អគ្គលេខាធិការអាស៊ាន ជួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី និងជួបបាយការងារជាមួយទូតកូរ៉េខាងត្បូង និងរុស្ស៉ី

Posted By: RoogRog Robot | 10-Jan-2025 16:16:57

2025-01-10 11:15pm

(ឥណ្ឌូណេស៉ី)៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នាទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Sugiono រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានអបអរសាទរលោក Sugiono ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហានានា ដែលមានសារៈសំខាន់ដល់អាស៊ាន និងបានពិភាក្សារិះរកវិធីដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។

លោកបណ្ឌិត កៅ គឹមហួន បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលជាប្រទេសម្ចាស់ផ្ទះ ដែលតែងតែផ្តល់ការគាំទ្រដល់លេខាធិការដ្ឋានអាស៊ាន ហើយបានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសសមាជិកអាស៊ាន នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីជំរុញគោលដៅរបស់អាស៊ាន នៅក្រោយឆ្នាំ២០២៥។

ក្រោយមកលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាអាហារថ្ងៃត្រង់ រៀបចំដោយលោក Lee Jang-keun ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំអាស៊ាន។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ រួមទាំង ការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលបានបង្កើតឡើង នាឱកាសកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី ២៥ ដើម្បីអបអរខួបអនុស្សាវរីយ៍ ៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ កាលពីខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

រហូតនៅល្ងាចថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាអាហារការងាររៀបចំដោយលោក Evgeny Zagaynov ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៉ី ក៏ដូចជាជុំវិញវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក ស្របតាមផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៉ីឆ្នាំ២០២១ ដល់២០២៥៕























News Source: freshnewsasia.com
LATEST NEWS
តស់! ចាំស្ដាប់«កម្ពុជាសប្ដាហ៍នេះ»
MORE NEWS CLICK HERE...