អត្ថបទស៊ីជម្រៅ៖ វាំងននខ្មៅអាថ៌កំបាំងកំពុងលាតត្រដាងបន្តិចម្តង ជុំវិញអំពើពាក់ព័ន្ធនឹងឃាតកម្មលើឈ្មោះ លិម គិមយ៉ា

Posted By: RoogRog Robot | 10-Jan-2025 05:54:52

2025-01-10 12:49pm

វាំងននអាថ៌កំបាំងពាក់ព័ន្ធនឹងអំពើឃាតកម្មបាញ់សម្លាប់ខ្មែរសញ្ជាតិបារាំងលោក លិម គិម យ៉ា កំពុងតែរបើកដោយខ្លួនវាបន្តិចម្តងៗ ជាមួយនឹងការបង្ហាញឱ្យឃើញនូវស្រមោល នៃ ទង្វើនយោបាយ <<សត្វស្វា ស៊ីបាយ លាបមាត់ពពែ>>។ Fresh Exclusive មានអត្ថបទស៊ីជម្រៅដូចតទៅ៖

មរណភាពដោយការបាញ់សម្លាប់សកម្មជនគណបក្សប្រឆាំង ខ្មែរសញ្ជាតិបារាំង ឈ្មោះ លិម គិមយ៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅកណ្តាលទីក្រុងបាងកក បានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន ជាមួយសំណួរបង្កើតឱ្យមានចម្ងល់ជាខ្លាំងអំពីហេតុផល និងជនដៃដល់ស្ថិតនៅពីក្រោយការបាញ់ប្រហារនេះ។ នៅពេលដែលការស៊ើបអង្កេតកំពុងតែដំណើរការមិនទាន់បានចប់សព្វគ្រប់នោះ ភាពសង្ស័យជាស្រមោលនៃទង្វើនយោបាយ <<សត្វស្វាស៊ី បាយ លាបមាត់ពពែ>> បាននិងកំពុងបង្ហាញឱ្យឃើញនូវសកម្មភាពពាក់ព័ន្ធគួរឱ្យចាប់ អារម្មណ៍។

ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសនេះ លោក ឈុំ សេរីសុខុម សមាជិកដ៏លេចធ្លោម្នាក់នៃគណបក្សសង្គ្រោះជាតិ រស់នៅក្នុងសហរដ្ឋអាមេរិក បាននិយាយលើបណ្តាញសង្គមដោយអះអាងនិងប្រមាថថា បុគ្គលឈ្មោះ លិម គិមយ៉ា នោះ គាត់ <<សមនឹងស្លាប់>> ដោយសារតែការចោទ ថា បុគ្គល លិម គិមយ៉ា នោះ បានក្បត់ចំពោះលោក សម រង្ស៊ី៖

សម្តីលើកឡើងរបស់សកម្មជន សេរី សុខុម បានជំរុញឲ្យមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងក្នុងរង្វង់សាធារណមតិ ពីព្រោះសម្តីនោះ កំពុងតែបង្ហាញថា គឺជម្លោះផ្ទៃក្នុងគណបក្សប្រឆាំងនោះទេ គឺជាដើមចមនៃការបាញ់សម្លាប់លោក លិម គិមយ៉ា ប៉ុន្តែដើម្បីលុបលាង កំហុសរបស់ខ្លួន សម រង្ស៊ី និងបក្ខពួក បានរៀបចំបង្កើតឱ្យមានជាឈុតសេណារីយ៉ូដ៏អាក្រក់មួយ ទម្លាក់មកលើថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា។

សម្តីបង្ហាញនូវការខ្វែងទស្សនៈរវាង សម រង្ស៊ី និង លោក លិម គិមយ៉ា ប៉ុន្តែបែរជាព្យាយាមចង់ទាញយកកំហុសទាំងនោះដាក់មកលើថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា គឺជាការលាតត្រដាងជាសាធារណៈតាមបណ្តាញសង្គម ដែលមុននេះ មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ដើម្បីតែការធ្វើអាជីវកម្មនយោបាយ គាត់បានធ្វើពុតជានិយាយថា គាត់រន្ធត់ចិត្តណាស់ចំពោះការធ្វើឃាតលោក លិម គិមយ៉ា ដែលជាសមាជិកសភា គណបក្សសង្គ្រោះជាតិ តាំងពីឆ្នាំ ២០១៣ ដែលពេលនោះគាត់គឺជាប្រធាន, និងនិយាយបន្តថា លោក លិម គិមយ៉ា គឺជា សកម្មជនដ៏សកម្មបំផុតរបស់បក្ខប្រឆាំង និងនិយាយលើកតម្កើងទៀតថា លោក លិម គិមយ៉ា មិនដែលបានបោះបង់ចោលការតស៊ូដើម្បី លទ្ធិប្រជាធិបតេយ្យដើម្បីបញ្ចប់របប លោក ហ៊ុន សែន នៅកម្ពុជា និងការនិយាយសម្តីមួយចំនួនទៀតលើកអំពីវីរភាពរបស់លោក លិម គិមយ៉ា ដែលក្នុងបំណងឱ្យគេឃើញថាការស្លាប់របស់ លោក លិម គិមយ៉ា គឺដោយសារតែការធ្វើសកម្មភាពនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា កាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា។

