(តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Takeshi Iwaya ត្រូវបានគេរាយការណ៍ថា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសជិតខាងនៅអាស៊ីបូព៌ាទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចំពេលមានការព្រួយបារម្ភ អំពីការកើនឡើង នៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់ និងភាពចលាចលនយោបាយ នៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោក Iwaya ដែលនឹងក្លាយជារដ្ឋមន្រ្តីការបរទេសជប៉ុនដំបូងគេ ដែលធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល ក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ គ្រោងនឹងជួបពិភាក្សា ជាមួយសមភាគីកូរ៉េខាងត្បូង និងប្រធានាធិបតីស្តីទី។ លោកនឹងបញ្ជាក់ជាថ្មី អំពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ទោះជាយ៉ាងណា ដំណើរទស្សនកិច្ចនេះ កើតឡើងក្នុងពេលដែលកូរ៉េខាងត្បូង កំពុងជួបប្រទះវិបត្តិនយោបាយ បន្ទាប់ពីប្រធានាធិបតី Yoon Suk Yeol ត្រូវបានចោទប្រកាន់ និងព្យួរពីតំណែង។ ភាពមិនប្រាកដប្រជានៃស្ថានការណ៍នយោបាយនៅកូរ៉េខាងត្បូងនេះ ត្រូវបានគេមើលឃើញថា អាចនឹងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ។ លើសពីនេះ ការផ្លាស់ប្តូររដ្ឋបាលនៅសហរដ្ឋអាមេរិក ក៏អាចនឹងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី រវាងជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង លោក Iwaya គ្រោងនឹងបន្តដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ និងសេដ្ឋកិច្ច។ ក្រោយមក លោកនឹងធ្វើដំណើរទៅកាន់ប្រទេស Palau ដើម្បីចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការ សម្រាប់អាណត្តិទីពីរ របស់ប្រធានាធិបតី Surangel Whip មុននឹងត្រឡប់មកប្រទេសជប៉ុនវិញ៕