(បាត់ដំបង)៖ លោកបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) បានបញ្ជាក់ថា វិធានការគន្លឹះទាំង៤ របស់ គ.វ.អ គឺជាការកែទម្រង់មុតស្រួចប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលចង់ឃើញការអប់រំមានការផ្លាស់ប្តូរដោយវិជ្ជមានយ៉ាងពិតប្រាកដ និងការទទួលខុសត្រូវធំធេងចំពោះអនាគតមូលធនមនុស្សនៅកម្ពុជា។
លោកបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជា អធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោល និងនាយកសាលាគោលដៅក្រោមការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់លេខាធិការដ្ឋាន គ.វ.អ ដែលត្រូវបានរៀបចំឡើងយ៉ាងអធឹកអធម និងសកម្មបំផុត ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង ដោយមានអ្នកចូលរួមសរុបប្រមាណ៣៥០ នាក់ ជាគ្រូបង្គោល និងនាយកសាលាគោលដៅពីគ្រប់រាជធានីខេត្ត។
វគ្គបណ្តុះបណ្ដាលនេះត្រូវបានរៀបចំឡើងចំពេលវេលា និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់គ្រូបង្គោលដើម្បីបំពាក់នូវចំណេះដឹង ការអនុវត្ត ការស្រូបយកបទពិសោធ និងឧត្តមានុវត្តន៍នៃវិធានការគន្លឹះក្នុងវិស័យអប់រំក្រោមយន្តការ គ.វ.អ.។ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ លេខាធិការដ្ឋាន គ.វ.អ. បានពិនិត្យជ្រើសរើសសាលារៀនគោលដៅបន្ថែមចំនួន ១១៩ សាលា ដែលបានធ្វើឲ្យចំនួនសាលាគោលដៅកើនចំនួនសរុបរហូតដល់ ១៦១ សាលានៅទូទាំងប្រទេស។ ទន្ទឹមនេះ ចំនួនគ្រូបង្គោលក៏ត្រូវបានជ្រើសរើសបន្ថែមរហូតដល់ចំនួនសរុប ៦១នាក់ ដើម្បីទទួលភារកិច្ចក្នុងការជួយគាំទ្រផ្នែកបច្ចេកទេសផ្តោតលើវិធានការគន្លឹះទាំង៤ ដល់សាលាគោលដៅដែលបានជ្រើសរើសថ្មី។
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្តាលនេះ លោក ពេជ សោភ័ន បានមានប្រសាសន៍គូសបញ្ជាក់ថា៖ <<គ្រូបង្គោលទាំងអស់មានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការនាំយកវិធានការគន្លឹះក្នុងវិស័យអប់រំទៅដាក់ឲ្យអនុវត្តជាក់ស្តែងនៅតាមសាលាបឋមសិក្សា ដើម្បីធានាថាការកែទម្រង់ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលត្រូវអនុវត្តចំគោលដៅ និងដោះស្រាយចំឫសគល់ពិតប្រាកដនៃបញ្ហា ហើយអាចបង្កើតនូវលទ្ធផលប្រកបដោយភាពវិជ្ជមានបំផុត>>។
លេខាធិការដ្ឋាន គ.វ.អ ជាសេនាធិការក្នុងការជួយនាំយកនូវវិធានការគន្លឹះចំនួន ៤ ទៅដាក់ឲ្យអនុវត្តនៅតាមសាលាគោលដៅរួមមាន ៖ (១). អភិបាលកិច្ចសាលារៀន (ការពង្រឹងភាពជាអ្នកដឹកនាំរបស់បុគ្គលិកអប់រំ, គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន), (២). ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពបន្ថែមម៉ោងសិក្សា សំដៅពង្រឹងចំណេះដឹង វិន័យ សីលធម៌, (៣). ការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្ស, (៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។
កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារបានចុះជ្រើសរើសសាលាបន្ថែមដោយឈរលើគោលការណ៍ជ្រើសយកសាលាដែលស្ម័គ្រចិត្តចូលរួមអនុវត្តវិធានការគន្លឹះ គ.វ.អ. គិតមកដល់ពេលនេះសាលាដែលបាននិងកំពុងអនុវត្តវិធានការគន្លឹះ គ.វ.អ. មានចំនួន ១៦១ សាលា នៅតាមរាជធានីខេត្ត រួមមាន ៖ រាជធានីភ្នំពេញ (៤សាលា), ខេត្តកណ្តាល (១២សាលា), ព្រៃវែង (៩សាលា), ស្វាយរៀង (៨សាលា), កំពង់ស្ពឺ (៨សាលា), តាកែវ (១៤សាលា), កំពត (៣សាលា), កែប (២សាលា), ព្រះសីហនុ (៦សាលា), កំពង់ឆ្នាំង (១៦សាលា), ពោធិ៍សាត់ (៤សាលា), បាត់ដំបង (៨សាលា), ប៉ៃលិន (៤សាលា), កោះកុង (៤សាលា), កំពង់ធំ (៧សាលា), ខេត្តសៀមរាប (១៤សលា), បន្ទាយមានជ័យ (៥សាលា), ឧត្តរមានជ័យ (៤សាលា), ព្រះវិហារ (២សាលា), កំពង់ចាម (១៤សាលា), ត្បូងឃ្មុំ (៤សាលា, ក្រចេះ (២សាលា), ស្ទឹងត្រែង (៣សាលា), មណ្ឌលគិរី (២សាលា) និងរតនគិរី (២សាលា) ។
លោក ពេជ សោភ័ន ប្រធានលេខាធិការដ្ឋាន បានបញ្ជាក់បន្ថែមថា៖ <<វិធានការគន្លឹះទាំង៤ របស់ គ.វ.អ. គឺជាការកែទម្រង់មុតស្រួចប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលចង់ឃើញការអប់រំមានការផ្លាស់ប្តូរដោយវិជ្ជមានយ៉ាងពិតប្រាកដ និងការទទួលខុសត្រូវធំធេងចំពោះអនាគតមូលធនមនុស្សនៅកម្ពុជា>>។
កន្លងមក រាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.) ក្រោមការដឹកផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គ.វ.អ. ជាយន្តការរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់កម្រិតមត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលដ្ឋានមនុស្សប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និងទីផ្សារការងារ។
លោក ប្រធានលេខាធិការដ្ឋាន បានផ្តាំផ្ញើដល់សិក្ខាកាមជាគ្រូបង្គោលទាំងអស់ឲ្យយកចិត្តទុកដាក់បំពេញតួនាទីឲ្យមានប្រសិទ្ធភាពក្នុងនាមជា ៖ <<ឃោសនិក, អ្នកជួយណែនាំបង្ហាត់ និងគាំទ្រកិច្ចការសាលា, អ្នកជួយដឹកនាំអនុវត្តផ្ទាល់ដៃឲ្យមានការប្រែប្រួលក្នុងសាលា, អ្នកប្រឹក្សាយោបល់ និងជួយដោះស្រាយបញ្ហា, អ្នកជួយតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, អ្នកផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយសហគមន៍ និងផ្តល់ជាម្លប់ក្នុងកិច្ចការអប់រំ>>។
លេខាធិការដ្ឋាន គ.វ.អ. ជាសេនាធិការរបស់ គ.វ.អ. ក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ ចាប់តាំងពីឆ្នាំ២០២៤ កន្លងមក លេខាធិការដ្ឋានបានជ្រើសរើសសាលាគោលដៅដែលស្ម័គ្រចិត្តចូលរួមអនុវត្តវិធានការគន្លឹះ សរុបចំនួន១៦១ សាលា នៅទូទាំងប្រទេស និងមានគ្រូបង្គោលចំនួន ៦១នាក់ ដែលជ្រើសរើសចេញពីអតីតនាយកសាលា គ្រូបង្រៀន និងមន្ត្រីអប់រំដែលមានស្នាដៃឆ្នើម ដើម្បីចែករំលែកបទពិសោធន ឧត្តមានុវត្តន៍ និងជោគជ័យល្អៗ ដល់សាលាគោលដៅ៕