ប៉ុន្តែសកម្មជនគណបក្សសង្គ្រោះជាតិ លោក ឈុំ សេរី សុខុម ក្នុងសម្តីលាតត្រដាងការពិតអំពីទំនាស់ក្នុងគណបក្សជាពិសេសរវាងទំនាស់ ទស្សនៈរបស់ លិម គិមយ៉ា ជាមួយនឹង សម រង្ស៊ី បានបញ្ជាក់ថា ឈ្មោះ លិម គិមយ៉ា មិនមែនជាមនុស្សដ៏អស្ចារ្យមានស្នាដៃគួរឱ្យចាប់អារម្មណ៍ នោះទេ ហើយឈ្មោះ លិម គិមយ៉ា នោះក៏មិនមែនល្បីល្បាញដែលធ្វើឱ្យមានការចាប់អារម្មណ៍ដែរ។ ប៉ុន្តែលោក ឈុំ សេរី សុខុម បាននិយាយថា អ្វីដែលចាប់អារម្មណ៍នោះ គឺ លិម គិមយ៉ា នោះជាមនុស្សដែលក្បត់នឹង សម រង្ស៊ី។

សម្តីលាតត្រដាងអំពីទំនាស់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ ជាមួយនឹងការរៀបចំចង់ទម្លាក់កំហុសឱ្យមកលើគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចនេះ គឺដូចគ្នានឹងអ្វីដែលក្រុមគាំទ្រ សម រង្ស៊ី ធ្លាប់រៀបចំធ្វើសេណារីយ៉ូទុច្ចរិត ដើម្បីរកការចំណេញផលប្រយោជន៍នយោបាយ។

អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា លោកបានថ្លែងសង្ស័យថា វាជានយោបាយ <<ស្វាស៊ីបាយ លាបមាត់ពពែ>> ។ លោក សួន សេរីរដ្ឋា បានទម្លាយនូវអាថ៌កំបាំងមួយក្នុងពេលដែលលោកធ្លាប់សេពគប់ជាមួយ សម រង្ស៊ី កាលពីអតីតកាល។ លោកថ្លែងថា កាលពីក្រោយបោះឆ្នោតឆ្នាំ ២០១៣ រួបលោកត្រូវពួក សម រង្ស៊ី ធ្លាប់បានទាក់ទងល្បួងឲ្យចូលរួម ក្នុងផែនការមួយដើម្បីសម្លាប់ លោក កឹម សុខា ដើម្បីយកលេសទម្លាក់កំហុសលើគណបក្សប្រជាជនកម្ពុជា រួចឲ្យក្រុម សម រង្ស៊ី យកសព កឹម សុខា ធ្វើអាជីវកម្ម។

លោក សួន សេរីរដ្ឋា បន្តថា ក្រុមសម រង្ស៊ី និងក្រុម កឹម សុខា នេះថ្វីត្បិតតែចូលគ្នា ប៉ុន្តែមានការបែងចែកជំនាន់នោះគឺរវាងជំនាន់ចាស់ (សាធារណៈរដ្ឋ) និងជំនាន់ក្មេងស្រករក្រោយ។ លោក សួន សេរីរដ្ឋា បញ្ជាក់ថា ពួកគេមានចិញ្ចឹមកម្លាំងក្នុងប្រទេសថៃ និងកម្លាំងទាំងនោះ មានទិសដៅបង្កការអុកឡុក និងបង្កើតឧក្រិដ្ឋកម្ម ហឹង្សានិយម និងភេរវកម្មដូចគ្នា។

លោក សួន សិរីរដ្ឋា បានកត់សម្គាល់ថា លោក លិម គិមយ៉ា មុនចេញពីបារាំងមកប្រទេសថៃ ធ្លាប់មានទំនាស់ទស្សនៈប្រឆាំងជាមួយ សម រង្ស៊ី រឿងបង្កើតចលនាតស៊ូរំដោះជាតិ ដោយសារ លិម គិមយ៉ា យល់និងចាត់ទុកថាចលនានេះ គឺជាខុសច្បាប់ អាចក្លាយជាក្រុមភេរវកម្ម ប្រឆាំងរដ្ឋជាសមាជិក UN ។ ដូចនេះហើយទើប លិម គិមយ៉ា សម្រេចចិត្តមកប្រទេសថៃ ដើម្បីស្វែងរកការចូលរួមនយោបាយជាមួយគណបក្ស ដែលបង្កើតឡើងដោយក្រុមអតីតសង្គ្រោះជាតិ ។ លោក លិម គិមយ៉ា ត្រូវគេរាយការណ៍ថា គ្រោងនឹងជួបជាមួយលោក យ៉ែម ប៉ុញ្ញាឬទ្ធិ ដើម្បីចូលរួមធ្វើនយោបាយក្នុងគណបក្សនេះ។

