លោក ឆាយ ឫទ្ធិសែន ចុះពិនិត្យវឌ្ឍនភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង

Posted By: RoogRog Robot | 10-Jan-2025 15:07:48

2025-01-10 03:01pm

(ពោធិ៍សាត់)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួងចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ដែលជាទីតាំងដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងមានប្រវែងសរុប៥៩.៥០គ.ម ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះផ្លូវមេចំនួន១ខ្សែ ប្រវែងសរុប៨.១០គ.ម ជាប្រភេទផ្លូវក្រាលល្បាយក្រួស (បានកសាងចប់ជាស្ថាពរនៅឆ្នាំ២០២១) និងផ្លូវក្នុងតំបន់ចំនួន១៣ខ្សែ ជាប្រភេទផ្លូវក្រាលល្បាយក្រួសប្រវែងសរុប៥១.៤០ គ.ម។

ជាលទ្ធផល ក្នុងឆ្នាំ២០២៤កន្លងទៅ ក្រសួងបានស្ថាបនាផ្លូវកាត់បណ្តោយបានចំនួន២ខ្សែបន្ថែមទៀត ប្រវែងសរុប១០.២០គ.ម ហើយក្នុងផែនការឆ្នាំ២០២៥ ក្រសួងគ្រោងនឹងស្ថាបនាកំណាត់ផ្លូវកាត់បណ្តោយចំនួន១កំណាត់ មានប្រវែង៤គ.ម នៅសល់ផ្លូវចំនួន៧កំណាត់ទៀតប្រវែងសរុប២៧.៤០គ.ម នឹងត្រូវស្ថាបនានៅក្នុងផែនការឆ្នាំបន្តបន្ទាប់។

លោករដ្ឋមន្ដ្រី និងគណៈប្រតិភូបានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយរបស់សម្ដេចជូនចំពោះគ្រួសារអតីតយុទ្ធជនដែលរស់នៅទីនោះផងដែរ។

សូមរំលឹកថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺជាភូមិថ្មីមួយដែលត្រូវបានរាជរដ្ឋាភិបាលក្នុងអាណត្តិមុនបង្កើតឡើងក្នុងឆ្នាំ២០២១ ដើម្បីចែកដី និងលំនៅដ្ឋានជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនសរុបចំនួន៦២៨គ្រួសារ ហើយរាជរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ននៅតែបន្តកិច្ចការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបម្រើជូននូវសេវាសាធារណៈចាំបាច់ ដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម ទឹកស្អាត តបណ្តាញអគ្គីសនី ដើម្បីឱ្យការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយវិបុលភាព៕








































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...