(តាកែវ)៖ លោក សុខ សូកាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់បានប្រកាសថា ប្រជាពលរដ្ឋស្រុកគិរីវង់គាំទ្រយ៉ាងពេញទំហឹងលើការពង្រឹងលើការអនុវត្តច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងក្នុងរយៈពេលនៃរបបខ្មែរក្រហម និងសូមប្រកាសគាំទ្រផងដែរឱ្យមានច្បាប់ដាក់ជនណាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ជា <<ភេរវករ>> ដើម្បីការពារមរតកសន្តិភាពដែលកម្ពុជារកបានដោយលំបាក។
ការប្រកាសគាំទ្របែបនេះបានធ្វើឡើងក្នុងពិធីសំណេះសំណាល អបអរសាទរយ៉ាងក្លៀវក្លា ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា នៅស្រុកគិរីវង់ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាពរបស់លោក សុខ សូកាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ និងដោយមានការចួលរួមពីសំណាក់លោក លោកស្រី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្តាឃុំ សមាជិក សមាជិការបស់គណៈកម្មាធិការគណបក្សស្រុកគិរីវង់ ព្រមទាំងប្អូនៗជាយុវជនចំនួន៣០៩នាក់។
គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីនោះដែរ ក៏មានការអានទាំងស្រុងនូវខ្លឹមសារសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងឱកាសរំឭកខួបអនុស្សាវីរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា និងមានការសូត្រកំណាព្យចំណងជើង <<ថ្ងៃ៧មករា ចារក្រាំងមាស>> ផងដែរ។
ក្នុងឱកាសនោះ លោក សុខ សូកាន បានថ្លែងថា តាមរយៈការជួបជុំសំណេះសំណាល ការនិពន្ធកំណាព្យប្រកបដោយអត្ថន័យ និងការបេ្តជ្ញាចិត្តខ្ពស់របស់តំណាងប្រជាពលរដ្ឋស្រុកគិរីវង់នាព្រឹកនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីស្មារតីថ្ងៃ៧ មករា នៅបន្តស្ថិតជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋស្រុកគិរីវង់គ្រប់រូបជានិច្ច។
ប្រជាពលរដ្ឋស្រុកគិរីវង់ ជាពិសេសយុវជនជំនាន់ក្រោយ តែងតែចងចាំនូវមហាវីរភាព និងដឹងគុណចំពោះការតស៊ូរបស់យុវជនជំនាន់មុន បានបន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហើយមរតកនេះបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន ជាពិសេសបានឱ្យពិភពលោកស្គាល់កម្ពុជា មិនត្រឹមតែជាវាលពិឃាត, មកស្គាល់កម្ពុជាជាកម្ពុជាដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា។
លោក សុខ សូកាន ក៏បានរម្លឹកថា នៅក្នុងរបបវាលពិឃាតដ៏សាហាវយ៉ង់ខ្នង ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ ប្រជាជនជាង៣លាននាក់ ត្រូវកាប់សម្លាប់យ៉ាងអយុត្តិធម៌និងព្រៃផ្សៃបំផុត រីឯអ្នកនៅរស់ត្រូវរស់ជាទាសករ ទទួលរងទារុណកម្ម និងរង់ចាំតែដល់វេនគេយកទៅសម្លាប់។ រចនាសម្ព័ន្ធសង្គមជាតិត្រូវបានបំផ្លាញរលាយខ្ទេចខ្ទីដល់ឫសគល់ ដោយឡែកសិទ្ធិសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាជនត្រូវបានបំបាត់ចោលទាំងស្រុង។
