សម្តេចពិជ័យសេនា ទៀ បាញ់ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនិវត្តជនជាង ១,០០០នាក់ នៅខេត្តសៀមរាប

Posted By: RoogRog Robot | 10-Jan-2025 10:05:12

2025-01-10 04:57pm

(សៀមរាប)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រតិភូក្រសួងការពារជាតិ និងអាជ្ញាធរខេត្តសៀមរាប បានអញ្ជើញជួបសួរសុខទុក្ខ និងសំណេះសំណាល ជាមួយនិវត្តជនជាង ១,០០០នាក់ ដែលជាមន្ត្រីរាជការស៊ីវិលនៃបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តសៀមរាប នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ លោក ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងសូមសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ទៀ សីហា និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏ថ្លៃថ្លាក្នុងពិធីសំណេះសំណាលជាមួយ លោកអ៊ុំ លោកពូ អ្នកមីង ដែលជាអតីតមន្ត្រីរាជការតាមមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងរដ្ឋបាលក្រុងសៀមរាប ក្នុងឱកាសទិវារំឭកខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៥នេះ។

លោកបានបន្ដថា ការរៀបចំពិធីសំណេះសំណាលថ្ងៃនេះ គឺជាការលើកទឹកចិត្ត និងសម្តែងនូវគុណូបការៈគុណ ចំពោះលោកអ៊ុំ លោកពូ អ្នកមីង ដែលកន្លងមកបានចូលរួមការងារបម្រើជាតិ ទៅតាមជំនាញវិជ្ជាជីវៈ ជម្នះពុះពារ ធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយស្មារតីលះបង់ខ្ពស់ ជាធ្លងសាមគ្គីភាពជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រហូតទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

ថ្លែងក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា រយៈពេល៤៦ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្តែស្មារតីជ័យជម្នះ ៧ មករា នៅតែមានពន្លឺចែងចាំងជានិច្ចក្នុងដួងចិត្តប្រជាជនកម្ពុជា និងកំពុងបន្តបំភ្លឺផ្លូវ ដើម្បីកសាងអនាគតកម្ពុជាដ៏រុងរឿង។ សម្ដេចពិជ័យបានបន្ដថា ខេត្ដសៀមរាប ឧត្ដរមានជ័យជាទឹកដែលបានបញ្ចប់សង្គ្រាមក្រោយគេបង្អស់។ ស្មារតី ៧មករា បានឆ្លុះបញ្ចាំងអំពីកម្លាំងមហាសាមគ្គីរបស់ជាតិ អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ឥតរាថយ ចំពោះឧបសគ្គគ្រប់យ៉ាង ដើម្បីភាពគង់វង្សស្ថិតស្ថេរ និងរីកចម្រើនរបស់ជាតិមាតុភូមិ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ក្រោមម្លប់សន្ដិភាព មន្ត្រីរាជការ សមាជិក សមាជិកាគ្រប់រូប ជនរួមជាតិ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ពង្រឹងធ្លុងមហាសាមគ្គីជាតិ បន្តការពារសន្តិភាព និងចូលរួមឱ្យសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានសមិទ្ធផលធំៗថ្មីៗច្រើនថែមទៀត នៅក្នុងឆ្នាំ២០២៥ ផង​ដែរ៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...