(ហាមីលតុន)៖ សហគមន៍ខ្មែរប្រចាំតំបន់៥ នៃប្រទេសនូវែលសេឡង់ បានប្រារព្ធពិធីជួបជុំមហាគ្រួសារខ្មែរ ក្នុងឱកាសរំលឹកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) ក្រោមអធិបតីភាពលោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។
កម្មវិធីនេះមានការចូលរួមពីបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ សមាជិកគណៈកម្មការកណ្ដាល ប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ លោកបណ្ឌិត កៅ ថាច សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់៥ នៃប្រទេសអូស្ត្រាលី និងនូវែលសេឡង់ រួមជាមួយប្រធានគណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងហាមីលតុន, ប្រធានសមាគមខ្មែរនូវែលសេឡង់ និងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងតំបន់៥ មកទីក្រុងអូកលែន ហាមីលតុននិងហុកស្បេប្រមាណជិត៣០០នាក់។
បន្ទាប់ពីមតិស្វាគមន៍របស់លោកបណ្ឌិត គឹម សន្តិភាព និងលោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ថ្លែងទៅកាន់បងប្អូនសមាជិកសមាជិការួចមក លោកមបណ្ឌិត កៅ ថាច បានធ្វើចំណាប់អារម្មណ៍ ចេញពីបេះដូងក្នុងនាមជាប្រជាពលរដ្ឋ ដែលបានឆ្លងកាត់ភ្លើងសង្គ្រាម ភាពវេទនា ជាពិសេសក្នុងសម័យ ប៉ុល ពល ៣ឆ្នាំ៨ខែ២០ថ្ងៃ។ គុណបុណ្យថ្ងៃរំដោះ៧មករា៧៩ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានរួចផុតពីទុក្ខវេទនា និងនាំប្រទេសកម្ពុជា មានការអភិវឌ្ឍ និងមានសន្តិភាព ស្ថិរភាពមកដល់បច្ចុប្បន្ននេះ។
បន្ថែមលើនេះ លោកបណ្ឌិត កៅ ថាច បានរំលឹកអំពីឧបការគុណរបស់គណបក្សប្រជាជនកម្ពុជា និងថ្ងៃរំដោះ៧មករា៧៩ ជូនដល់សមាជិក សមាជិកាទាំងអស់ឱ្យបា ជ្រួតជ្រាបបន្ថែមទៀតអំពីថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាទិវាមហាជ័យជម្នះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត ហើយក្នុងនោះប្រទេសកម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ក្នុងន័យនេះប្រជាជនកម្ពុជាទូទាំងប្រទេសបានប្រសិទ្ធនាមថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ថាជាថ្ងៃកំណើតទី២របស់ខ្លួន ហើយកំណត់នូវគោលជំហរយ៉ាងច្បាស់ថា <<បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ>>។
ដោយឈរលើមូលដ្ឋាននៃការពង្រីកជ័យជម្នះ៧មករា ឆ្ពោះទៅមុខឥតឈប់ឈរ សាធារណរដ្ឋប្រជាមានិតុកម្ពុជា ដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រចំនួ៤ គឺ៖ទី១-បានរំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត ដ៏សែនមហាឃោឃៅ យង់ឃ្នង និងទប់ស្កាត់របបអន្យតិរ្ថិយនេះមិនឲ្យវិលត្រឡប់មកកម្ពជាជាលើកទី២។ទី២-បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវបានបន ប៉ុល ពត កំចាត់បង់ក្នុងរបប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃរបស់ពួកវាទៅហើយ។ទី៣-បានស្តារ និងកសាងខឿនសេដ្ឋកិច្ចជាតិ ឲ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក។ទី៤-បានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបាន ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
ដូចនេះ រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃ៧មករា ជារៀងរាល់ឆ្នាំជា <<ទិវាបុណ្យ>> ព្រមទាំងអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករក្នុងព្រះរាជាណាចក្រកម្ពុជា បានឈប់សំរាកចំនួន១ថ្ងៃ ក្នុងឱកាសទិវាបុណ្យនេះ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ និងបានធ្វើការគូសបញ្ជាក់ថា ៧ មករា គឺជារបស់ប្រជាជនកម្ពុជាទាំងមូល ៧ មករា មានសត្រូវតែមួយគត់ គឺបនប្រល័យពូជសាសន៍ ប៉ុល ពត។ បុគ្គលណាមួយប្រឆាំងនឹងស្មារតី៧ មករា គឺជាបក្ខពួករបស់ប៉ុល ពត ឬក៏យ៉ាងហោចណាស់ ពួកគេប្រឆាំង៧ មករា ដើម្បីផលប្រយោជន៍ខាងនយោបាយរបស់គណបក្សផងគេ នៅក្នុងពេលបោះឆ្នោតម្តងៗ។ សរុបមក៧ មករា ឆ្នាំ ១៩៧៩ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចមានអ្នកណាមកបំភ្លៃ បំផ្លើស បំភ្លេច ឬ បំផ្លាញបានឡើយ៕