ថ្ងៃជ័យជម្នះ៧មករា ១៩៧៩ បានរំដោះនិងជួយសង្គ្រោះជីវិតប្រជាជនខ្មែរទូទាំងប្រទេសពីមាត់រណ្តៅនៃជ្រោះមរណៈនេះ, ក៏ប៉ុន្តែកម្ពុជានៅបន្តស្ថិតក្នុងស្ថានភាពមានសន្តិភាពផងនិងមានសង្គ្រាមផង ទោះបីជាមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ១៩៩១ក្តី។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានដាក់ចេញ និងដឹកនាំអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨មក។ ជោគជ័យនៃនយោបាយឈ្នះឈ្នះនេះ បានបញ្ចប់សង្គ្រាម ការបែកបាក់ជាតិ និងការបែងចែកទឹកដី ដែលកម្ពុជាបានឆ្លងកាត់អស់រយៈកាលជាង ៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន។
លោក សុខ សូកាន បានសង្កត់ធ្ងន់បន្ថែមថា នេះគឺជា <<ការផ្លាស់ប្តូរ>> យ៉ាងពិតប្រាកដ ពីប្រជាជាតិមួយដែលមានការបែកប្រាក់សាមគ្គីយ៉ាងធ្ងន់ធ្ងរ និងហែកហួរដោយសង្គ្រាម មកមានសន្តិភាព ឯកភាពជាតិ ឯកភាពដឹកដី, ពីទឹកដីមរណៈមួយ ដែលគ្របដណ្តប់ដោយឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ មកមានជីវិតឡើងវិញ មានសេរីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ, ពីសង្គមមួយដែលមានតែភាពខ្ទេចខ្ទាំវិនាសអន្តរាយ មកជាសង្គមមួយដែលមានកិត្តិយស ស្មើសិទ្ធិ និងស្មើភាពជាមួយបណ្តាប្រទេសនៅលើពិភពលោក។
លោកបានបន្ថែមថា នេះជាដំណើរការផ្លាស់ប្តូរដ៏ត្រូវត្រឹមត្រូវ ដែលមានចរិតជឿនលឿន ស្របតាមក្រឹត្យក្រមរីកចម្រើននៃសង្គមជាតិ។ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះបានដឹកនាំការផ្លាស់ប្តូរនេះ ហើយបាននិងកំពុងបន្តដឹកនាំការផ្លាស់ប្តូរទៅមុខទៀត ដើម្បីធានាភាពស្ថិតស្ថេរ និងរីកចម្រើននៃសង្គមជាតិ។
លោក សុខ សូកាន បានបន្តថា ក្នុងស្មារតីការពារមរតកសន្តិភាព និងសមិទ្ធផលនានាកើតចេញពីសន្តិភាព, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួនប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងបានដាក់ចេញផែនការយុទ្ធសាស្ត្រ និងគោលនយោបាយអាទិភាពគន្លឹះៗដ៏ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ មានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ប្រកបដោយមហិច្ឆតាខ្ពស់ដើម្បីបម្រើប្រទេសជាតិ និងប្រជាជន សំដៅឆ្ពោះទៅសម្រេចចក្ខុវិស័យនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំនូលខ្ពស់នៅឆ្នាំ២០៥០។
ជាចុងក្រោយ លោក សុខ សូកាន ក្នុងនាមជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ និងប្រជាជននៅទូទាំងស្រុកគិរីវង់ បានប្រកាសឱឡារិកថា៖
*ចងចាំចងចាំនូវគំរូវីរភាពដ៏អង់អាចក្លាហាន តស៊ូ និងការលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាកបំផុត ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ ដើម្បីរំដោះប្រទេស និងប្រជាជនទូទាំងប្រទេសពីរណ្តៅមរណៈនៃរបបដ៏ខ្មៅងងឹង ៣ឆ្នាំ ៨ខែ ២០ថ្ងៃ
*ប្រកាសបន្តជឿជាក់ និងគាំទ្រដោយឥតងាករេលើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការថែរក្សាសន្តិភាព ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពរបស់ប្រជាជន
*និងគាំទ្រយ៉ាងពេញទំហឹងលើការពង្រឹងលើការអនុវត្ត <<ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងក្នុងរយៈពេលនៃរបបខ្មែរក្រហម>> និង ប្រកាសគាំទ្រឱ្យមានច្បាប់ដាក់ជនណាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ជា <<ភេរវករ>> ដើម្បីការពារមរតកសន្តិភាពដែលកម្ពុជារកបានដោយលំបាក៕