(អូតាវ៉ា)៖ ប្រទេសកាណាដាកំពុងរៀបចំផែនការដកហូតពន្ធគយដ៏ទូលំទូលាយប្រឆាំងនឹងផលិតផលអាមេរិក ប្រសិនបើលោក ដូណាល់ ត្រាំ ធ្វើតាមការគំរាមកំហែងរបស់គាត់ក្នុងការដកពន្ធគយ ២៥% លើទំនិញកាណាដា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។
ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់សម្ដីរបស់មន្ត្រីរដ្ឋាភិបាលកាណាដាថា សេចក្តីព្រាងផែនការរបស់រដ្ឋាភិបាលកាណាដាសម្រាប់ការសងសឹកពាណិជ្ជកម្មមានទំហំធំជាងបញ្ជីទំនិញនាំចូលរបស់សហរដ្ឋអាមេរិក ដែលប្រទេសនេះបានដកហូតការប្រឆាំងពន្ធគយអាមេរិកក្នុងអំឡុងពេលមានជម្លោះនៅឆ្នាំ២០១៨។
កាលនោះ កាណាដាបានដកហូតពន្ធគយលើផលិតផលមួយចំនួនដូចជាស្រាវីស្គី bourbon ផលិតនៅរដ្ឋ Kentucky ដែលត្រូវបាននាំចេញទៅប្រទេសកាណាដាពីមូលដ្ឋានសំឡេងឆ្នោតដ៏រឹងមាំរបស់គណបក្សសាធារណរដ្ឋនៅសហរដ្ឋអាមេរិក។ ជម្លោះពាណិជ្ជកម្មបានបញ្ចប់បន្ទាប់ពីសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដាបានសម្រេចបានកិច្ចព្រមព្រៀងដើម្បីកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់។
លើកនេះ ផលិតផលដូចគ្នាជាច្រើននឹងត្រូវស្ថិតក្នុងបញ្ជីដកហូតពន្ធម្តងទៀតរបស់កាណាដា រួមជាមួយនឹងទំនិញនានាដូចជាទឹកក្រូចពីរដ្ឋផ្លរីដា ដែលជាមូលដ្ឋានរបស់លោក ត្រាំ និងមន្ត្រីមកពីគណបក្សសាធារណៈរដ្ឋមួយចំនួន។ មន្ត្រីដដែលនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ប៉ុន្តែរដ្ឋាភិបាលរបស់លោក Trudeau ក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការចាត់វិធានការលើសពីនេះផងដែរប្រសិនបើចាំបាច់ ។
មន្ត្រីរដ្ឋាភិបាលកាណាដាម្នាក់បាននិយាយថា បញ្ជីមួយដែលត្រូវបានផ្សព្វផ្សាយផ្ទៃក្នុងរួមមានស្ទើរតែគ្រប់ផលិតផលដែលសហរដ្ឋអាមេរិកនាំចេញទៅកាន់ប្រទេសកាណាដា ដោយមានគោលបំណងដកហូតពន្ធតបទអាមេរិកវិញក្នុងបរិមាណទឹកប្រាក់ដូចគ្នា។
មន្ត្រីកាណាដាទី២ បាននិយាយថា នៅក្នុងសេណារីយ៉ូអាក្រក់បំផុត ពោលគឺបើលោក ត្រាំ ដកពន្ធលើការនាំចេញទាំងអស់របស់កាណាដាទៅកាន់សហរដ្ឋអាមេរិក វាប្រហែលជាមិនអាចទៅរួចក្នុងការគណនាទឹកប្រាក់ឱ្យស៊ីគ្នា។ មន្ត្រីរូបនេះបានបន្ថែមថា ប៉ុន្តែរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី Justin Trudeau នឹងពិនិត្យមើលជម្រើសទាំងអស់ដើម្បីធ្វើឱ្យក្រុមហ៊ុននាំចេញអាមេរិកឈឺចាប់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News៕