(វ៉ាស៉ីនតោន)៖ មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោក Edmundo Gonzalez ដែលអះអាងថា បានឈ្នះការបោះឆ្នោតប្រធានាធិបតីខែកក្កដា និងត្រូវបានប្រទេសជាច្រើនទទួលស្គាល់ជាប្រធានាធិបតីជាប់ឆ្នោត បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា លោកបានជួបប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយបាននិយាយគ្នាជាមួយទីប្រឹក្សាសន្តិសុខ របស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ ២០២៥។
ស្របពេលដែលពិធីស្បថចូលកាន់តំណែងអាណតិ្តទី ៣របស់លោក Nicolas Maduro ប្រធានាធិបតីកំពុងកាន់អំណាច ត្រូវធ្វើឡើងនាថ្ងៃទី១០ ខែមករា លោក លោក បៃដិន បានបង្ហោះសារលើបណ្តាញសង្គម X ថា <<លោក Gonzalez គួរតែស្បថចូលកាន់តំណែងក្នុងរយៈពេល ៤ថ្ងៃ>>។
លោក Gonzalez ដែលធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោន មុនពេលលោក Maduro ស្បថចូលកាន់តំណែង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា <<យើងមានការសន្ទនាដ៏យូរ ប្រកបដោយផ្លែផ្កា និងស្និទ្ធស្នាលជាមួយប្រធានាធិបតី បៃដិន និងក្រុមការងាររបស់គាត់>>។ បន្ទាប់មកលោក Gonzalez បានឱ្យដឹងតាមបណ្តាញសង្គម X ថា <<លោកមានកិច្ចប្រជុំយូរជាមួយ លោក Mike Waltz ទីប្រឹក្សាសន្តិសុខជាតិនៃអនាគតរដ្ឋបាលលោក ត្រាំ។ ក្នុងចំណោមបញ្ហាជាច្រើនដែលយើងបាននិយាយគ្នា គឺផែនការតវ៉ារបស់ពលរដ្ឋវ៉េណេស៊ុយអេឡា នៅថ្ងៃទី៩ ខែមករា>>។
គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Maduro ត្រូវបានទទួលស្គាល់ដោយតុលាការកំពូល និងអាជ្ញាធររៀបចំការបោះឆ្នោតថាជាអ្នកឈ្នះ។ រដ្ឋាភិបាលលោក Maduro បាននិយាយម្តងហើយម្តងទៀតថា ការចាប់ខ្លួនលោក Gonzalez ដែលរស់នៅនិរទេសខ្លួនក្នុងប្រទេសអេស្ប៉ាញ នឹងត្រូវធ្វើឡើង ប្រសិនបើមេដឹកនាំបក្សប្រឆាំងរូបនេះ ត្រលប់ចូលស្រុកវិញ៕