សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតវាយកូនគោល ដើម្បីមនុស្សធម៌ឆ្នាំ២០២៥ នៅខេត្តសៀមរាប

Posted By: RoogRog Robot | 10-Jan-2025 17:15:41

2025-01-10 05:08pm

(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតវាយកូនគោល ដើម្បីមនុស្សធម៌ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយសមាគមក្លឹបទេសចរណ៍សៀមរាប (STC) សហការជាមួយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា, រដ្ឋបាលខេត្តសៀមរាប, សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប, Angkor golf resort និង​ Phokeethra Country Club។

ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប, លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្តចូលរូមផងដែរ។

លោក សុខុម សំអុល នាយកប្រតិបត្តិសមាគមក្លឹបទេសចរណ៍សៀមរាប (STC) បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ មានគោលបំណងសំខាន់ៗមួយចំនួន រួមមាន៖

១- ដើម្បីអបអរកីឡានៅក្នុងសន្តិភាពក្នុងរយៈពេល៤៦ឆ្នាំមកនេះ ដោយមានការអភិវឌ្ឍន៍ជាច្រើននៅក្នុងប្រទេសកម្ពុជា។២- ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់កីឡាវាយកូនគោលនៅក្នុងប្រទេសកម្ពុជា។៣- កម្មវិធីនេះ ក៏ដើម្បីរៃអង្គាសថវិកាគាំទ្រទៅដល់ដំណើរការអនុវត្តគម្រោងបណ្តុះបណ្តាលទៅលើសិក្ខាកាម ដែលជ្រើសរើសមកពីគ្រួសារក្រីក្រចំនួន២០០នាក់ ដែលកំពុងបណ្តុះបណ្តាលដោយសមាគមក្លឹបទេសចរណ៍សៀមរាប។

លោក សុខុម សំអុល បានបន្តថា នេះជាគម្រោងវគ្គទី២ហើយ ដែលសមាគមក្លឹបទេសចរណ៍សៀមរាប បានធ្វើការបណ្តុះបណ្តាល បន្ទាប់ពីជោគជ័យគម្រោងវគ្គទី១ នៅឆ្នាំ២០២៣ ចំនួន៣០០នាក់ សិក្សារយះពេល៦ខែ បច្ចុប្បន្ននេះ គឺទទួលបានការងារធ្វើគ្រប់ៗផងដែរ។

សូមជម្រាបថា គម្រោងនេះក៏ទទួលបានការជួយឧបត្ថម្ភ និងគាំទ្រសហហិរញ្ញាទានពីមូលនិធិ អភិវឌ្ឍជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងយុទ្ធសាស្ត្រស្តារឡើងវិញ នូវកម្លាំងពលកម្មលើវិស័យទេសចរណ៍ក្រោយជំងឺកូវីដ១៩។ ដោយមានការខ្វះខាតសមាគមន៍ ក៏បានធ្វើការគៀងគរបន្ថែមពីអាជីវកម្មទេសចរណ៍ទូទាំងប្រទេស ព្រមទាំងទទួលសិស្សរបស់សមាគមន៍ទៅហាត់ការ និងផ្តល់ការងារផងដែរ។

ជាមួយនេះដែរ សមាគមក្លឹបទេសចរណ៍សៀមរាប ក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមជាមួយសមាគមន៍ ដើម្បីឱ្យគម្រោងនៅឆ្នាំនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យផងដែរ៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...