វិភាគអន្តរជាតិ៖ អ្វីទៅជាចំណុចខ្សោយរបស់កងទ័ពកូរ៉េខាងជើង នៅក្នុងសង្រ្គាមអ៊ុយក្រែន?

Posted By: RoogRog Robot | 14-Jan-2025 21:01:32

2025-01-14 08:57pm

(សេអ៊ូល)៖ កាលពីថ្ងៃចន្ទ ទី១៣ ខែមករា ទីក្រុងសេអ៊ូល បានអះអាងថា ចំនួនកងទ័ពកូរ៉េខាងជើង ដែលបានបាត់បង់ជីវិតនិងរងរបួស ក្នុងសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន ទំនងជាបានកើនលើស ៣០០០នាក់ ហើយ។ ដោយទទួលបានរបាយការណ៍ពីទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង សមាជិកសភាកូរ៉េខាងត្បូងមួយរូប បាននិយាយថា ក្នុងចំណោមនោះ ចំនួនទាហានដែលស្លាប់ គឺមានប្រហែល៣០០នាក់ ខណៈរបួសខ្ទង់ ២៧០០នាក់។ បើតាមសមាជិកសភាដដែលនោះ អាជ្ញាធរកូរ៉េខាងជើង ក៏ហាក់បានណែនាំឱ្យទាហានកូរ៉េខាងជើងទាំងអស់ ត្រូវធ្វើអត្តឃាតតាមរយៈការបំផ្ទុះខ្លួនឯងផងដែរ ដើម្បីបញ្ចៀសការចាប់ខ្លួន នៅលើសមរភូមិ។

យោងតាមការវាយតម្លៃរបស់អ៊ុយក្រែននិងក្រុមលោកខាងលិច ទាហានកូរ៉េខាងជើង ប្រហែល ១១០០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ដើម្បីជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ក្នុងការវាយបណ្ដេញ កងទ័ពអ៊ុយក្រែន ចេញពីតំបន់ភាគខាងលិចនៃប្រទេសរុស្ស៉ីមួយនេះ។ ប៉ុន្តែទាំងមូស្គូ និងព្យុងយ៉ាង មិនបានទទួលស្គាល់ ឬប្រកែកទៅនឹងវត្តមានទាហានកូរ៉េខាងជើង នៅសមរភូមិនោះទេ។ ចារកម្មកូរ៉េខាងត្បូង ក៏បានវាយតម្លៃដែរថាលោក គីម ជុងអ៊ុន ទំនងជាកំពុងត្រៀមបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់រុស្ស៉ី ខណៈរូបលោកមើលឃើញថាសង្រ្គាមនៅអ៊ុយក្រែន ដែលជាជម្លោះធំបំផុតមិនធ្លាប់មាននៅលើទឹកដីអឺរ៉ុប ចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២មក គឺជាឱកាសដើម្បីស្រង់យកបទពិសោធន៍ផ្ទាល់នៅលើសមរភូមិសម័យទំនើប និងដើម្បីសម្រេចមហិច្ឆតាការទូតរបស់លោក។

* តើអ្វីទៅជាចំណុចខ្សោយរបស់កងទ័ពកូរ៉េខាងជើង?កងទ័ពដែលកូរ៉េខាងជើងបានបញ្ជូនទៅដើម្បីជួយជាកម្លាំងដល់រុស្ស៉ី គឺជាកងទ័ពមកពីកុម្ម៉ង់ដូរពិសេស <> ដែលទទួលបានការបណ្ដុះបណ្ដាល និងមនោគមន៍វិជ្ជាយ៉ាងម៉ឺងម៉ាត់។ ប៉ុន្តែលោក Doo Jin-ho ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Korea Institute for Defense Analyses មានមូលដ្ឋានក្នុងទីក្រុងសេអ៊ូល បាននិយាយថា កងកម្លាំងមកពីកុម្ម៉ង់ដូរពិសេស <> ត្រូវបាន បណ្ដុះបណ្ដាលដោយផ្តោតជាសំខាន់លើបេសកកម្មលបបាញ់ ឬ sniper សង្រ្គាមទីក្រុង និងការទម្លុះចូលទីតាំងសត្រូវ តាមផ្លូវអាកាស សមុទ្រ និងតំបន់ភ្នំនៅទូទាំងតំបន់ឧបទ្វីបកូរ៉េ។ និយាយជារួម ពួកគេ មិនត្រូវបានបណ្ដុះបណ្ដាលគ្រប់គ្រាន់ពីរបៀបបញ្ជាដ្រូន និងសង្រ្គាមលេណដ្ឋានដូចដែលកងទ័ពរុស្ស៉ី និងអ៊ុយក្រែនកំពុងប្រយុទ្ធគ្នានោះទេ។

