថកិច្ច។

លោកអធិការស្រុកកែវសីមា បានបន្តថា ក្រោយពេលសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្រែព្រះ ប្រជាការពារភូមិ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព និងពិនិត្យកន្លែងកើតហេតុ។ ក្រោយពេលពិនិត្យសាកសពសមត្ថកិច្ចសន្និដ្ឋានថា ឈ្មោះ ព្លឹង គោញ ពិតជាស្លាប់ដោយសារដំរីជាន់ពិតប្រាកដមែន មិនមែនជាករណីឃាតកម្មទេ ដោយមានស្លាកស្នាមជើងដំរីជាន់នៅចំណុច មុខ ជើង និងពោះ។

សូមជម្រាបថា នៅក្នុងស្រុកកែវសីមា កាលពីឆ្នាំ២០២៤ មានស្រ្តីម្នាក់បានស្លាប់បាត់បងជីវិតដោយសារសត្វដំរីព្រៃជាន់ និងពេលនេះដើមឆ្នាំ២០២៥នេះ មនុស្សប្រុសម្នាក់ទៀតត្រូវបានដំរីព្រៃ ធ្វើការវាយប្រហារផ្តាច់ជីវិតមនុស្សម្នាក់ឱ្យស្លាប់បាត់បងជីវិតនៅកណ្តាលព្រៃយ៉ាងអណោចអធ័ម៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...