​វិភាគអន្តរជាតិ៖ តើចិននឹងវាយតៃវ៉ាន់ នៅក្រោមអាណត្តិលោក ត្រាំ ឬ?

Posted By: RoogRog Robot | 26-Dec-2024 06:41:01

2024-12-26 09:34pm

(វ៉ាស៊ីនតោន)៖ នៅពេលលោក ស៊ី ជីនពីង ផ្ញើសារអបអរសាទរជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា ប្រធានាធិបតីចិនរូបនេះក៏បានបញ្ជូនសារទៅជាមួយផងដែរថា <<សហរដ្ឋអាមេរិក និងចិននឹងទទួលបានផលចំណេញពីកិច្ចសហប្រតិបត្តិការ ហើយខាតប្រយោជន៍ពីការប្រឈមមុខដាក់គ្នា។ លោក ដូណាល់ ត្រាំវិញដែលផ្ទុយពីលោក ចូ បៃដិន ដែលធ្លាប់និយាយថានឹងធ្វើអន្តរាគមន៍យោធាការពារតៃវ៉ាន់ ក្នុងករណីមាន ការវាយប្រហារពីចិន បានរិះគន់តៃវ៉ាន់ ហើយថែមទាំងធ្វើការអត្ថាធិប្បាយមួយចំនួនដែលហាក់បង្ហាញថារូបលោកនឹងមិនធ្វើអន្តរាគមន៍ការពារតៃវ៉ាន់ ពីការវាយប្រហាររបស់ចិននោះឡើយ។ ដូច្នេះជាមួយការវិលត្រឡប់មកវិញរបស់លោក ត្រាំ ថាតើចិនអាចនឹងគិតថាវាជាពេលដែលត្រូវប្រើកម្លាំងយោធាដែរឬក៏យ៉ាងណា ស្របពេលក្រុមមន្ត្រីអាមេរិក ធ្លាប់បានព្រមានថាចិនអាចនឹងត្រៀមលក្ខណៈរួចរាល់ដើម្បីវាយតៃវ៉ាន់នៅឆ្នាំ២០២៧។ ខាងក្រោមនេះគឺជាការយល់ឃើញ ផ្សេងៗគ្នារបស់ក្រុមអ្នកវិភាគ៖

* លោកស្រី Yun Sun ជាអ្នកវិភាគជាន់ខ្ពស់ និងជានាយកកម្មវិធីចិនមកពីវិទ្យាស្ថាន Stimson Centerលោកស្រី Yun Sun យល់ថាផែនការរបស់ចិនត្រៀមទុកសម្រាប់តៃវ៉ាន់ មិនមែនអាស្រ័យថាតើនរណាជាប្រធានាធិបតីអាមេរិកនោះទេ។ ក៏ប៉ុន្តែ ប្រសិនបើចិនមើលឃើញថាមានលទ្ធភាពខ្ពស់ដែលអាមេរិកគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ នោះប៉េកាំងអាចនឹងជ្រើសរើសប្រើប្រាស់កម្លាំងយោធា។ អ្នកវិភាគរូបនេះបន្ថែមថានៅក្រោមអាណត្តិជាប្រធានាធិបតីអាមេរិករបស់លោក ត្រាំ ចិននឹងកាន់តែមានឆន្ទៈលើការត្រៀមលក្ខណៈសម្រាប់ការប្រើកម្លាំងយោធា ខណៈសេណារីយ៉ូអាក្រក់កាន់តែផុសឡើងនៅក្នុងផ្នត់គំនិតរបស់ចិន។