លើសពីនេះ តាមអ្នកវិភាគរូបនេះដដែល ក្នុងរយៈពេល ២ឆ្នាំនៃការឆ្លងរាតត្បាតកូវីដ១៩ កូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួន រីឯកងកម្លាំងពិសេសត្រូវបានផ្ទេរចេញចូលឱ្យទៅបំពេញមុខងារជាឆ្មាំការពារព្រំដែន ជាប់ជាមួយចិន ដែលនេះធ្វើឱ្យពួកគេខកខានការហ្វឹកហាត់ជាប្រចាំរបស់ខ្លួន។ ជាមួយគ្នានោះដែរ ចារកម្មកូរ៉េខាងត្បូងបានអះអាងថាការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងមានលក្ខណៈប្រញាប់ប្រញាល ដូច្នេះរុស្ស៉ី ត្រូវការពេលវេលាដើម្បីធ្វើសមាហរណកម្មកងទ័ពកូរ៉េខាងជើងឱ្យបានត្រឹមត្រូវនៅក្នុងជួរយោធារបស់ខ្លួន។ ម្យ៉ាង កងទ័ពកូរ៉េខាងជើងដែលត្រូវបានបញ្ជូនទៅប្រយុទ្ធនៅសមរភូមិទទួលបានការបង្រៀនជាភាសារុស្ស៉ី នូវពាក្យយោធាដូចជា បាញ់ប្រហារ កាំភ្លើងធំ និងប្រុងប្រៀបដែលនេះបង្កើតជាបញ្ហាក្នុងការប្រាស្រ័យទាក់ទងគ្នានៅលើសមរភូមិ។

លោក Ahn Chan-il វិញ ជាអតីតទាហានកូរ៉េខាងជើងម្នាក់កំពុងរស់នៅជ្រកកោននៅកូរ៉េខាងត្បូង បាននិយាយថាចាប់តាំងលើដល់ថ្នាក់ក្រោម យោធាកូរ៉េខាងជើងមិនមានបទពិសោធន៍នៅលើសមរភូមិជាក់ស្ដែង អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ លោកបន្តថាកងទ័ពកូរ៉េខាងជើងត្រូវតែរៀនពីរបៀបបញ្ជាដ្រូន និងសង្រ្គាមថ្មើរជើង ប៉ុន្តែសំណួរនៅត្រង់ថាតើពួកគេអាចនឹងស្រង់បទពិសោធន៍ ឬរៀនសូត្របានល្អ ដល់កម្រិតណា?

* ប្រថុយស្លាប់ ដើម្បីមុខតំណែងខ្ពស់លោក Ahn Chan-il បាននិយាយថាកងទ័ពកូរ៉េខាងជើង ដែលត្រូវបានបញ្ជូនទៅកាន់រុស្ស៉ី អាចមានប្រភពមកពីគ្រួសារមានជីវភាពក្រីក្រ។ ដូច្នេះឱកាសចេញទៅក្រៅស្រុក និងរកលុយ គឺជាការលើកទឹកចិត្តដ៏ធំ សម្រាប់ពួកគេ។ តាមចារកម្មកូរ៉េខាងត្បូង រុស្ស៉ីត្រូវបង់ប្រាក់ ២០០០ដុល្លារក្នុងមួយខែសម្រាប់កងទ័ពកូរ៉េខាងជើងម្នាក់។ មិនតែប៉ុណ្ណោះ របបដឹកនាំលោក គីម ជុងអ៊ុន ក៏បានជំរុញទឹកចិត្តកងទ័ពឱ្យទៅប្រយុទ្ធ ជាមួយការសន្យាថានឹងអនុញ្ញាតឱ្យពួកគេក្លាយជាសមាជិករបស់គណបក្សពលករ ដែលជាឋានៈជានិមិត្តរូបកម្រិតខ្ពស់មួយនៅកូរ៉េខាងជើង។ នេះបើតាមលោក Kim Seongmin ជាអតីតទាហានកូរ៉េខាងជើង ដែលឥលូវកំពុងគ្រប់គ្រងស្ថានីយ៍វិទ្យុមួយនៅកូរ៉េខាងត្បូង។

ចំណែក លោក Kim Kwang-Jin ជាជនជាតិកូរ៉េខាងជើងម្នាក់កំពុងរស់នៅកូរ៉េខាងត្បូង និងជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថាន Institute for National Security Strategy របស់រដ្ឋាភិបាលកូរ៉េខាងត្បូង បានកត់សម្គាល់ថាកងទ័ពសង្ឃឹមតិចតួចណាស់ចំពោះអនាគតរបស់ពួកគេនៅកូរ៉េខាងជើង។ ម្លោះហើយ ពួកគេសុខចិត្តប្រថុយស្លាប់ ប៉ុន្តែពួកគេក៏សម្លឹងឃើញឱកាសរកលុយផងដែរ ហើយប្រសិនជាពួកគេស្លាប់ នោះគ្រួសាររបស់ពួកគេនឹងត្រូវបានលើកមុខមាត់។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ ដោយបញ្ជូនកងទ័ពទៅជួយជាកម្លាំងដល់រុស្ស៉ី លោក គីម ជុងអ៊ុន ប្រាថ្នាចង់បានការគាំទ្រពីរុស្ស៉ីមកវិញទាំងខាងសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធា ហើយកាន់តែសំខាន់ គឺការស្រង់យកបទពិសោធន៍នៅលើសមរភូមិសម័យទំនើប ដើ​ម្បីអាចត្រៀមលក្ខណៈស៊ីសងជាមួយកងទ័ពអាមេរិកដែលកំពុងឈរជើងនៅកូរ៉េខាងត្បូង ក្នុងករណីសង្រ្គាមផ្ទុះឡើង៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...