(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពស្រូវប្រដេញទឹករបស់ប្រជាកសិករជិត១ពាន់ហិកតា រងការប្រឈមខ្វះទឹក ប្រសិនបើមិនបានជួយសង្គ្រោះទាន់ពេលវេលា នៅឃុំសានគរ ស្រុកកំពង់ស្វាយ។
ជាមួយនឹងការដោះស្រាយឲ្យបានទាន់ពេលវេលាលោក នួន ផារ័ត្ន បានចាត់ឲ្យមន្ទីរធនធានទឹកនិងឧតុនិយមយកម៉ាស៊ីនចំនួន២គ្រឿង ដោយបូមទឹកចេញពីបឹងរៀលផ្ទះជាលយកមកស្រោចស្រពដើម្បីសង្គ្រោះ។
លោកបានបញ្ជាក់ថា ចំពោះប្រេងសម្រាប់បូមជួយសង្គ្រោះ លោកនឹងជួយឧបត្ថម្ភរហូតដល់បានទទួលលទ្ធផលច្រូតកាត់ ហើយលោកបានជំរុញដល់មន្ទីរកសិកម្មនិងនេសាទពិនិត្យតាមដាននិងមន្ទីរធនធានទឹកនឹកឧតុនិយមត្រូវពិនិត្យតាមដានឲ្យបានច្បាស់លាស់ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋសប្បាយចិត្តរីករាយ និងបានថ្លែងអំណរគុណដល់អភិបាលខេត្តកំពង់ធំ និងក្រុមការងារ ដែលបានគិតគូរអំពីសុខទុក្ខរបស់ពួកគាត់៕