* លោកស្រី Bonnie Glaser ជានាយកគ្រប់គ្រងកម្មវិធីឥណ្ឌូប៉ាស៊ីហ្វិកនៃវិទ្យាស្ថាន German Marshall Fund of the United Statesតាមលោកស្រី Bonnie Glaser ថាតើចិនអាចនឹងសម្រេចចិត្តវាយតៃវ៉ាន់ ឬក៏យ៉ាងណា? គឺវាអាស្រ័យលើកត្តាជាច្រើនរួមមានថាតើកងទ័ពរំដោះប្រជាជនចិន PLA មានសមត្ថភាពវាយតៃវ៉ាន់ ជាមួយការកាត់បន្ថយផលអាក្រក់ជះមកវិញ ឬផលវិបាកដែលគណបក្សកុម្មុយនិស្ដចិនអាចទទួលយកបាន បានដែរឬទេ? តើសហរដ្ឋអាមេរិកមានសមត្ថភាពដើម្បីការពារតៃវ៉ាន់ ហើយថាតើតៃវ៉ាន់អាចនឹងការពារខ្លួនឯងបានដែរឬទេ? ហើយថាតើសហរដ្ឋអាមេរិក ឬតៃវ៉ាន់ បាន ឬអាចនឹងធ្វើសកម្មភាពដែលលោក ស៊ី ជីនពីងចាត់ទុកថាជាការគំរាមកំហែងដល់អំណាចរបស់លោក និងឧត្តមភាពរបស់គណបក្សកុម្មុយនិស្ដចិន ដែរឬយ៉ាងណា?

* លោក Minghao Zhao ជាសាស្ត្រាចារ្យមកពីវិទ្យាស្ថាន Institute of International Studies នៃសាកលវិទ្យាល័យ Fudanលោក ដូណាល់ ត្រាំ មិនមានបំណងចង់ឃើញសង្រ្គាមធំរវាងចិន និងសហរដ្ឋអាមេរិកផ្ទុះឡើងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់នោះទេ។ ប៉ុន្តែ ប៉េកាំងនៅតែបារម្ភពីភាពខុសគ្នារវាងលោក ត្រាំ និងក្រុមមន្ត្រីសន្តិសុខជាតិកំពូលៗរបស់លោក ត្រាំ ដែលក្នុងនោះមានភាគច្រើនជាមនុស្សមានជំហរតឹងរ៉ឹងចំពោះចិន ហើយមានអ្នកខ្លះថែមទាំងជំរុញឱ្យមានការទទួលស្គាល់តៃវ៉ាន់ជាផ្លូវការខាងទូតទៀតផង។ លោក Minghao Zhao យល់ថាគោលដៅចម្បងរបស់ចិន គឺទប់ស្កាត់ឯករាជ្យភាព របស់តៃវ៉ាន់ ជាជាងការប្រើប្រាស់កម្លាំងយោធាជាក់ស្ដែងដើម្បីបង្រួបបង្រួម។ ដ្បិតជម្រើសប្រើកម្លាំងយោធា អាចធ្វើឱ្យចិនប្រថុយនឹងការខាតបង់យ៉ាងសម្បើម ហើយម្យ៉ាងវាក៏មិនមែនជាប្រយោជន៍របស់ចិននោះដែរ ក្នុងការចាប់ផ្ដើមសង្រ្គាមមុន នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ តែទោះជាបែបនេះក្ដី គេនៅតែត្រូវប្រុងប្រយ័ត្នពីលទ្ធភាពដែលជម្លោះអាចនឹងផ្ទុះឡើង។ តាមអ្នកវិភាគរូបនេះ ក្នុងអាណត្តិទី២របស់លោក ត្រាំ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនអាចនឹងដើរនៅលើផ្លូវដ៏លំបាក នៅចំពោះមុខហានិភ័យនៃសង្រ្គាមពាណិជ្ជកម្ម។ សង្រ្គាមពាណិជ្ជកម្មថ្មីណាមួយនឹងបង្កជាឧបសគ្គដល់កិច្ចសន្ទនាអាមេរិក-ចិន ហើយអាចបង្កឱ្យមានការយល់ច្រឡំ ឬការគណនាខុសដូចកាលពីអំឡុងអាណត្តិទី១ របស់លោក ត្រាំ ដែលនៅពេលនោះទំនាក់ទំនងការទូតរវាងមហាអំណាចទាំង២ ស្ទើរតែជិតដួលរលំទៅហើយ។

