ស្របពេលវាសនា UNRWA មិនច្បាស់លាស់, អង្គការសហប្រជាជាតិ និងអ៉ីស្រាអែល វែកញែករកអ្នកទទួលខុសត្រូវ លើការងារជួយសង្រ្គោះប៉ាឡេស្ទីន

Posted By: RoogRog Robot | 11-Jan-2025 12:28:56

2025-01-11 11:23am

(យូអិន)៖ អង្គការសហប្រជាជាតិ (UN) និងអ៉ីស្រាអែលកំពុងវែកញែក ថាតើនរណានឹងបំពេញចន្លោះខ្វះខាត ប្រសិនបើទីភ្នាក់ងារជួយសង្គ្រោះនិងការងារសម្រាប់ប៉ាឡេស្ទីន (UNRWA) ឈប់បំពេញការងារនៅតំបន់ហ្កាហ្សា និង West Bank នាចុងខែមករានេះ ពេលច្បាប់របស់អ៉ីស្រាអែលចូលជាធរមាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ ២០២៥។

UNRWA កំពុងបំពេញការងារក្នុងតំបន់ហ្កាហ្សានៅឡើយ ប៉ុន្តែវាមិនច្បាស់ទេសម្រាប់ពេលខាងមុខ គ្រាដែរច្បាប់ហាមឃាត់ពីការធ្វើប្រតិបត្តិការរបស់អ៉ីស្រាអែល ចូលជាធរមាន។ UN បានប្រាប់អ៉ីស្រាអែលថា វាមិនមែនជាទំនួលខុសត្រូវរបស់ UN ទេ ក្នុងការរកទីភ្នាក់ងារមកជំនួសការងាររបស់ UNRWA នៅដែនដីប៉ាឡេស្ទីន ពោលគឺ ហ្កាហ្សា និង West Bank រួមទាំងទីក្រុងហ៊្សេរុយសាឡិម ភាគខាងកើត។

ក្នុងលិខិតផ្ញើទៅកាន់មហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខ UN កាលពីពេលថ្មីៗនេះ អគ្គលេខាធិការ លោក Antonio Guterres និយាយថា ប្រសិនបើ UNRWA ត្រូវបានបង្ខំឱ្យបញ្ឈប់ប្រតិបត្តិការ នោះអ៉ីស្រាអែលនឹងត្រូវធានាថា ការផ្គត់ផ្គង់ និងផ្តល់ជំនួយជាច្រើននៅតែដំណើរការ ស្របតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។

ប៉ុន្តែអ៉ីស្រាអែល តាមរយៈឯកអគ្គរដ្ឋទូតរងប្រចាំ UN លោក Danny Danon បានច្រានចោលការអះអាងរបស់ UN ដោយបញ្ជាក់ថា អ៉ីស្រាអែលមិនបានគ្រប់គ្រងតំបន់ហ្កាហ្សាទាំងស្រុងទេ ហើយនោះមិនមែនជាសិទ្ធិអំណាចគ្រប់គ្រងទេ ដូច្នេះការកាន់កាប់ផ្នែកយោធាក៏មិនអាចអនុវត្តដែរ។ នៅ​តំបន់ West Bank ​អាជ្ញាធរប៉ាឡេស្ទីន មានទំនួលខុសត្រូវ​លើ​កិច្ចការ​ស៉ីវិល។ នៅទីក្រុងហ៊្សេរុយសាឡិម ភាគខាងកើត អ្នកស្រុកមានសិទ្ធិទទួលបានសេវារដ្ឋាភិបាល ក្រោមច្បាប់របស់អ៉ីស្រាអែល រួមមានសេវាសុខភាព និងការអប់រំ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...