(កណ្តាល)៖ លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ នៅខេត្តកណ្តាល បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពី <<ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ>> ដោយវត្តមានចូលរួមរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ គ.ស.ព.ស. លោក គួច ចំរើន អភិបាលខេត្តកណ្តាល រដ្ឋលេខាធិការ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្តាល និងសិក្ខាកាមដែលជាមន្ត្រីទទួលបន្ទុកការងារព័ត៌មានមកពីបណ្តាក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណជិត ៥០០នាក់។
ជាមតិស្វាគមន៍របស់ លោក គួច ចំរើន បានចាត់ទុកព័ត៌មានគឺជាអាវុធទំនើប មិនមានកំណត់ចម្ងាយ និងមានល្បឿនលឿន ហើយដែលត្រូវបានគេយកទៅប្រើប្រាស់ជាមធ្យោបាយផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បង្កឱ្យមានជម្លោះ និងសង្គ្រាមជាដើម។ ប៉ុន្តែ យើងជាមន្ត្រីព័ត៌មានក៏ត្រូវតែប្រើប្រាស់ព័ត៌មានពិត និងការឆ្លើយតបឱ្យបានលឿន រហ័ស ដើម្បីទប់ស្កាត់ បន្សាប និងពន្លត់បញ្ហាបានដ៏មានប្រសិទ្ធភាពដែរ ប៉ុន្តែទាមទារឱ្យមានការពង្រឹងសមត្ថភាពចូលរួមបន្ថែមទាំងអស់គ្នា និងអនុវត្តភារកិច្ចឱ្យសកម្ម ជាពិសេស គឺចូលរួមការពារសមិទ្ធផល និងភាពស្របច្បាប់ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការបម្រើប្រជាជន ឱ្យបានស្ថិតស្ថេរគង់វង្ស។
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានបញ្ជាក់ថា បច្ចុប្បន្នមានការវិវឌ្ឍយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត AI និងក៏បានកើតឡើងយ៉ាងគំហ៊ុកនូវព័ត៌មានក្លែងក្លាយ ញុះញង់ បំពុលសង្គមយ៉ាងព្រោងព្រាត។ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី អំពីសារៈសំខាន់ នៃការងារព័ត៌មាននិងសាធារណមតិ ដែលជះឥទ្ធិពលដល់សង្គម នយោបាយ និងសេដ្ឋកិច្ច វគ្គបណ្តុះបណ្តាលបានរៀបចំឡើង និងតាមរយៈវាគ្មិន ដែលនឹងធ្វើបទបង្ហាញពាក់ព័ន្ធនឹងការងារព័ត៌មាននៅថ្ងៃនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ រួមនឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងការស្រាវជ្រាវ ការវាយតម្លៃ និងឆ្លើយតបចំពោះព័ត៌មានអវិជ្ជមាន ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI បូករួមនឹងការចងក្រងបណ្តាញធ្វើការរួមគ្នាលើការងារព័ត៌មាននិងសាធារណមតិ ជាពិសេសគឺការសហការរវាងក្រុមការងារថ្នាក់ក្រោមជាតិ ជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននឹងបង្កើនបាននូវកម្លាំងសរុប មធ្យោបាយសរុប និងធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។
ជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះការអនុវត្តការងារដ៏សកម្មរបស់មន្ត្រីទទួលបន្ទុកការងារព័ត៌មាននៃរដ្ឋបាលខេត្តកណ្តាល លើការផ្សព្វផ្សាយនូវសមិទ្ធផល និងសកម្មភាពជាច្រើនរបស់រដ្ឋបាលខេត្ត និងក្រុមការងារចុះមូលដ្ឋានក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា សង្ឃឹមជឿជាក់យ៉ាងមុតមាំថា អ្វីដែលអ្នកទាំងអស់គ្នានឹងទទួលបានពីការចូលរួមវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងជួយពង្រឹងចំណេះ ជំនាញ និងលើកកម្ពស់ស្មារតី និងឆន្ទៈ ក៏ដូចជាការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀតនៅក្នុងការបន្តការងារគ្រប់គ្រងព័ត៌មាន និងសតិអារម្មណ៍របស់មហាជនដែលជាម្ចាស់ឆ្នោត ដែលនេះមានតម្លៃស្មើនឹងការបន្តថែរក្សាស្ថិរភាពនយោបាយ និងសង្គម និងសន្តិភាពដែលរកមកបានយ៉ាងលំបាក ចាប់ពីចុងឆ្នាំ១៩៩៨ ដោយស្ថាបនិកសន្តិភាពជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់យើងទាំងអស់គ្នា នោះគឺសម្តេចតេជោ ហ៊ុន សែន៕