* លោក Bates Gill ជាអ្នកវិភាគជាន់ខ្ពស់មកពីវិទ្យាស្ថាន National Bureau of Asian Researchលោក Bates Gill បាននិយាយថាកត្តាដ៏សំខាន់ដែលនៅពីក្រោយការសម្រេចចិត្តរបស់ចិនប្រើកម្លាំងយោធាវាយតៃវ៉ាន់ នោះគឺការសម្រេចឱ្យបាននូវការត្រៀមលក្ខណៈ និងសមត្ថភាពរបស់ PLA ឱ្យប្រាកដថានឹងឈ្នះនៅក្នុងសង្រ្គាម។ ពិតណាស់ អ្វីដែលជាបញ្ហារបស់ចិន នោះគឺថាតើអ្វីទៅជាការឆ្លើយតបរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែសម្រាប់ពេលនេះលោក ស៊ី ជីនពីង ប្រហែលជាយល់ច្បាស់ថាសហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតបយ៉ាងខ្លាំងក្លា។ នៅក្នុងរយៈពេលខ្លី ឬមធ្យម ឬក៏រយៈពេល ៤ឆ្នាំទៅមុខនៃអាណត្តិជាប្រធានាធិបតីរបស់លោក ត្រាំ វាមើលទៅចិនទំនងជានឹងមិនប្រើកម្លាំងយោធាទេ ហើយក៏មិនមែនដោយសារតែ PLA មិនទាន់ត្រៀមលក្ខណៈរួចរាល់ ឬក៏ដោយសារលទ្ធភាពដែលសហរដ្ឋអាមេរិកអាចនឹងធ្វើអន្តរាគមន៍ នោះដែរ។ តែវាគឺដោយសារចិននៅមានជម្រើសជាច្រើនផ្សេងទៀត ដើម្បីដាក់សម្ពាធលើតៃវ៉ាន់ ដូចជាទណ្ឌកម្មសេដ្ឋកិច្ច ការធ្វើឱ្យតៃវ៉ាន់កាន់តែឯកោនៅលើឆាកអន្តរជាតិ និងការបង្កើនសកម្មភាពយោធានៅក្បែរតៃវ៉ាន់ ឬគេស្គាល់ថា <<យុទ្ធសាស្ត្រតំបន់ពណ៌ប្រផេះ>>។ តាមលោក Bates Gill ចិនអាចនឹងផ្លាស់ប្ដូរ ឬងាកចេញពីតាក់ទិកទាំងនេះ លុះត្រាតែមានសញ្ញាថាសហរដ្ឋអាមេរិកនឹងមិនធ្វើអន្តរាគមន៍ជួយតៃវ៉ាន់ឡើយ ឬក៏តៃវ៉ាន់ប្រកាសឯករាជ្យ ហើយកាន់តែសំខាន់ ប្រសិនបើតុល្យភាពយោធានៅអាស៊ីផ្អៀងទៅរកចិនពេញទំហឹង។

គួរបញ្ជាក់ថា តាមក្រុមអ្នកវិភាគ ចិនក៏មិនចង់ធ្វើសង្រ្គាមនៅតៃវ៉ាន់នោះដែរ ដូច្នេះប្រសិនបើលោក ត្រាំ ដើរតាមគោលនយោបាយចិនតែមួយ ឬមិនបង្កហេតុយោធាដូចជាការបញ្ជូនទ័ពទៅតៃវ៉ាន់ ឬមិនចូលរួមធ្វើសមយុទ្ធរួមគ្នាជាមួយតៃវ៉ាន់ទេ នោះចិនក៏អាចនឹងបន្តរស់នៅជាមួយស្ថានភាពដើមដូចសព្វថ្ងៃផងដែរ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...