(ភ្នំពេញ)៖ កម្មវិធីស្រូវមិត្តក្រៀល បានបង្កើតឡើង ក្នុងឆ្នាំ២០១៩ ដោយដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ដែលមានដីស្រែនៅជុំវិញ និងជាប់តំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងកិច្ចការងារអភិរក្សសត្វក្រៀល ក៏ដូចជារួមចំណែកក្នុងការបង្កើនជីវភាព ដល់សហគមន៍មូលដ្ឋាន។
កម្មវិធីនេះបានជំរុញទៅលើការដាំដុះពូជស្រូវប្រចំាតំបន់ និងប្រភេទស្រូវដែលក្រៀលចូលចិត្តស៊ី ដោយមិនប្រើប្រាស់ថ្នាំ និងជីគីមីកសិកម្មឡើយ។ កសិករកម្មវិធីស្រូវមិត្តក្រៀលយល់ព្រមក្នុងការរក្សាទុកស្រូវពី៥% ទៅ៥០% ក្នុងស្រែរបស់ពួកគាត់ សម្រាប់ជាចំណីបន្ថែមដល់សត្វក្រៀលនារដូវ ដែលវាមករកចំណីនៅតំបន់នេះ។ កសិករផលិតស្រូវមិត្តក្រៀលបានជាមធ្យមប្រមាណ ៣០០តោន ជារៀងរាល់ឆ្នាំ ព្រមទាំងធ្វើឱ្យមានតុល្យភាពនៃការអភិរក្សអេកូឡូស៊ីជាមួយនឹងកសិកម្មប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ថា សត្វក្រៀល (Antigone antigone sharpii) ត្រូវបានចាត់ថ្នាក់ចូលជាប្រភេទកំពុងទទួលរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមអង្គការ IUCN។ យោងតាមលទ្ធផលជំរឿនសត្វក្រៀលក្នុងឆ្នាំ២០២៣ សត្វក្រៀលមានចំនួន១៨០ក្បាល ត្រូវបានកត់ត្រា។ ក្នុងកំឡុងពេល១០ឆ្នាំចុងក្រោយនេះ ចំនួនរបស់សត្វក្រៀលត្រូវបានថយចុះក្នុងកម្រិតមួយដ៏គួរឱ្យព្រួយបារម្ភ ដោយសារតែការកើនឡើងនៃអត្រាការស្លាប់ និងការពងកូនមានកម្រិតបរាជ័យខ្ពស់។ កត្តាគំរាមកំហែងផ្សេងៗទៀតចំពោះសត្វក្រៀលមានដូចជា ការបាត់បង់ទីជម្រក ការរំខានដល់ការពងកូន ការបំពុលដែលបណ្តាលមកពីការប្រើថ្នាំគីមីកសិកម្មលើសកម្រិត កង្វះចំណី ការបរបាញ់ ការប្រែប្រួលវដ្ដទឹក និងកត្តាបម្រែបម្រួលអាកាសធាតុជាដើម។
តំបន់ការពារទេសភាពអន្លង់ព្រីង មានទីតាំងស្ថិតខេត្តកំពត ជាតំបន់ដីសើមដ៏មានសក្តានុពលមួយ ជួយទ្រទ្រង់ ទៅដល់ការរស់នៅរបស់សត្វក្រៀលយ៉ាងតិច ៣៥% នៃចំនួនក្រៀលដែលមានទាំងអស់ នារដូវមិនបន្តពូជ។ ទោះយ៉ាងណាក៏ដោយ សត្វក្រៀលដែលមករកចំណីនៅក្នុង និងជុំវិញតំបន់ខាងលើនេះ នៅតែបន្តរងការគំរាមកំហែងពីសកម្មភាពមួយចំនួនដូចជា ការបម្លែងទីជម្រក កង្វះចំណី និងការបំពុលបណ្តាលមកពី ការប្រើប្រាស់ថ្នាំនិងជីគីមីកសិកម្មលើសកម្រិតទៅលើដំណាំ។
ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ក្រសួងបរិស្ថាន បានផ្តួចផ្តើមបង្កើតកម្មវិធីស្រូវមិត្តក្រៀលក្នុងឆ្នាំ២០១៩ឡើង ដោយសហការជាមួយ អង្គការជីវិតធម្មជាតិនៅកម្ពុជា ដែលក្នុងនោះមានលក្ខខណ្ឌចំនួន១២ ត្រូវបានកំណត់យកក្នុងការចង្អុលបង្ហាញកម្មវិធីស្រូវមិត្តក្រៀល ដែលធ្វើឡើងដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ដែលកាត់បន្ថយការគំរាមកំហែង និងការបះពាល់ដល់ប្រភេទសត្វក្រៀល។
ដើម្បីបង្កើនការគាំទ្រនិងការចូលរួមពីសហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរថែមទៀតនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានបន្ថែមកិច្ចសហការជាមួយវិស័យឯកជនពិសេស <<ក្រុមហ៊ុនដាវ៉ាន់>> ក្នុងទិសដៅជំរុញ និងពង្រីកទីផ្សារអង្ករមិត្តក្រៀល ឱ្យបានទូលំទូលាយថែមទៀត តាមរយៈ <<ផ្សារដាវ៉ាន់>> ដែលបានចូលរួមផ្សព្វផ្សាយ និងចែកចាយអង្ករមិត្តក្រៀលនេះទាំងដុំទាំងរាយ។
កិច្ចសហការនេះមិនត្រឹមតែជាផ្នែកមួយដែលជួយធ្វើឱ្យប្រសើឡើងនូវជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងជួយគាំទ្រដល់ការអនុវត្តបច្ចេកទេសកសិកម្មប្រកប ដោយនិរន្តរភាព ដែលជួយទ្រទ្រង់ដល់សុខមាលភាពសាធារណៈផងដែរ។ អង្ករមិត្តក្រៀល គឺជាអង្ករម្លិះក្រហមដែលមានគុណភាពល្អ និងផ្តល់ផលប្រយោជន៍ដល់អ្នកបរិភោគ ដល់កសិករ និងដល់ធម្មជាតិ។
<<សត្វក្រៀល គឺជានិមិត្តរូបនៃមោទនភាពរបស់ប្រជាជាតិយើង ហើយអង្ករមិត្តក្រៀលទៀតសោតគឺតំណាងនៃគំរូអាជីវកម្ម ដែលផ្សាភ្ជាប់ជាមួយបេសកកម្មក្នុងការអភិរក្សប្រភេទសត្វដ៏កម្រមួយនេះ>>៕