គ្រឿងចក្រសម្ដេចបវរធិបតី បើកការដ្ឋានជួសជុលផ្លូវមួយខ្សែប្រវែង ២,២០០ម៉ែត្រ នៅស្រុកតាំងគោក

Posted By: RoogRog Robot | 11-Jan-2025 13:58:37

2025-01-11 01:57pm

(កំពង់ធំ)៖ គ្រឿងចក្ររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ បានបើកការដ្ឋានជួសជុលផ្លូវលំ ដែលជាផ្លូវយុទ្ធសាស្ដ្រមួយខ្សែ ស្ថិតនៅឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការធ្វើដំណើរទៅបំពេញការងារកសិកម្ម និងការដឹកជញ្ជូនកសិផលផ្សេងៗ ។

ការបើកការដ្ឋានជួសជុលផ្លូវខាងលើ មានការអញ្ជើញចូលរួមពីលោក វ៉ាត់ ចំរើន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំស្វាយភ្លើង និងច្រនាង រួមជាមួយក្រុមការងារបក្ស ដែលបានផ្ដល់ថវិកាជួសជុលផ្លូវលំប្រវែង ២,២០០ម៉ែត្រ ដែលខូចខាតដោយសារទឹកជំនន់កាលពីឆ្នាំមុន តបតាមសំណូមពររបស់ថ្នាក់ដឹកនាំឃុំ និងប្រជាពលរដ្ឋនៅទីនោះ ។ នេះគឺជាផ្លូវលំយុទ្ធសាស្ដ្រ និងផ្លូវសេដ្ឋកិច្ចមួយរបស់ឃុំស្វាយភ្លើង ភ្ជាប់ជាមួយឃុំផ្សេងៗទៀត នៅជាប់គ្នា ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការបើកការដ្ឋានជួសជុលផ្លូវនេះ គឺបានការផ្ដល់ និងអនុញ្ញាតឲ្យគ្រឿងចក្ររបស់សម្ដេចបវរធិបតី តាមរយៈលោក វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារបក្សចុះជួយខេត្តកំពង់ធំ ព្រមទាំងមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់របស់លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានក្រុមការងារបក្សចុះជួយស្រុកតាំងគោកផងដែរ ។

លោកបន្ដថា <<ការជួសជុលផ្លូវនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ឆ្លើយតបតម្រូវការ ក៏ដូចជាដោះស្រាយនូវតម្រូវការបន្ទាន់របស់ប្រជាពលរដ្ឋ ជាអ្វីដែលគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ និងជួយដល់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយតែងតែខ្វល់ខ្វាយអំពីជីវភាពរបស់ប្រជាពលរដ្ឋ ។ ផ្លូវនេះ ជាផ្លូវយុទ្ធសាស្ដ្រ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងឃុំស្វាយភ្លើង និងបណ្ដាឃុំនៅជិតៗនោះ>> ។

តាមរយៈសមិទ្ធផលថ្មី ដែលបាននឹងកំពុងកើតឡើង ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ពិសេសរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នេះ បានធ្វើឲ្យដឹកនាំឃុំ និងក្រុមប្រឹក្សាឃុំ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៅឃុំស្វាយភ្លើង និងឃុំជិតៗ ក្នុងស្រុកតាំងកោក ខេត្តកំពង់ធំ មានការសប្បាយរីករាយ និងសាទរជាខ្លាំង ចំពោះស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈនេះឡើងវិញ ដែលជាតម្រូវការចាំបាច់ជាប្រចាំរបស់ប្រជាពលរដ្ឋ នាពេលនេះ ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...