ស្ដ្រីចំណាស់ពិការនៅខេត្តតាកែវ ថ្លែងអំណរគុណក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការ ដែលផ្ដល់យុត្តិធម៌ជូនខ្លួនក្នុងសំណុំរឿងវិវាទដីប្រាំងនៅស្រុកព្រៃកប្បាស

Posted By: RoogRog Robot | 10-Jan-2025 15:01:31

2025-01-10 02:58pm

(តាកែវ)៖ ស្ដ្រីចំណាស់ពិការរស់នៅខេត្តតាកែវ បានចេញវីដេអូថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងសាលាដំបូងខេត្តតាកែវ ព្រមទាំងសាលាឧទ្ធរណ៍ភ្នំពេញ ដែលបានកាត់សេចក្ដីផ្ដល់យុត្តិធម៌ជូនរូបខ្លួន ព្រមទាំងក្រុម គ្រួសារក្នុងសំណុំរឿងវិវាទដីប្រាំងមួយកន្លែង ស្ថិតក្នុងភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

តាមរយៈវីដេអូលោកយាយ ប៉ុល ស៉ីថេត និងលោកតា ប៉ុល វុទ្ធី បានថ្លែងអំណរគុណលោក អ៉ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញ និងសហការី ព្រមទាំងក្រសួងយុត្តិធម៌ ដែលផ្ដល់ភាពយុត្តិធម៌ជូនពួកគាត់ ក្នុងសំណុំរឿងរដ្ឋប្បវេណី មានដើមបណ្ដឹងឈ្មោះ ជា ស៉ីថន និងឈ្មោះ ជា រិទ្ធ ដែលបានក្លែងឯកសារប្លង់ដីប្ដឹងពួកគាត់។

លោកយាយ ប៉ុល ស៊ីថេត អាយុ៦៦ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅ ភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ធ្លាប់បានរៀបរាប់កាលពីពេលកន្លងទៅថា៖

កាលអំឡុងឆ្នាំ២០២២ ឈ្មោះ ជា ស៊ីថន និងឈ្មោះ ដា រិទ្ធ បានដាក់ពាក្យបណ្តឹងចូលមកសាលាដំបូងខេត្តតាកែវ ប្តឹងទាមទារដីស្រែប្រាំង ដែលជាកម្មសិទ្ធិរបស់នាងខ្ញុំ ដោយរូបគេធ្វើការអះអាងភ្ជាប់មកជាមួយឯកសារក្លែង ដើម្បីបំភ័ន្តតុលាការ ក្នុងការចោទប្រកាន់មកលើរូបនាងខ្ញុំ ដូចមានក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ១២៩ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តតាកែវ។

ក្រោយមកបន្ទាប់ពីសាលាដំបូងខេត្តតាកែវ បានអនុវត្តនីតិវិធីចប់សព្វគ្រប់រួចមក សាលាដំបូងខេត្តតាកែវ បានចេញសាលក្រមរដ្ឋប្បវេណីលេខ៖០៤ <<ច>> ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដោយតុលាការសម្រេចប្រគល់ដីទាំងនោះ មកឱ្យនាងខ្ញុំ ជាម្ចាស់កម្មសិទ្ធិយ៉ាងពិតប្រាកដ។

ស្រាប់តែនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ មានសារព័ត៌មានឈ្មោះ ទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយ អាស៊ាន យូ បានចុះផ្សាយថា ការសម្រេចសេចក្តីរបស់តុលាការដូចមានក្នុងសាលក្រមខាងលើ គឺមិនមានភាពប្រក្រតីត្រង់ចំណុច ដែលមេធាវីតំណាងឱ្យឈ្មោះ ជា ស៊ីថន និងឈ្មោះ ជា រិទ្ធ បានលើក ឡើងថា <<កូនក្តីរបស់ខ្លួនជាកូនចិញ្ចឹមរបស់ឈ្មោះ ប៉ុល មៅ ហេតុដូចម្តេចកូនក្តីរបស់ខ្លួនមិនទទួលបានដីពីឪពុកម្ដាយចិញ្ចឹមបែបនេះ។

ដោយការលើកឡើងនេះហាក់បីដូចជាមើលងាយដល់ការសម្រេចសេចក្តីរបស់ស្ថាប័នតុលាការជាខ្លាំង ព្រោះតែឈ្មោះ ជា ស៊ីថន និងឈ្មោះ ជា រិទ្ធ ពិតជាមិនមានលក្ខណៈគ្រប់គ្រាន់ និងត្រឹមតែជាកូនចិញ្ចឹមតែប៉ុណ្ណោះ ដូច្នេះគឺមិនមានសិទ្ធិក្នុងការទទួលបានដីនោះទេ។

ក្នុងករណីប្រសិនបើឈ្មោះ ជា ស៊ីថន និងឈ្មោះ ជា រិទ្ធ ពិតជាមានសិទ្ធិក្នុងការទទួលមរតកពីឪពុកម្តាយរបស់លោកស្រី ឈ្មោះ ប៉ុល ម៉ៅ មែននោះពួកគេគួរណាស់តែមានឯកសារបញ្ជាក់ថា ពិតជាទទួលដីពីឪពុកម្តាយ របស់លោកស្រីពិតមែន។

តាមរយៈលិខិតដដែលស្ត្រីចំណាស់ពិការដៃរូបនេះ បានឱ្យដឹងថា ជាក់ស្ដែង មុនពេលឪពុកម្តាយស្រី បានទទួលមរណភាពគាត់បានធ្វើលិខិតផ្ទេរកម្មសិទ្ធិដីទាំងនោះ មកឱ្យលោកស្រី និងមានអ្នកភូមិដឹងឮជាច្រើនអ្នកផងដែរ។ ជាក់ស្ដែងនៅក្នុងសំណុំរឿងខាងលើ គឺលោកស្រីពិតជាម្ចាស់កម្មសិទ្ធិយ៉ាងពិតប្រាកដ ដោយហេតុថាឯកសារកម្មសិទ្ធិដីទាំងអស់គឺជាឈ្មោះរបស់ប្តីលោកស្រី និងឪពុករបស់លោកស្រី ក្នុងនោះដែលលោកស្រីក៏មានសាក្សី ជាបងប្រុសបង្កើត ក៏ដូចជាឯកសារបញ្ជាក់ពីឪពុកម្តាយ ដែលសរសេរផ្ដាំទុកមុន ពេលពួកគាត់ទទួលមរណភាព បញ្ចាក់ថាដីទាំងអស់នេះមានការបែងចែកយ៉ាងត្រឹមត្រូវរួចមកហើយ៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...