លោក សួន សេរីរដ្ឋា បានទាញការសន្និដ្ឋានថា ករណីឃាតកម្មលើ លិម គិមយ៉ា គឺមានជាប់ទាក់ទងនឹងក្រុមជាកម្លាំងនៅលើទឹកដីថៃ ដែលជាក្រុមបង្កើតនិងចិញ្ខឹមដោយ សម រង្ស៊ី និង កឹមសុខា ដើម្បីរកការទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងនយោបាយ <<ស្វាស៊ីបាយ លាបមាត់ពពែ>>។

*** ហេតុអ្វីបានជាមេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី បង្កើតសេណារីយ៉ូ <<ស្វាស៊ីបាយ លាបមាត់ពពែ>>?

បើតាមការសន្និដ្ឋានរបស់អ្នកលេងបណ្តាញសង្គម កំពុងទទួលបានការចាប់អារម្មណ៍ ដោយសន្និដ្ឋានឈរនៅចំណុចកណ្តាល ហើយមិនបម្រើផលប្រយោជន៍នយោបាយណាមួយឡើយ៖

១៖ ចំពោះគណបក្សកាន់អំណាច បើនិយាយពីសម្លេងរិះគន់របស់លោក លិម គិមយ៉ា គឺគ្មានជាចំណុចអ្វីរសើបឡើយដល់គណបក្ស កាន់អំណាចឡើយ ព្រោះគណបក្សកាន់អំណាច មានអំណាចពេញដៃទៅហើយ សម្លេងរិះគន់លោក លិម គិមយ៉ា គឺតូចមែនទែន គ្មាននរណាសូវជាចាប់អារម្មណ៍គាត់ទេ ដូចនេះបុគ្គលនោះ មិនមែនជាឆ្អឹងទល់កររបស់គណបក្សកាន់អំណាចឡើយ។

លើសពីនេះទៅទៀត គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច រឹតតែមិនអាចបង្កបាតុភាពនេះបានទៀត ព្រោះពួកគណបក្សនេះ កំពុងត្រូវការប្រជាប្រិយភាព និងការគាំទ្រពីប្រជាជនចំពោះអ្នកបន្តវេនរបស់ពួកគេ ម៉្លោះហើយពួកគេមិនអាចធ្វើរឿងនេះបានឡើយ។ ពួកគេក៏ដឹងហើយ ថាលើលោកនេះគ្មានអ្វីអាថ៌កំបាំង ហើយក្រដាស់ក៏មិនអាចខ្ចប់ភ្លើងបានទេ។ ដូចនេះការស្លាប់របស់លោក លិម គិមយ៉ា គឺគ្មានបានជាផលប្រយោជន៍របស់ពួកគេ ឡើយពោលគឺមានតែខាតបង់ប្រយោជន៍ទៅវិញ។

២៖ បើនិយាយពីអតីតគណបក្សប្រឆាំងវិញ ពួកគេគ្រាន់តែបាត់បង់សមាជិកតែមួយរូបតែប៉ុណ្ណោះ ប៉ុន្តែការស្លាប់នេះ បានបង្កើននូវប្រជាប្រិយភាពពួកគេតាមរយៈ ចំណាប់អារម្មណ៍ប្រជាជនដែលយល់ច្រឡំថា ជាការធ្វើទុក្ខបុកម្នេញរបស់បក្សកាន់អំណាច ហើយអាចយកឱកាសនេះបំបាត់សម្លេងគាំទ្ររបស់បក្សកាន់អំណាច ហើយងាកមកចាប់អារម្មណ៍យុទ្ធសាស្ត្រផ្ការោយ ដែលកំពុងគ្មាន ប្រជាប្រិយភាពរបស់មេដឹកនាំគេវិញ។ ដូចនេះបើសិនជាការបំពង សម្លេងឃោសនាឱ្យសាធារណមតិជឿថា ឃាតកម្មនោះ គឺជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច គឺនឹងអាចទទួលបានប្រយោជន៍ធំ។

ទោះជាយ៉ាងណាក៏ដោយពេលវេលានេះ វាំងននអាថ៌កំបាំង បានរបើកដោយខ្លួនវាបន្តិចម្តងៗ ជាមួយនឹងការបង្ហាញឱ្យឃើញនូវស្រមោល របស់វាបន្តិចម្តងៗនៃទង្វើនយោបាយ <<សត្វស្វា ស៊ីបាយ លាប មាត់ពពែ>>។ នៅពេលដែលវាំងននអាថ៌កំបាំងចាប់ផ្តើមលាតត្រដាងដ៏ពេញ លេញរបស់វានោះហើយ គេពិតជានឹងឃើញថា វាជាឧបាយកលនៃគ្រោះថ្នាក់មួយរបស់ក្រុមជ្រុលនិយមដែលព្យាយាមចង់នាំ ប្រទេសដែលមានសន្តិភាព និងមានស្ថិរភាពនយោបាយឱ្យ ធ្លាក់ចូលក្នុងវិបត្តិចលាចលសាជាថ្មី៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...